ទស្សនវិជ្ជា ពីនេះ ពីនោះ

កម្រងអត្ថបទខ្លីៗ ប្រែសម្រួលដោយ សមាគមពន្លឺ

ហេតុអ្វីបានជា ការផ្លាស់ប្ដូរខ្លួនឯង ពិបាកម៉្លេះ?

ជាទូទៅ ជីវិតប្រចាំថ្ងៃ ធ្វើឲ្យធុញទ្រាន់ និង រារាំងយើងទៀត ។ តាមពិតទៅ យើងស្គាល់ប្រភព នៃ ការមិនពេញចិត្តខ្លួនឯង ហើយយើងក៏ចង់ផ្លាស់ប្ដូរ ៖ ផ្លាស់ប្ដូរទីលំនៅ ផ្លាស់ប្ដូរដៃគូស្នេហា ផ្លាស់ប្ដូរការងារ ព្រមទាំង ផ្លាស់ប្ដូររបៀបយល់ឃើញពិភពលោកទៀត … ក៏ប៉ុន្ដែ ជារឿយៗ យើងមិនកម្រើកទាល់តែសោះ ។ ហេតុអ្វី ? មានឧបសគ្គចំបងបី​ គឺ​ ៖ ទម្លាប់ ការភ័យខ្លាច និង ការរារែកមិនដឹងច្បាស់លាស់ថា តើយើងចង់បានអ្វី ។ កម្រងអត្ថបទនេះ នឹងជួយលោកអ្នក ប្រឈមមុខនឹងឧបសគ្គទាំងបីនោះ ។

សំបុត្រផ្ញើរឲ្យទស្សនាវដ្ដី Philosophie Magazine ដោយអ្នកអាន អំពីប្រធានបទ ៖ ហេតុអ្វីបានជា ការផ្លាស់ប្ដូរខ្លួនឯង ពិបាកម្ល៉េះ ?

«យើងច្រើនសម្រេចចិត្តថា ចង់ផ្លាស់ប្ដូរជីវិត នៅពេលដែលយើងឈប់សម្រាក ដូចនៅពេលវិស្សមកាលជាដើម ។ ក៏ប៉ុន្ដែ ក្រោយមក ជីវិតប្រចាំថ្ងៃ ដ៏មមាញឹករបស់យើង តែងតែនាំឲ្យយើងមិនអាចធ្វើតាមពាក្យសន្យារបស់យើងបានឡើយ ៖ ខ្ញុំជក់បារី ព្រោះតែខ្ញុំតប់ប្រមល់ ខ្ញុំញុាំផ្ដេសផ្ដាស ព្រោះតែខ្ញុំគ្មានពេលគ្រប់គ្រាន់ ឬ គ្មានកម្លាំងធ្វើម្ហូប ។»

«នៅពេលដែល ខ្ញុំធ្វើអ្វីមិនបាន ទៅតាមពាក្យសន្យាថាខ្ញុំនឹងផ្លាស់ប្ដូរខ្លួនឯង ខ្ញុំមានអារម្មណ៍ថា នេះជាបរាជ័យដ៏ធំមួយ ដែលបណ្ដាលឲ្យខ្ញុំភ្លេចទាំងស្រុង នូវការសប្បាយក្នុងការចាប់ផ្ដើមផ្លាស់ប្ដូរបន្ដិចម្ដងៗកន្លងមក ។ នៅពេលដែល គោលដៅខ្ញុំហាក់ដូចជា ឆ្ងាយទៅៗ ចាប់មិនបាននោះ សុច្ឆន្ទៈរបស់ខ្ញុំរលាយសាបសូន្យ តែម្ដង ។»

«គ្មានអ្វីចង្រៃជាងការបង្អែរបង្អង់មិនធ្វើអ្វីមួយភ្លាមនោះទេ ។ គ្មានថ្ងៃណាមួយ ដែលខ្ញុំមិនប្រាប់ខ្លួនឯង ថាត្រូវតែឈប់មើលហ្វេសប៊ុក ដើម្បីសរសេរសៀវភៅ ដែលខ្ញុំចង់សរសេរជាយូរណាស់មកហើយ ។ ក៏ប៉ុន្ដែ រៀងរាល់ថ្ងៃ ខ្ញុំបែរជាទប់ខ្លួនមិនបានសោះ នៅតែបន្ដធ្លាក់ខ្លួនជ្រៅទៅៗ ក្នុងការញៀនមើលហ្វេសប៊ុករបស់ខ្ញុំនេះ ។»

«ការផ្លាស់ប្ដូរខ្លួនឯង ពិបាកមែន ពីព្រោះ យើងតែងតែសួរខ្លួនឯងថា តើការសម្រេចចិត្តផ្លាស់ប្ដូរនេះ ត្រឹមត្រូវ និងមានន័យ ឬទេ ។»

«ការលំបាកក្នុងការសម្រេចចិត្ត ប្រហែលមកពីអត្ត (ego) របស់យើង ។ តើយើងមានបំណងផ្លាស់ប្ដូរមែនទែន នៅពេលដែលម្នាក់ៗ ជឿក្នុងចិត្តថា ខ្លួនឯង ល្អឥតខ្ចោះឬ ? យើងនិយាយថា យើងចង់កែលម្អខ្លួនឯង ប៉ុន្ដែ តាមពិតទៅ តើយើងចង់កែលម្អខ្លួនឯងមែនឬ ?»

«ផ្លាស់ប្ដូរខ្លួនឯង ជាការពិបាកមែន ពីព្រោះយើងត្រូវបោះបង់អ្វីមួយ ដែលជាអត្តសញ្ញាណរបស់ខ្លួន ហើយ លើសពីនេះទៅទៀត យើងក៏ត្រូវអះអាងថា ហេតុអ្វីយើងបានផ្លាស់ប្ដូរយ៉ាងនេះ នៅចំពៅះមុខអ្នកដទៃទៀតផង ។ ការដោះសាខ្លួនបែបនេះ នាំឲ្យទទួលស្គាល់នៅចំពោះមុខគេថា យើងខុសពីមុន ។»  

«ហេតុអ្វីបានជា ចាប់ផ្ដើមហាត់កីឡា ឈប់ជក់បារី ឬ ឈប់និយាយដើមគេ ពិបាកអ៊ីចឹង ? ពីព្រោះ ខ្ញុំមិនដាក់ចិត្តខំប្រឹងធ្វើរឿងនោះឡើយ ឬ មកពីខ្វះមធ្យោបាយដូចជាលុយ ឬពេលវេលា ជាដើម ។ ប៉ុន្ដែ ហេតុសំខាន់មួយទៀត គឺ ការចុះចាញ់តណ្ហារបស់យើង ធ្វើឲ្យយើងមួហ្មងផង សប្បាយផង ។»

«ជារឿយៗ សេចក្ដីក្លាហានតម្រូវឲ្យបោះបង់ចោល នូវទម្លាប់រស់ស្រួល ។ យើងហាក់ដូចជា ទាសករបម្រើ អ្វីដែលធ្វើទុក្ខបុកម្នេញដល់យើង ។»

«ការសម្រេចចិត្ត តម្រូវឲ្យបោះបង់ចោល នូវអ្វីដែលយើងចូលចិត្ត ដូចជា ជក់បារីជាដើម ។ បោះបង់ចោលទម្លាប់នេះ ហាក់ដូចជា បោះបង់ភាគមួយរបស់ខ្លួនឯងចោលអ៊ីចឹង ។ យើងប្រហែលក្លាយទៅជាមនុស្សចាស់ទុំផ្លូវគំនិត នៅពេលដែលវិចារណញ្ញាណ ឈ្នះតណ្ហារបស់យើង … ប៉ុន្ដែ ខ្ញុំនៅតែជឿយ៉ាងល្ងឹតល្ងង់ថា ខ្ញុំមានជីវិតអមតៈ ខ្ញុំមិនអាចស្រម័យថា ខ្ញុំអាចស្លាប់ដោយសារជក់បារី ពីព្រោះប្រឈមមុខនឹងសេចក្ដីស្លាប់ វា ពិបាកពេក ។»


អ្នកណាក៏ធ្លាប់សុបិនអាក្រក់ដូចនេះដែរ ៖ យើងត្រូវធ្វើអ្វីមួយ ដែលងាយស្រួលបំផុត ឧទាហរណ៍ ឡើងជណ្ដើរ ឬ ឆ្លងផ្លូវទៅជួបពួកម៉ាក ។ ប៉ុន្ដែ មានអ្វីមួយដ៏ចម្លែក ដែលឃាត់ឃាំងយើងធ្វើអ្វីៗមិនកើត ។ ដៃជើងរបស់យើងរឹងឆ្ដុប ហើយវាគ្រាន់តែកម្រើកតិចៗប៉ុណ្ណោះ ។ គោលដៅដ៏ងាយស្រួលនេះ ឃ្លាតឆ្ងាយទៅៗ រហូតដល់បាត់ស្រមោលអស់រលីង ។ ស្រាប់តែ នៅពេលនោះ យើងភ្ញាក់ឡើង ។ តាមពិតទៅ ជីវិតប្រចាំថ្ងៃរបស់យើង មានអ៊ីចឹងដែរ ហ្ន៎ ?

តាំងពីប៉ុន្មានឆ្នាំមុនមក យើងមានមធ្យោបាយកាន់តែច្រើនទៅៗ ដើម្បីផ្លាស់ប្ដូរជីវិតយើង ៖ យើងមានសិទ្ធិលែងលះគ្នា គ្មានអ្វីឃាត់យើងកុំឲ្យដូរការងារ ឬ យើងក៏អាចរកឱកាសមួយ ដើម្បីដូរផ្ទះទៅរស់នៅបរទេសផងដែរ ។ មនុស្សជាច្រើនចង់ផ្លាស់ប្ដូរជីវិតខ្លួនឯង ដើម្បីបំភ្លេច នូវកំហុស និង ការឈឺចាប់របស់ខ្លួន ឬ ក្នុងបំណងធ្វើអ្វីមួយថ្មីក្នុងជីវិត តែប៉ុណ្ណោះ ។ ទោះជាយា៉ងណាក៏ដោយ ក៏ហាក់ដូចជាមានអ្វីមួយ ដែលនៅឃាត់ឃាំងយើងជានិច្ច ។ មុននឹងលោតចូលក្នុងជីវិតថ្មី យើងច្រើនតែភ័យគាំងស្មារតីអស់ ។ ចន្លោះរវាង ភាពងាយស្រួល នៃការផ្លាស់ប្ដូរជីវិតទៅតាមអ្វីដែលយើចង់បាន និង ការលំបាកក្រៃលែងក្នុងការអនុវត្តការផ្លាស់ប្ដូរនេះ ជាប្រភព នៃការឈឺចាប់ដ៏ខ្លាំងក្នុងជីវិត ដូចសុបិនអាក្រក់អ៊ីចឹង ។

តាមពិត យើងរស់នៅក្នុងសម័យដ៏ស្មុគស្មាញមួយ ដែលនាំយើងឲ្យច្របូកច្របល់ ។ រហូតមកដល់សតវត្សរ៍ទី១៩ មនុស្សមានតួនាទីច្បាស់លាស់ក្នុងសង្គម ហើយកម្រមានសិទ្ធិទៅផ្លាស់ប្ដូរតួនាទី ដែលត្រូវបានកំណត់ឲ្យគេនោះទេ ។ ឧទាហរណ៍ នៅសម័យនោះ បើសិននារីម្នាក់មិនចង់រៀបការជាមួយបុរស ដែលឪពុកម្ដាយបានផ្គូផ្គងឲ្យ នារីនេះច្បាស់ជាប្រឈមមុខ នឹងបញ្ហាធ្ងន់ធ្ងរ ។ នៅសតវត្សរ៍ទី២០ ចលនាកុម្មុយនិស្ដ ដែលជឿថា អាចនាំមនុស្សឲ្យចេញផុតពីការគាបសង្កត់ បានកើតឡើង ហើយបាននាំឲ្យមនុស្សជាច្រើន មានការច្រួលច្របល់យ៉ាងខ្លាំង ។ សព្វថ្ងៃនេះ ខុសពីមុន ត្រង់ថា អ្វីៗដែលនៅជុំវិញយើង ប្រែប្រួលឥតឈប់ឈរ ដោយសារតែ ចង្វាក់នៃការវិវត្តផ្នែកបច្ចេកទេសនានា កាន់តែលឿនទៅៗ ។ ជាទូទៅ យើងតែងតែមានអារម្មណ៍ថា យើងគ្មានជម្រើសក្រៅពី ផ្លាស់ប្ដូរខ្លួនឯងជាដាច់ខាត ត្រូវតែយល់ព្រមដូរការងារជាញឹកញាប់ ។ល។ ប៉ុន្ដែ នៅពេលដែល អ្វីៗនៅជំវិញយើង ប្រែប្រួលឥតឈប់ឈរ យើងពិបាកសម្គាល់់ថា អ្វីជាការផ្លាស់ប្ដូរសំខាន់ ឬ មិនសំខាន់ នៅក្នុងជីវិតយើង ។

ទៅះជាយ៉ាងណាក៏ដោយ ក៏យើងមិនដែលខ្វះលេស ដើម្បីការពារខ្លួនកុំឲ្យផ្លាស់ប្ដូរ សូម្បីតែនៅពេលដែលយើងចង់ផ្លាស់ប្ដូរផងដែរ ។ តាមពិត យើងមិនដឹងចាប់ផ្ដើមយ៉ាងណា ឬមួយ យើងខ្លាចថា លទ្ធផលនៃការផ្លាស់ប្ដូរ អន់ជាងអ្វីដែលយើងបានគ្រងទុកជាមុន ឬ យើងខ្លាចក្លាយទៅជាមនុស្សផ្សេងមួយទៀត ។ អ្នកខ្លះទៀតក៏ជឿជាក់ថា គេមិនអាចផ្លាស់ប្ដូរ ឬ វាហួសពេលទៅហើយ ។

ប្រសិនបើយើងពិនិទ្យឲ្យបានសុីជម្រៅ យើងអាចយល់ឃើញថា មានឧបសគ្គចំបងបី គឺ​ ៖ ទម្លាប់ ការភ័យខ្លាច និង ការរារែក មិនដឹងច្បាស់លាស់ថា តើយើងចង់បានអ្វី ។ ដឹងខ្លួនអំពីប្រភពនៃបញ្ហា ដែលយើងកំពុងប្រឈមមុខ គឺជាការចាប់ផ្ដើមរកផ្លូវដំណោះស្រាយ ។

កែទម្លាប់បន្ដិចម្ដងៗ

ឧបសគ្គទីមួយ ចាក់ឫសយ៉ាងជ្រាលជ្រៅ នៅក្នុងរាងកាយរបស់យើង ហេតុនេះហើយដែលធ្វើឲ្យ យើង ពិបាកពុះពារ ។ ទម្លាប់ គឺ  ស្ទើរតែសម្គាល់ពីក្រៅមិនបាន ប៉ុន្ដែ វាបានក្លាយទៅជាកាយវិការស្វ័យប្រវត្តិ ហើយ ដែលចេញពីខ្លួនប្រាណរបស់យើង ដោយមិនដឹងខ្លួនទៀត ។ ទម្លាប់ដែលពិបាកប្ដូរជាងគេ គឺទម្លាប់ដែលមានឫសគល់ពីកុមារភាពមកម្លេះ ឬ មកពីការអប់រំ និង មជ្ឈដ្ឋាន ។ ដោយឡែក សង្គមវិទូ ព្យែរ ប៊ូរឌ្យើ (Pierre Bourdieu) លើកឡើង ក្នុងសៀវភៅ Le Sens pratique របស់គាត់ បោះពុម្ពនៅឆ្នាំ១៩៨០ ថា ទម្លាប់របស់មនុស្សម្នាក់ៗ មានឥទ្ធិពលខ្លាំង ទៅលើរបៀបគិត និង របៀបធ្វើរបស់មនុស្សម្នាក់ៗ ហើយបង្កើតរបាំងរឹងមាំនៅជុំវិញយើង ប៉ុន្ដែ តាមការពិត ទម្លាប់មួយចំនួន គឺ កំណត់ដោយ ឋានៈយើងនៅក្នុងសង្គម ។ ដោយសារតែយើងចង់ធ្វើតាមអ្នក ដែលមានឋានៈដូចគ្នាក្នុងសង្គម យើងដាក់របាំងខ្លួនឯងនៅជុំវិញយើង កុំឲ្យធ្វើនេះ ធ្វើនោះ ។ នេះជាហេតុដែលនាំឲ្យយើងជឿ ជារឿយៗ ថា ៖ «ខ្ញុំមិនអាចធ្វើអ៊ីចឹងបានទេ» ។ លើសពីនេះទៅទៀត គួរកត់សម្គាល់ថា ទម្លាប់ថ្មីលូតលាស់ឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ប៉ុន្ដែ វាចាក់ឫសក្នុងខ្លួនយើងអស់រយៈពេលដ៏យូរអង្វែង ហើយជួនកាល ទម្លាប់រឹងមាំជាងការប្ដេជ្ញារបស់យើងទៅទៀត ។

តើឆន្ទៈ អាចប្រឆាំង នឹងទម្លាប់របស់យើងបានដែរឬទេ ? មិនស្រួលទាល់តែសោះ ។ ឧទាហរណ៍ យើងដឹងទាំងអស់គ្នាថា ត្រូវតែផ្លាស់បប្ដូរទម្លាប់របស់យើងភ្លាមៗ បើយើងចង់ដោះស្រាយបញ្ហាបរិដ្ឋានដ៏ធ្ងន់ធ្ងរ ដែលពិភពលោកកំពុងប្រឈមមុខ ។ ក៏ប៉ុន្ដែ យើងបែរជាមិនកម្រើកទាល់តែសោះ ។ យើងមិនចង់បោះបង់ចោលទម្លាប់ជិះឡានទៅធ្វើការ ឬ យើងមិនសូវព្រមញ៉ំាសាច់តិចជាងមុន ។ ដូច្នេះហើយ យើងអាចសង្កេតឃើញយ៉ាងច្បាស់ក្រឡែតថា ៖ ឆន្ទៈមួយមុខ មិនគ្រប់គ្រាន់ទេ ដើម្បីផ្លាស់ប្ដូរជីវិត ។ មធ្យោបាយមួយ ដែលមានប្រសិទ្ធិភាព ដើម្បីងាកខ្លួនចេញពីទម្លាប់ចាស់ទាល់តែបាន គឺបង្កើតទម្លាប់ថ្មី យ៉ាងរីករាយ ឆ្ពោះទៅរកសេរីភាព ទៅតាមការសម្រេចចិត្តរបស់ខ្លួនផ្ទាល់ ជាបណ្ដើរៗ ។ ផ្លូវនេះ ជាផ្លូវកែទម្លាប់ តាមរយៈការហាត់​ ជាប្រចាំថ្ងៃ ។ ដើរតាមផ្លូវនេះ មិននាំឲ្យមានការផ្លាស់ប្ដូរភ្លាមៗដូចបដិវត្តន៍ទេ ពីព្រោះ ផ្លូវនេះជាផ្លូវនៃការកែទម្រង់ ។

លះបង់នូវអ្វីៗចោលទាំងអស់ ហើយ ចាកចាញ

ឧបសគ្គទីពីរ ដែលរារាំងមិនឲ្យយើងផ្លាស់ប្ដូរ គឺ ការភ័យខ្លាច ។ យើងខ្លាចផលវិបាក ពីព្រោះ ជួនកាល សង្គមហាមមិនឲ្យផ្លាស់ប្ដូរ ឬ អ្នកដទៃច្រើនមើលងាយ អ្នកណាដែលមិនចុះសម្រុងនឹងសង្គម ។ ដោយឡែក ប្រជាជនណាដែលរស់នៅក្រោមរបបផ្ដាច់ការ ដឹងច្បាស់ថា ការងើបឡើងប្រឆាំងនឹងអំពើពុករលួយ ឬ ប្រឆាំងនឹងការបំពាន ប្រកបដោយគ្រោះថ្នាក់ដល់អាយុជីវិត ។ ជាទូទៅ យើងខ្លាចយោបល់របស់អ្នកដទៃ ជាពិសេសអ្នកស្និតស្នាល ។ អ្នកខ្លះក៏ខ្លាចថា អនាគតខុសពីអ្វីដែលគេបានព្រាងទុកជាមុន ពីព្រោះ គ្មាននរណាអាចធានាថា ការផ្លាស់ប្ដូរនឹងនាំមកនូវលទ្ធផលដែលគេចង់បានមែននោះទេ ។ បើតាមគ្រូពេទ្យចិត្តសាស្ត្រ ហ្សង់ កូត្រូ Jean Cottraux អ្នកខ្លះទៀត ជាប់នឹងតួនាទីផ្សេងៗក្នុងសង្គម ដូចអ្នករងគ្រោះជាដើម ។ បទពិសាធន៍ដដែលៗក្នុងជីវិតកាលពីមុន អាចក្លាយទៅជាបណ្ដាសាទៅវិញ ដែលជួនកាលអាចរារាំងអ្នកខ្លះដែលចង់ផ្លាស់ប្ដូរ ។

ផ្ទុយទៅវិញ អ្នកខ្លះ ចាត់ទុកថា ថ្នាំល្វីងជាងការឈឺចាប់ដែលបណ្ដាលមកពីជម្ងឺ ហើយ ក៏ទទួលស្គាល់ ព្រមទាំងទទួលយក ការភ័យខ្លាចរបស់ខ្លួន ។ ឧទាហរណ៍ ទស្សនវិទូ ម៉ុងតែញ (Montaigne) មិនព្រមប្ដូររបៀបទទួលទានអាហារ ដើម្បីព្យាបាលជម្ងឺតម្រងនោមរបស់គាត់ ។ គាត់និយាយថា ៖ «មានរោគឈឺចុកតម្រងនោមផង តមញុំាខ្យងស្មិតផង នេះគឺជាការឈឺចាប់គុណនឹងពីរ» ។ គាត់ចាត់ទុកថា បច្ចុប្បន្នកាល សំខាន់ជាងអនាគត ។

ចំពោះអ្នកណាដែលចង់ចេញផុតពីការភ័យខ្លាច មានមធ្យោបាយមួយ គឺ បើកទំព័រថ្មី តែម្ដង ។ ឧទាហរណ៍ សម្រេចចិត្តទៅលើអ្វីមួយយ៉ាងដាច់ស្រឡះ លាលែង ឬ ចាកចេញឲ្យឆ្ងាយ ។ល។ ការបើកទំព័រថ្មីមួយ អាចធ្វើឡើងជាលក្ខណៈរួម ដែលមានទម្រង់បដិវត្តន៍ ឬ អាចធ្វើឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គល ប៉ុន្ដែ ការប្រថុយបែបនេះ តែងតែពោរពេញទៅដោយគ្រោះថ្នាក់ជាមិនខាន ។  ផ្លូវនេះក៏អាចនាំការឈឺចាប់ ហើយ ប្រសិនបើមិនបានសម្រេចទៅតាមគម្រោងទេ អាចបណ្ដាលឲ្យវិលត្រឡប់ទៅរកស្ថានភាពដើមវិញ អាក្រក់ជាងមុនទៀត ។ ប៉ុន្ដែ ក្នុងការណីខ្លះ ផ្លូវនេះ គឺជាផ្លូវសល់ចុងក្រោយ ក្រែងបានសេចក្ដីគោរព និង សេចក្ដីថ្លៃថ្នូរមកវិញ ។

ស្វែងរកអ្វីដែលយើងចង់បាន និង អ្វីដែលយើងចង់ធ្វើ

ជារឿយៗ យើងមានអារម្មណ៍ថា យើងខិតខំរស់នៅ ដើម្បីបំពេញចិត្តរបស់មនុស្សដែលនៅជំវិញខ្លួន និង ទៅតាមការរំពឹងទុកនៃសង្គម ជាជាងរស់ទៅតាមរបៀបដែលយើងបានជ្រើសរើស ។ យូរៗទៅ យើងមិនពេញចិត្តខ្លួនឯង ហើយ មានអារម្មណ៍ថា ត្រូវតែផ្លាស់ប្ដូរអ្វីមួយ កុំឲ្យកើតជម្ងឺលោកនិរាស (រោគសរសៃប្រសាទលេលាគិតផ្សេងធ្វើផ្សេង schizophrénie) ។ បើកាលណា យើងដឹងខ្លួននោះ ទើបយើងប្រឈមមុខនឹង ឧបសគ្គទីបី គឺ យើងស្ទាក់ស្ទើរ មិនសូវដឹងច្បាស់លាស់ថា តើយើងចង់ដើរទៅតាមទិសដៅអ្វី ហើយ តើយើងត្រូវផ្លាស់ប្ដូររបៀបណាដែរ ដើម្បីរកឃើញអ្វី ដែលយើងចង់បាន និង អ្វីដែលយើងចង់ធ្វើក្នុងជីវិត ។

ឧទាហរណ៍ បើមិនសូវត្រូវគ្នានឹងបងប្អូនម្នាក់តាំងពីយូរ តើគួរតែប្រទល់មុខគ្នា ដើម្បីបង្គោះបង្កៀរបញ្ហាក្នុងចិត្តឲ្យអស់​ ទោះប្រហែលត្រូវផ្ដាច់ព្រាត់ពីគ្នា ឬ រកផ្លូវផ្សះផ្សាគ្នា ដោយលើកលែងទោស ហើយ សម្រួលចិត្តទៅតាមហ្នឹងឬ ? ឧទាហរណ៍មួយទៀត តើគួរតែឈប់ដើរលេង ដើម្បីនៅផ្ទះមើលថែកូនរហូត ឬ ឈប់ជឿថា កូនមិនអាចរស់បាន បើមិនពឹងផ្អែកលើឪពុកម្ដាយជារាងរហូត ? មនុស្សយើងម្នាក់ៗ មានសេចក្ដីប្រាថ្នាផ្សេងៗ និង មានបដិវាទកម្ម (contradictions) ក៏អាចថាបាន ។ ជារឿយៗ យើងពិបាកកំណត់ថា តើគួរសម្រេចចិត្តយ៉ាងដូចម្ដេចដែរ ដើម្បីរកសុភមង្គល ។ នៅពេលនោះ ផ្លូវដែលស្រួលជាងគេ គឺ មិនសម្រេចចិត្តអ្វីសោះ ពោល គឺ អណ្ដែតត្រសែតទៅតាមទិស ដែលទាញយើងខ្លាំងជាងម្ខាងទៀត ។ ផ្លូវនេះស្រួលមែន ប៉ុន្ដែ ក៏អាចបណ្ដាលឲ្យឈឺចាប់ផងដែរ ។

អ្នកចិត្តវិភាគ ហ្សាក់ ឡាកង់ (Jacques Lacan) បានលើកឡើងថា ៖ «រឿងតែមួយ ដែលយើងគួររអៀសខ្លួន (…) គឺ ការចុះញ៉ម នៅចំពោះមុខចំណង់» ។ ឃ្លានេះ គ្មានន័យថា ត្រូវតែផ្ដល់អាទិភាពទៅលើចំណង់ណា ដែលសំដៅទៅរកការសប្បាយ និង ចៀសវាងការឈឺចាប់ ជាមូលភាពតែមួយគត់ នៃ សីលធម៌ (désirs hédonistes) នោះទេ ។ ហ្សាក់ ឡាកង់ ចង់សំដៅទៅលើ ការស្វែងរក អញាណចិត្ត (inconscient) ដែល នាំផ្លូវឲ្យយើងដើរ ដោយយើងមិនដឹងខ្លួន ។

និយាយដោយសង្ខេប ដើម្បីប្រឈមមុខនឹងឧបសគ្គទីមួយ យើងអាចដើរតាមផ្លូវកែទម្រង់ គឺដូរទម្លាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត បន្ដិចម្ដងៗ ។ ដើម្បីប្រឈមមុខនឹងឧបសគ្គទីពីរ យើងអាចបើកទំព័រថ្មីមួយក្នុងជីវិត ដូចធ្វើដិវត្តន៍អ៊ីចឹង ។ ដើម្បីប្រឈមមុខនឹងឧបសគ្គទីបី ផ្ទុយទៅវិញ យើងអាចផ្លាស់ប្ដូរខ្លួនឯង ដោយ ស្វែងរកសេចក្ដីស្មោះត្រង់នឹងខ្លួនឯង ។ ប៉ុន្ដែ អត្តសញ្ញាណខ្លួនឯងនេះ មិនមែនត្រឹមតែស្ថិតក្នុងន័យសម្គាល់ខ្លួន ទៅតាមក្របខ័ណ្ឌនយោបាយ ឬ វប្បធម៌នោះទេ ពោលគឺ រកចម្លើយទៅនឹងសំនួរ ៖ តើខ្ញុំជានរណា ?


ផ្លូវទីមួយ ៖ ហាត់

អ្នកនិពន្ធ ដុសស្ដយយ៉េវស្គី (Dostoïevski) បានសរសេរថា ៖ «ជាទូទៅ តំណាក់កាលទីពីរនៃជីវិតមនុស្ស បណ្ដាលមកពីទម្លាប់ ដែលមនុស្សបានចាប់ផ្ដើមមាន នៅក្នុងតំណាក់កាលទីមួយនៃជីវិត» ។

ជួនកាល ទម្លាប់ ចេញពីគំនិត ឬ ពីការសម្រេចចិត្ត របស់យើង ក៏ប៉ុន្ដែ ក្រោយមក វាចូលក្នុងសរសៃឈាម បន្ដិចម្ដងៗ ហើយក្លាយទៅជា កាយវិការស្វ័យប្រវត្តិ ។ ឧទាហរណ៍ នៅពេលដែលយើងដើរតាមផ្លូវថ្មីមួយ យើងតែងតែឆ្ងល់នេះ ឆ្ងល់នោះ មានអ្វីជាច្រើនគួរឲ្យចាប់អារម្មណ៍ ប៉ុន្ដែ បើយើងដើរតាមផ្លូវថ្មីនេះរាល់ថ្ងៃ អស់រយៈពេលពីរអាទិត្យ ជើងរបស់យើងដើរថ្នឹក ហើយភ្នែកយើងមិនសម្គាល់អ្វីថ្មីទៀតទេ ពោលគឺ ពេលនោះ មនុស្សភាគច្រើន មិនចាប់អារម្មណ៍ទៅលើសម្ផស្សនៃទេសភាពទៀតទេ ។ អ្វីដែលចម្លែកមែនទែន គឺ មនុស្សក៏អាចធ្លាប់ស្ទើរតែ អ្វីៗទាំងអស់ ដូចជា ដេកមិនគ្រប់គ្រាន់ ធ្វើការហត់ពេក ។ល។ នៅក្នុងការណីខ្លះ សូម្បីតែអំពើដ៏សាហាវឃោឃៅ ក៏អាចក្លាយទៅជាទម្លាប់សាមញ្ញផងដែរ ជាពិសេសនៅពេលមានសង្គ្រាម ។

ជាក់ស្ដែង ទម្លាប់ភាគច្រើន ហាក់ដូចជា កាយវិការ ដែលសមស្របទៅនឹងសីលធម៌ និង ទំនៀមទម្លាប់ក្នុងសង្គម ។ ក៏ប៉ុន្ដែ បើពិនិត្យឲ្យជ្រៅទៅ យើងអាចយល់ឃើញថា ទម្លាប់ក៏សណ្ដំឆន្ទៈរបស់យើងផងដែរ ។ លើសពីនេះទៅទៀត ក្នុងការណីខ្លះ ទម្លាប់អាចក្លាយទៅជាលេស ដើម្បីចៀសវាងការទទួលខុសត្រូវ ។ ឧទាហរណ៍ បើមនុស្សប្រមឹកម្នាក់ ប្រព្រឹត្តកំហុសមួយដ៏ធ្ងន់ធ្ងរនៅកន្លែងធ្វើការ គេអាចលើកឡើងថា គាត់មិនអាចទទួលខុសត្រូវបានទេ ពីព្រោះ នៅពេលនោះ គាត់ស្រវឹង ហើយ គាត់ប្រហែលមិនបានដឹងខ្លួនទៀត អំពីអ្វីដែលគាត់បានធ្វើនោះ ។ ប៉ុន្ដែ ក្នុងសៀវភៅ សីលធម៌ របស់ នីកូម៉ាក (L’Ethique à Nicomaque) ទស្សនវិទូ អារីស្ដូត (Aristote) ដែលបានគិតពិចារណាទៅលើបញ្ហានេះយា៉ងដិតដល់ បានលើកឡើងថា មុនដំបូង អ្នកនេះមិនគួរផឹកស្រាច្រើនហួសហេតុ ធ្វើជាទម្លាប់របស់ខ្លួនទេ ដូច្នេះ គាត់គួរតែទទួលខុសត្រូវ ចំពោះផលវិបាក នៃទម្លាប់អាក្រក់របស់គាត់នេះ ។ ជាទូទៅ បើតាម អារីស្ដូត ទម្លាប់មិនគួរក្លាយទៅជាលេសមួយ ដើម្បីចៀសវាងការទទួលខុសត្រូវ ។

ម្យ៉ាងទៀត បើតាមទស្សនវិទូ ប៊ែរសុន​ (Bergson) ទម្លាប់ឃាត់ឃាំង កុំឲ្យយើងបង្កើត ឬ ឆ្នៃប្រឌិតអ្វីថ្មី ហើយ នាំឲ្យមនុស្សនឿយហត់ ធុញទ្រាន់ លែងចាប់អារម្មណ៍ទៅលើអ្វីៗទាំងអស់ ។ ទស្សនវិទូ ហេហ្គល  (Hegel) បានសរសេរ ផងដែរថា ៖ «អ្វីដែលបង្កើតសេចក្ដីស្លាប់ គឺទម្លាប់ក្នុងជីវិត ហើយបើតាមការសង្កេតឃើញ បែបអរូបី (abstrait) ទម្លាប់ គឺ សេចក្ដីស្លាប់ តែម្ដង» ។

តើមានផ្លូវអ្វីខ្លះ ដែលអាចបំបែកទម្លាប់បាន ? យើងច្រើនតែសង្ឃឹមថា យើងអាចបំបែកខ្សែច្រវាក់ នៃទម្លាប់ ភ្លាមៗ ជាពិសេស ទម្លាប់អាក្រក់ ។ ក៏ប៉ុន្ដែ ជាទូទៅ សេចក្ដីក្លាហានក្នុងមួយថ្ងៃ មិនអាចឈ្នះលើ កាយវិការប្រចាំថ្ងៃទេ ។ ដើម្បីងាកខ្លួនចេញពីទម្លាប់ចាស់បាន យើងអាចបង្កើតទម្លាប់ថ្មីជាបណ្ដើរៗ ពោលគឺ ជំនួសទម្លាប់មិនដឹងខ្លួនរបស់យើង ដែលធ្វើឲ្យយើងរងីរងើ ដោយទម្លាប់ថ្មី ដ៏រីករាយ ទៅតាមការសម្រេចចិត្តរបស់ខ្លួនផ្ទាល់ ។ ផ្លូវនេះ ជាផ្លូវលំហាត់ប្រចាំថ្ងៃ ដោយមានវិន័យ ។ ដូចអ្វីដែលទស្សនវិទូ ស្លូតែរដែក (Sloterdijk) បានឲ្យដឹងថា ការផ្លាស់ប្ដូរទម្លាប់ គួរតែចេញពីរាងកាយ ចេញពីការហាត់ចុះ ហាត់ឡើងៗវិញ ជាមុនសិន ។ យើងអាចចាប់ផ្ដើមបាន តាមរយៈរៀនភ្លេង ឬ គំនូរ ឬមួយ ហាត់កីឡា ឬធ្វើអ្វីផ្សេងទៀតក៏បានដែរ ។ នៅពេលនោះ ឆន្ទៈ ការតស៊ូ ភាពហ្មត់ចត់ និង ការទទួលខុសត្រូវ នឹងត្រឡប់មកវិញបណ្ដើរៗ កំដរទៅតាមការហាត់ជាប្រចាំ ។ ផ្លូវផ្លាស់ប្ដូរខ្លួនឯង តាមរយៈលំហាត់នេះ ជាវិធីពិតដ៏សាមញ្ញ ក៏ប៉ុន្ដែ វាអាចនាំយើងវិវត្តទៅឆ្ងាយបាន ៕


ការចែករំលែកបទពិសោធន៍ ៖

«ការហាត់កីឡាបានជួយខ្ញុំ ឲ្យដាក់កំហិត ដែលឆ្លើយតបទៅនឹងសមត្ថភាពរបស់ខ្ញុំ»

លោក យ័ន ឌីនីស (Yoann Diniz) ជាអត្តពលករ ជើងឯកពិភពលោក ឆ្នាំ២០១៧ ។ គាត់រៀបរាប់អំពីបទពិសោធន៍របស់ខ្លួន ៖

កុមារភាពខ្ញុំ មិនស្រួលប៉ុន្មានទេ ឪពុលម្ដាយមិនសូវមានពេលថែទាំខ្ញុំទេ ដូច្នេះ ពេលនោះ ខ្ញុំមានទម្លាប់អាក្រក់ជាច្រើន ដូចជាជក់គ្រឿងញៀនជាដើម ។ តាំងពីពេលនោះមក ខ្ញុំក៏មានទម្លាប់មួយទៀត គឺ នៅពេលដែលខ្ញុំធ្វើអ្វីមួយ ខ្ញុំតែងតែធ្វើគ្មានឈប់សម្រាក ។ ឧទាហរណ៍ នៅសកលវិជទ្យាល័យ ខ្ញុំមិនប្រឹងទាល់តែសោះ ទៅលើមុខវិជ្ជាណាដែលខ្ញុំមិនចូលចិត្ត ប៉ុន្ដែផ្ទុយទៅវិញ  ខ្ញុំរៀនមិនចេះឈប់ គ្មានពេលដកដង្ហើម ទៅលើមុខវិជ្ជាណាដែលខ្ញុំចូលចិត្ត ។ ពេលនោះ ខ្ញុំមិនដែលរកឃើញផ្លូវត្រឹមត្រូវអាចទទួលយកបាន ណាមួយឡើយ ។ ថ្ងៃមួយ នៅពេលដែលខ្ញុំកំពុងធ្វើការនៅរោងចក្រ ខ្ញុំបានចាប់ផ្ដើមគិតអំពីជីវិតខ្លួនឯង ហើយ បានសម្រេចចិត្តថា ខ្ញុំមិនអាចបន្ដធ្វេសប្រហែសយ៉ាងនេះទៀតទេ ។

ខ្ញុំ យកទូរស័ព្ទ ដើម្បីចុះឈ្មោះនៅក្លឹបកីឡាមួយ ។ តាមពិត តាំងពីតូចមក ខ្ញុំចូលចិត្តរត់ ដូច្នេះពេលនោះខ្ញុំគិតថា ខ្ញុំប្រហែលជាអាចជួបមនុស្សផ្សេងៗទៀត ដែលចូលចិត្តរត់ដូចខ្ញុំដែរ និង ប្រហែលអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនផងដែរ ។ នៅពេលដែលខ្ញុំបានចូលក្នុងក្លឹបនេះ ខ្ញុំបានយល់ឃើងថា ខ្ញុំមិនឯកកោទេ ព្រោះគ្រូបង្វឹក និង សមាជិក នៃក្លឹបនេះ មានគោលបំណងរួម ។ ពេលដែលខ្ញុំបានចាប់ផ្ដើមហាត់កីឡា ខ្ញុំគ្មានថ្ងៃ គ្មានយប់ទេ ប៉ុន្ដែ យូរៗទៅ ខ្ញុំបានចាប់ផ្ដើមរស់ដោយមានវិន័យ ដូចជា ចូលដេកពីព្រលប់ ក្រោកពីព្រលឹម មានលក្ខណៈនិយ័ត ទៀងទាត់ដូចនាឡិកា ។ ជាមធ្យម ស្ទើរតែរាល់ថ្ងៃ ខ្ញុំដើរ២ដង ដើរអស់រយៈពេល៥ម៉ោង ។ ខ្ញុំបានចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និង ថ្នាក់អន្ដរជាតិទៀត ប៉ុន្ដែ ដំបូង ខ្ញុំតែងតែហាត់ច្រើនពេក គ្មានថ្ងៃសម្រាក ហេតុនេះហើយ បានបណ្ដាលឲ្យខ្ញុំកើតជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ (dépression) ។

ប៉ុន្មានឆ្នាំក្រោយមក ទើបតែយល់កំហុសរបស់ខ្ញុំ ហើយ ដឹងខ្លួនថា អ្វីដែលសំខាន់ជាងគេ មិនមែនការហាត់រត់ទេ ពោលគឺ ការតស៊ូផ្លូវគំនិត និង ផ្លូវចិត្ត ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានឈប់គិតតែអំពីការហាត់រត់ ខ្ញុំបានទៅជួបពេទ្យចិត្តសាស្ត្រ ហើយ ខ្ញុំបានមើលសៀវភៅជាច្រើន ។ ខ្ញុំបានធ្វើលំហាត់ផ្សេងៗទៀតក្រៅពីរត់ ដើម្បីរៀនស្គាល់ខ្លួនឯង ។ ទោះបីខ្ញុំនៅសល់ផ្លូវបោះជំហានទៅមុខទៀតក៏ដោយ ឥឡូវនេះ ខ្ញុំធូរហើយៗ ក៏មិនសូវមានបញ្ហាធ្វើអ្វី ដោយហួសហេតុពេកដូចពីមុនទេ ។ ខ្ញុំនៅតែមានសង្ឃឹមថា អាចឈ្នះមេដាយអូឡាំពិកទៀតផងដែរ ៕

ការចែករំលែកបទពិសោធន៍មួយទៀត ៖

«ហាត់លេងហ្គីតាឡើងវិញ បានជួយខ្ញុំឲ្យរួចផុតពីជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ (dépression)»

នៅឆ្នាំ២០១៥ ពេលខ្ញុំបានដូរផ្ទះមកស្នាក់នៅទីក្រុងប៉ារីស៍ ដើម្បីបន្ដការសិក្សារបស់ខ្លួន បុរសម្នាក់បានវាយ និង រំលោភខ្ញុំ ។ ខ្ញុំក៏ធ្លាក់ខ្លួនឈឺបាក់ទឹកចិត្តធ្ងន់ធ្ងរភ្លាម ។ ខ្ញុំដេកមិនលក់ មិនហ៊ានជួបពួកម៉ាក ខ្ញុំតមញុាំបាយ ហើយខ្ញុំខ្លាចដើរតាមផ្លូវធម្មតា ។ លើសពីនេះទៅទៀត ខ្ញុំបោចសក់ក្បាលខ្លួនឯង ។ ខ្ញុំភ័យតក់ស្លុត ឥតឈប់ ។ នៅពេលនោះ ខ្ញុំចាប់ផ្ដើមានទម្លាប់ដ៏អាក្រក់មួយ ដែលធ្វើឲ្យខ្ញុំបាត់បង់សេរីភាពរបស់ខ្ញុំអស់រលីង គឺ ខ្ញុំបង្ខំខ្លួនឯង ឲ្យទៅរៀននៅសកលវិទ្យាល័យ ជារៀងរាល់ថ្ងៃ ទោះបីខ្ញុំស្អប់គ្រូ និង និស្សិតទាំងប៉ុន្មាន ។ ខ្ញុំហាក់ដូចជា ក្លាយទៅជា មនុស្សយន្ដមួយ ដែលមានកាយវិការស្វ័យប្រវត្តិ ៖ ដើរទៅសកលវិទ្យាល័យ ដើរទៅផ្សារ ដើរទៅធនាគារ ។ល។ ក្លាយទៅជាមនុស្សយន្ដយ៉ាងនេះ ប្រហែលជាមធ្យោបាយតែមួយគត់ ដែលអាចជួយខ្ញុំបំភ្លេច ការឈឺចាប់របស់ខ្លួន ។ រីឯប៉ូលីសវិញ គេបានប្រាប់ខ្ញុំថា គេប្រាកដជារកមិនឃើញអ្នកដែលបានរំលោភខ្ញុំនោះ ដូច្នេះមិនចាំបាច់ប្ដឹងតុលាការទេ ។ ខ្ញុំចង់សម្លាប់ខ្លួន ប៉ុន្ដែ មិនបានសម្រេច ។

នៅពេលនោះ មិនដឹងមូលហេតុអី្វ ខ្ញុំបានចាប់ហ្គីតារបស់ខ្ញុំ យកមកហាត់លេងឡើងវិញ ។ ខ្ញុំហាត់រាល់យប់ទល់ភ្លឺ ស្ទើររតែមិនធ្វើអ្វី ក្រៅពីលេងហ្គីតានោះ ។ លេងហ្គីតាបានក្លាយទៅជាលំហាត់ដ៏ទៀងទាត់មួយ ហើយ ខ្ញុំក៏បានដាក់គោលដៅខ្លះ ដូចជា ត្រូវចេះលេងបទមួយ បន្ទាប់មកត្រូវចេះលេងបទមួយទៀត ។ ការហាត់របៀបនេះ បានជួយខ្ញុំ កុំឲ្យឈឺចាប់ខ្លាំងពេក ។ ម្យា៉ងទៀត ភ្លេងពីរោះណាស់ វាបានជួយខ្ញុំទទួលស្គាល់ថា ជីវិតក៏មានសម្ផស្សម្យ៉ាងដែរ ។ បន្ដិចម្ដងៗ ខ្ញុំក៏ចាប់ផ្ដើមដើរលេង នៅទីក្រុងប៉ារីស៍ឡើងវិញ ។ ថ្ងៃមួយ ខ្ញុំដើរដល់សង្កាត់ ដែលគេបានចាប់រំលោភខ្ញុំ ស្រាប់តែឆ្ងល់ថា ខ្ញុំ បែរជាអាចទទួលស្គាល់សម្ផស្ស នៃសង្កាត់នេះទៅវិញ ។

ដំណាក់កាលសំខាន់ជាងគេ គឺ ចាប់ផ្ដើមយល់អ្វី ដែលខ្ញុំបានឆ្លងកាត់ ៖ ហេតុអ្វី គេបានរំលោភខ្ញុំ ? ហេតុអ្វី ពេលនោះ ខ្ញុំគេចមិនរួច ? ។ល។ តាមពិត បើសិនខ្ញុំមិនបានហាត់លេងហ្គីតាឡើងវិញ ខ្ញុំ ប្រហែលជាមិនអាចមកដល់ដំណាក់កាលនេះទេ ។ ក្រោយមកទៀត ខ្ញុំដឹងខ្លួនថា តាមពិត ខ្ញុំមិនសូវពូកែលេងហ្គីតាប៉ុន្មានទេ ដូច្នេះ ខ្ញុំក៏បានរៀនទទួលស្គាល់ថា ខ្ញុំមិនមែនជាមនុស្សម្នាក់ដ៏អស្ចារ្យមួយទេ ខ្ញុំជាមនុស្សធម្មតាដូចគេដូចឯងដែរ ។ ការផ្លាស់ប្ដូរយ៉ាងនេះ ការរៀនទុកចិត្តខ្លួនឯងឡើងវិញ តម្រូវឲ្យមានពេលវេលាយូរ ។ ដំបូង អ្វីដែលបានជួយខ្ញុំ ឲ្យរស់រានមានជីវិត តទៅទៀត ក្រោយបានជួបប្រទះគ្រោះអាក្រក់ គឺជាការហាត់លេងភ្លេងនោះ ៕

ផ្លូវទីពីរ ៖ បើកទំព័រថ្មីក្នុងជីវិត

ការបើកទំព័រថ្មីក្នុងជីវិតអាចមានន័យជាច្រើន ឧទាហរណ៍ ៖ ផ្លាស់ទីលំនៅ ចាកចេញពីឪពុកម្ដាយ ប្ដូរការងារ ។ល។

ផ្លាស់ទីលំនៅ បង្កើតឲ្យមានការលំបាកជាច្រើនមែន ប៉ុន្ដែ វាក៏អាចផ្ដល់ឱកាសដ៏ល្អ ដើម្បីស្គាល់មជ្ឈដ្ធានថ្មីមួយ ដែលអាចនាំឲ្យយើងលូតលាស់តទៅមុខទៀត ។ តាមពិត នៅពេលដែលយើងមានអារម្មណ៍ ស្ទើរតែស្ទះដង្ហើមក្នុងជីវិត យើង មិនគួរខ្លាចចាកចេញពេកទេ ពីព្រោះ ជាទូទៅ មនុស្ស មានសមត្ថភាពសម្របខ្លួនទៅតាមស្ថានភាពផ្សេងៗ ។

ដោយឡែក ទស្សនវិទូ កាថ្រីន ម៉ាឡាប៊ូ (Catherine Malabou) លើកឡើងថា ៖ វា មិនស្រួល ហើយគ្មានប្រសិទ្ធិភាពឡើយ ហាមឃាត់កូនក្មេងមិនឲ្យមើល ទូរទស្សន៍ កុំព្យុទ័រ និង ទូរស័ព្ទ ។ អ្វីដែលសំខាន់ គឺ បង្រៀនក្មេងឲ្យចេះឈប់ ដើម្បីមានពេលវេលាដកដង្ហើម និង ចេះស្គាល់ កម្រិតសមត្ថភាព ដែលគេអាចបាត់បង់ សម្រាប់ដឹកនាំជីវិតខ្លួន ។ លោកស្រីបានប្រាប់កូនរបស់ខ្លួនថា ៖ «បើកាលណា មានអរម្មណ៍ថា ស្ទើរតែគ្មានផ្លូវចេញទៀតទេ ឬ មិនអាចដកដង្ហើមក្នុងជីវិត នៅពេលនោះត្រូវតែតសូ៊អស់ពីសមត្ថភាព ដើម្បីរកផ្លូវចេញ» ។

រីឯក្នុងក្របខ័ណ្ឌការងារវិញ លោកស្រី កាថ្រីន ម៉ាឡាប៊ូ យល់ឃើញថា ការចាត់ចែង នៃប្រព័ន្ធមូលធននិយម និង សហគ្រាស សព្វថ្ងៃនេះ តម្រូឲ្យមនុស្សយើងសម្របខ្លួនទៅតាមស្ថានភាពឥតឈប់ឈរ ។ ជួនកាល យើងមិនត្រូវការមកកន្លែងធ្វើការ យើងអាចធ្វើការពីទីលំនៅដ្ឋានផងដែរ ដោយពឹងផ្អែកលើ បណ្ដាញអុីនធឺណិត ។ មនោគមវិជ្ជា នៃមូលធននិយមនេះ តម្រូវឲ្យមនុស្សអាចបត់បែនខ្លួន និង គំនិត ទៅតាមកិច្ចការនានា គ្មានកំហិតទាល់តែសោះ ។ ដូច្នេះ ជាទូទៅគេតែងតែចាត់ទុកថា អ្នកធ្វើការល្អ គឺមនុស្ស ដែលសុខចិត្តប្ដូរមុខតំណែង ប្ដូរទីក្រុង ប្ដូរដំណើរការងារ ស្ដាប់បង្គាប់ប្រធាន ព្រមទាំងធ្វើតាម «process» (ដំណើរការ) ដែលប្រព័ន្ធបានកំណត់ឲ្យយើង ដោយមិនត្អូញត្អែរ ។ ប៉ុន្ដែ តាមពិត ការសម្រប និង ការបត់បែនខ្លួនយ៉ាងនេះ ដោយគ្មានកំហិត មិនសូវនាំយើងឲ្យមានអារម្នណ៍ល្អ ឬពេញចិត្តទេ ។ ការផ្លាស់ប្ដូរ ដែលនាំឲ្យយើងរីកចម្រើន គឺជាការផ្លាស់ប្ដូរ ក្នុងការតស៊ូ និង ការផ្លាស់ប្ដូរ ឆ្ពោះទៅរកសេចក្ដីស្មោះត្រង់ ចំពោះខ្លួនឯង ។ នេះហើយ មានន័យថា បើកទំព័រថ្មីក្នុងជីវិត ។

ទស្សនវិទូ ហ្វូកូល៍ (Foucault) បានប្រាប់អ្នកយកពត៌មានថា ៖ «ខ្ញុំមិនខ្វល់ទាល់តែសោះ ពីការទទួលស្គាល់ផ្លូវការ ក្នុងមជ្ឈដ្ឋានសកលវិទ្យាល័យ អំពីការស្រាវជ្រាវរបស់ខ្ញុំឡើយ ពីព្រោះ ការស្រាវជ្រាវ គឺជាការផ្លាស់ប្ដូរខ្លួនឯង ។ ដូច្នេះ នៅពេលដែលគេរិះគន់ខ្ញុំថា ប៉ុន្មានឆ្នាំមុននេះ ខ្ញុំធ្លាប់និយាយអញ្ចេះ ឥឡូវនេះ ខ្ញុំនិយាយអញ្ចុះវិញ ខ្ញុំតែងតែឆ្លើយតបវិញថា ៖ «តើអ្នកជឿថា ខ្ញុំបានស្រាវជ្រាវអស់រយៈពេលប៉ុន្មានឆ្នាំមកនោះ ដើម្បីតែនិយាយរឿងដដែលៗ មិនដែលប្ដូរគំនិត ឬយា៉ងណា ?» ។ ខ្ញុំជឿថា ការផ្លាស់ប្ដូរខ្លួនឯង តាមរយៈការងារ ឬ ការស្រាវជ្រាវរបស់ខ្លួន ស្រដៀងនឹង បទពិសោធន៍សិល្បារម្មណ៍សាស្រ្ត (expérience esthétique) ។ វិចិត្រករ ថ្វីខំគូរគំនូរ បើមិនមែនដើម្បីផ្លាស់ប្ដូរខ្លួនឯង ទៅតាមគំនូរដែលគាត់គូរនោះទេឬ ?»

ផ្លូវទីបី ៖ ស្វែងរកអ្វី ដែលយើងប្រាថ្នាចង់បានពិតប្រាកដ

តើគួរតែធ្វើដូចម្ដេចដែរ ដើម្បី រក្សាសេចក្ដីស្មោះត្រង់ ចំពោះខ្លួនឯង ?

ខាងក្រោមនេះ ជាចម្លើយរបស់ ទូស្សនវិទូ ព្យែរ ហ្សាវុយ (Pierre Zaoui) នៅក្នុងបទសម្ភាស៍ ដោយទស្សនាវដ្ដី Philosophie Magazine (សំណួរដោយ Martin Duru) ។

សំណួរ ៖ តើមានល័ក្ខខ័ណ្ឌអ្វីខ្លះ ដើម្បីផ្លាស់ប្ដូរខ្លួនយើង ឲ្យបានពិតប្រាកដ ? តើយើងគួរតែកំណត់អ្វីៗដែលយើងចង់បាន ជាមុនសិនឬ ?

ព្យែរ ហ្សាវុយ ៖ សព្វថ្ងៃនេះ អ្នកណាក៏អះអាងថា គេចង់ផ្លាស់ប្ដូរជីវិតខ្លួនគេដែរ ។ សង្គមចង់ឲ្យយើងជឿថា អ្នកណាក៏មានប្រាថ្នាផ្លាស់ប្ដូរខ្លួនឯង ដូចជា ការរកការងារថ្មី ប្ដូររបៀបរស់នៅ ដូចជាទៅរស់នៅបរទេស ។ល។ សេចក្ដីប្រាថ្នាបែបនេះ ប្រហែលទាក់ទងនឹងសាសនា ពីព្រោះ សាសនានានាអះអាងថា គេអាចជួយមនុស្សផ្លាស់ពីស្ថានភាពមួយ ទៅស្ថានភាពមួយទៀត (ក្នុងគ្រិស្ដសាសនា ៖ ពីបាបកម្ម ទៅព្រះគុណ ពីជីវិតដែលមានទីបញ្ចប់ ទៅរក ជីវិតអមតៈក្រោយសេចក្ដីស្លាប់) ។ មនោគមវិជ្ជាសេរីនិយម ក៏លើកតម្កើង បុគ្គលឯករាជ និង ចេះចុះសម្រុងនឹងសង្គម ។

ប៉ុន្ដែ តើយើងអាចផ្លាស់ប្ដូរទាំងស្រុងបានទេ ? តើយើងចង់ ឬ ប្រហែលមិនចង់ផ្លាស់ប្ដូរទាំងស្រុងទេ ? បើតាមខ្ញុំយល់ មនុស្សយើង មិនសូវចង់ក្លាយទៅជាអ្នកមួយថ្មីទេ ផ្ទុយទៅវិញ យើងរកសេចក្ដីស្មោះត្រង់ចំពោះខ្លួនឯង គឺ ការទទួលស្គាល់ និង ការទុកចិត្តលើខ្លួនឯង ។ ដូច្នេះហើយ គួរតែទប់ទល់ នឹងការបង្គាប់ដែលថា ត្រូវតែផ្លាស់ប្ដូរជាដាច់ខាត ជាមុនសិន ទើបយើងអាចផ្លាស់ប្ដូរខ្លួនឯងបានពិតប្រាកដ ។ នេះគឺជា បរមតិ (paradoxe: មតិ ដែលខុសពី មតិទូទៅ) មួយ ៖ បើយើងចង់ផ្លាស់ប្ដូរពិតមែន យើងមិនគួរធ្វើវាដោយដាច់ខាតនោះទេ ។ អ្វីដែលសំខាន់ជាងគេ គឺ យល់ឲ្យច្បាស់់សិនថា ៖ តើខ្ញុំជានរណា ហើយ តើខ្ញុំមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យខ្ញុំក្លាយជាមនុស្សម្នាក់នេះ ។

នេះជា មេរៀនរបស់ទស្សនវិទូ ស្ពីណូហ្សា (Spinoza) ។ គាត់បានណែនាំ កុងសិប (concept) ដែលមានឈ្មោះជាភាសាឡាតាំង (latin) ថា «conatus» (កូណាតឺស) ។ «conatus» នេះ មានន័យថា ការព្យាយាម ឲ្យបានស្របទៅនឹង ភាពជាមនុស្ស ឬ ជាសត្វ របស់ខ្លួន ។ នៅក្នុងស្នាដៃ របស់ ស្ពីណូហ្សា L’Ethique (អភិសមាចារ) គាត់បានសរសេរថា សេក្ដីប្រាថ្នា គឺជាជាតិដើម របស់មនុស្ស ពោលគឺ មនុស្សយើង កំណត់ដោយអ្វីដែលយើងប្រាថ្នា ពីព្រោះ សេចក្ដីប្រាថ្នាទាំងនោះ ផ្ដល់កម្លាំងជីវិតមកឲ្យយើង ។

ហេតុនេះហើយ យើងគួរតែគិតគូរអំពីសំណួរ ៖ តើគួរធ្វើយ៉ាងដូចម្ដេចដែរ ដើម្បីឲ្យស្របទៅនឹង ការចង់ក្លាយទៅជាមនុស្ស ដែលយើងប្រាថ្នា ឬសំណួរ ៖ ចំពោះខ្ញុំផ្ទាល់ តើសុភមង្គល គឺជាអ្វី ? បើតាមស្ពីណូហ្សា យើងអាចរកឃើញចម្លើយទៅនឹងសំណួរនោះ ដោយសមហេតុសមផល នៅពេលដែលយើងយល់ដឹងយ៉ាងសុីជម្រៅ អំពីពិភពលោក និង យល់តួនាទីរបស់យើង នៅក្នុងធម្មជាតិ និង ពិភពលោកផងដែរ ។

បើផ្អែកទៅលើគំនិតរបស់ ស្ពីណូហ្សា យើងក៏អាចយល់ឃើញផងដែរថា អកប្បកិរិយាខ្លះ អាចនាំឲ្យកម្លាំងជីវិតខ្សោយទៅៗ ឧទាហរណ៍ នៅពេលដែល «conatus» របស់យើងដើរទៅរកស្រា ឬ គ្រឿងញៀន ជាដើមនោះ ដំបូង យើងសប្បាយណាស់ ក៏ប៉ុន្ដែ យូរៗទៅ យើងប្រហែលអាចដឹងខ្លួនវិញថា ញុំាស្រា ឬ ប្រើគ្រឿងញៀន មិនអាចជួយយើងឲ្យក្លាយទៅជាមនុស្ស ដែលយើងប្រាថ្នានោះឡើយ ផ្ទុយទៅវិញ វាបំផ្លាញខ្លួនយើង ។ ឧទាហរណ៍មួយទៀត គឺ ការស្រឡាញ់អាចផ្ដល់សុភមង្គល ត្រង់ថានៅពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងកាន់តែស្រឡាញ់ជីវិតផងដែរ ។

និយាយដោយសង្ខេប អ្វីដែលសំខាន់ គឺស្វែងរកអ្វីៗ ដែលខ្លួនប្រាថ្នាពិតប្រាកដ ដើម្បីរក្សាសេចក្ដីស្មោះត្រង់ចំពោះខ្លួនឯង ។ ប៉ុន្ដែ មិនគួរភ្លេចផងដែរថា ជាញឹកញាប់ការស្វែងរកនេះ ក៏នាំឲ្យមានការផ្លាស់ប្ដូរទិសដៅ នៃសេចក្ដីប្រាថ្នារបស់ខ្លួនផងដែរ ។

សំណួរ ៖ តើការស្វែងយល់អំពីសេចក្ដីប្រាថ្នា ឬ ចំណង់ របស់ខ្លួន ក៏ជាគោលដៅ នៃ ចិត្តវិភាគ (psychanalyse) ផងដែរឬទេ ?

ព្យែរ ហ្សាវុយ ៖ ត្រូវហើយ ។ ទ្រឹស្ដីរបស់ ស្ពីណូហ្សា និង ទ្រឹស្ដីចិត្តវិភាគ របស់ សុីកមុន ហ្រ្វយ (Sigmund Freud) និង សាវ័ករបស់លោក អាចផ្គុំគ្នាបាន ត្រង់ថា ចំណុចសំខាន់នៅក្នុងទ្រឹស្ដីទាំងពីរនោះ គឺ ស្វែងយល់ឫសគល់ នៃសេចក្ដីប្រាថ្នា ឬ ចំណង់របស់ខ្លួន ៖ តើអ្វីខ្លះ កើតឡើង ក្នុងខ្លួន ឬ ខួរក្បាលខ្ញុំ ? ហេតុអ្វីបានជា ខ្ញុំធ្វើអ៊ីចឹង ? ចិត្តវិភាគ គ្មានបំណងព្យាបាល តាមរយៈការកំចាត់រោគសញ្ញពិបាកចិត្តទេ ។ បំណងនៃចិត្តវិភាគ គឺ ខិតខំស្ដាប់ អញាណចិត្ត របស់ខ្លួន (inconscient អ្វីដែលលាក់ពួន នៅក្នុងជម្រៅចិត្ត ដោយមិនដឹងខ្លួន) ដើម្បីយល់អ្វីៗ ដែលបង្កើតរោគសញ្ញានោះ ។ ដូច្នេះ បើតាមទ្រឹស្ដីចិត្តវិភាគ សេចក្ដីប្រាថ្នា ឬ ចំណង់របស់យើង គឺជាភាគដ៏សំខាន់មួយរបស់យើង ប៉ុន្ដែ ក្នុងពេលដូចគ្នានេះ យើងពិបាកចាប់វាបានដែរ ។ យើងមិនមែនជាម្ចាស់ ឬ ប្រភព នៃ សេចក្ដីប្រាថ្នា ឬ ចំណង់ របស់យើងតាំងស្រុងទេ ពីព្រោះ វាទាក់ទងនឹង និរោធកម្ម (refoulement ការខ្ទប់ចំណង់ ការរុញច្រានសភាវគតិចេញ) វាក៏ទាក់ទងនឹង បទពិសោធន៍របស់យើងផង និង វាទាក់ទងនឹង អ្នកដែលយើងបានជួបប្រទះ ដោយមិនគ្រងទុកជាមុនផងដែរ ។ យោលតាមការពិនិត្យបែបចិត្តវិភាគ ឬមួយនៅក្នុងជីវិតធម្មតា យើងអាចព្យាយាមរកប្រភព នៃសេចក្ដីប្រាថ្នារបស់ខ្លួន ហើយពេលយើងរកឃើញប្រភព នៃសេចក្ដីប្រាថ្នានេះ យើងអាចមានជម្រើស ទទួលស្គាល់វា ឬក៏បដិសេធវាចោល ។

ចិត្តវិភាគវិទូ ឡាកង់ (Lacan) ដែលស្គាល់ទាំងទ្រឹស្ដី របស់ ហ្វ្រយ (Freud) និង របស់ ស្ពីណូហ្សា (Spinoza) បាន អះអាងថា ៖​ អ្វីតែមួយគត់ ដែលអាចធ្វើ់ឲ្យយើងរអៀសចិត្ត គឺ នៅពេល ដែលយើងមិនស្ដាប់តាមចំណង់ របស់ខ្លួន ។

សំណួរ ៖ តើ ស្ដាប់ ឬ មិនស្ដាប់ តាមចំណង់របស់ខ្លួន មានន័យយ៉ាងដូចម្ដេចដែរ ?

ព្យែរ ហ្សាវុយ ៖ នៅពេលដែល ឡាកង់ (Lacan) និយាយអំពីពាក្យថា «ខ្ញុំ» គាត់សំដៅទៅលើ អញាណចិត្ត (inconscient) គឺប្រភព នៃចំណង់ផ្សេងៗរបស់យើង ។ ប្រសិនបើ យើងមិន ស្ដាប់ អញាណចិត្ត របស់យើងនេះ យើងមានអារម្មណ៍ថា ក្បត់ខ្លួនឯង ហើយនេះបង្កើតអារម្មណ៍រអៀសចិត្ត ដែលក្នុងការណីខ្លះ ទីបំផុត អាចនាំយើងទៅរកសេចក្ដីស្លាប់ ផងដែរ ។ ឡាកង់ (Lacan) លើក រឿងទេវកថាក្រិក Antigone (អង់ទីហ្កូន) ជាឧទាហរណ៍ ។ នាងអង់ទីហ្កូននេះ ចង់កប់សាកសពបងប្រុសរបស់នាង ហើយនាងប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នាងនឹងកប់សាកសពបងប្រុសរបស់ខ្លួន ទោះត្រូវអស់អ្វីៗក៏ដោយ នាងក៏សុខចិត្តបំពានលើច្បាប់ទម្លាប់ទៀតផង ។ រឿងនេះ នាំឲ្យមានដំណោះស្រាយមួយប្រកបដោយទុក្ខសោក ក៏ប៉ុន្ដែ ឡាកង់ (Lacan) ក៏យកឧទាហរណ៍មួយទៀត ៖ កុមារម្នាក់ដែល ខំដើរក្នុងភក់ដែលរអិល វាចេះតែដួលម្ដងហើយម្ដងទៀត ប៉ុន្ដែវាតែងតែខំងើបឡើងវិញ ។ ទោះគេសើចចំអកឲ្យវាយ៉ាងណាក៏ដោយ ក៏វាព្យាយាមស្មោះត្រង់ចំពោះខ្លួនឯង ពីព្រោះ សេចក្ដីប្រាថ្នា របស់វា គឺដើរទៅមុខ ។

ការស្មោះត្រង់នឹង សេចក្ដីប្រាថ្នារបស់ខ្លួន គឺឆ្លើយតបទៅនឹង អ្វីដែលយើងបានរកឃើញថា ជាការចាំបាច់សម្រាប់យើង ។ មិនសូវស្រួលប៉ុន្មានទេ ! ត្រូវទុកចិត្តខ្លួនឯងផង តស៊ូផង និងមានការអត់ធ្មត់ផង ។ ទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗក៏អាចរកកម្លាំងនេះបានដែរ ដូចជា អ្នកដែលតស៊ូក្នុងរឿងស្នេហា ទោះត្រូវខកចិត្តក៏ដោយ ឬ សិល្បករដែលព្យាយាមបន្ដស្នាដៃរបស់គាត់ ទោះគ្មាននរណាសរសើរគាត់ក៏ដោយ ឬ សិប្បករម្នាក់ មិនខ្វល់ពីលក់ឲ្យបានច្រើន ឬ តិច ប៉ុន្ដែផ្ដោតទៅលើការងប់ងល់ធ្វើសិប្បកម្មរបស់ខ្លួន ឬ អ្នកតស៊ូដើម្បីសិទ្ធិមនុស្ស ដោយប្រថុយជីវិត ។ល។ អ្នកទាំងបុ៉ន្មាននោះ រកសុភមង្គលតាមរយៈសកម្មភាពរបស់ពួកគេ ពីព្រោះ គេបានរកឃើញផ្លូវមួយ ដែលគេពេញចិត្ត ។

ជាទីបញ្ចប់ យើងអាចយល់ឃើញថា ការផ្លាស់ប្ដូរខ្លួនឯង ដើម្បីក្លាយទៅជាអ្នកផ្សេង ប្រហែលមិនមែនជាការផ្លាស់ប្ដូរពិតប្រាកដទេ ។ ការផ្លាស់ប្ដូរពិតប្រាកដ ប្រហែលចេញមកពីការខិតខំស្វែងរកភាពស្មោះត្រង់ ចំពោះសេចក្ដីប្រាថ្នាពិតប្រាកដរបស់ខ្លួនវិញ ៕


អត្ថបទដើមជាភាសាបារាំង ៖ © Philosophie Magazine

អត្ថបទជាភាសាខ្មែរ ៖ រក្សាសិទ្ធគ្រប់បែបយ៉ាង ដោយ សមាគមពន្លឺ 
ហាមបោះពុម្ពផ្សាយបន្ត ដោយគ្មានការអនុញ្ញាត

ប្រែសម្រួលមកជាភាសាខ្មែរ ពីអត្ថបទជាភាសាបារាំង (ជាពិសេស Michel Eltchaninoff និង Pierre Zaoui) ដោយសារ៉ា អូលីវៃរ៉ា និង វណ្ឌី រតនា


បើលោកអ្នកបានអានអត្ថបទ មកដល់ត្រឹមនេះ សូមសរសើរ ! នេះមានន័យថា លោកអ្នកចូលចិត្តទស្សនវិជ្ជា ។ ដើម្បីស្វែងយល់មុខវិជ្ជាទស្សនវិជ្ជាបន្តទៀត សូមលោកអ្នក បន្តអាន សៀវភៅនិពន្ធដោយ លោក វ៉ាន់ឌី កាអុន ដែលមានចំណងជើងថា ៖ «ទិដ្ឋភាពទូទៅ នៃទស្សនវិជ្ជា ចាប់តាំងពី សតវត្សរ៍ ទី៦ មុនគ្រឹស្តសករាជ រហូតមកដល់ សម័យបច្ចុប្បន្ន» ។ ប្រិយមិត្តអ្នកអាន អាចរក និង ជាវ សៀវភៅនេះ តាមបណ្តាបណ្ណាគារ ដែលមាននៅលើគេហទំព័រ នៃ សមាគម ពន្លឺ ។