ទស្សនវិជ្ជា ពីនេះ ពីនោះ

កម្រងអត្ថបទខ្លីៗ ប្រែសម្រួលដោយ សមាគមពន្លឺ

សុន្ទរកថារបស់ អាល់ប៊ែរត៍ កាមុស ក្នុងពិធីទទួលរង្វាន់ណូបែលអក្សរសិល្ប៍

សុន្ទរកថារបស់ លោក អាល់ប៊ែរត៍ កាមុស (Albert Camus) ក្នុងពិធីទទួលរង្វាន់ណូបែលអក្សរសិល្ប៍ នៅឆ្នាំ១៩៥៦ នាទីក្រុង ស្តុកខុល (ដកស្រង់ពីសៀវភៅ «អាល់ប៊ែរត៍ កាមុស ទស្សនវិទូ នៃ ការឥតន័យ» រៀបរៀងដោយ លោក វ៉ាន់ឌី កាអុន) ៖

«ខ្ញុំពុំអាចរស់ខ្លួនឯងដោយបោះបង់ចោលនូវសិល្បៈរបស់ខ្ញុំឡើយ ។ ប៉ុន្តែខ្ញុំក៏ពុំដែលលើកដម្កើងសិល្បៈនេះឲ្យហួសហេតុពេកដែរ (១) ។ បើសិល្បៈនោះជាការចាំបាច់របស់ខ្ញុំ ក៏ជាការចាំបាច់របស់អ្នកដទៃឯទៀតដែរ ហើយអាចឲ្យខ្ញុំរស់តាមរបៀបខ្ញុំ ដោយពុំចាកពីកំពស់របស់មនុស្សទាំងឡាយឯទៀតទេ ។ សិល្បៈបើតាមខ្ញុំយល់ឃើញពុំមែនជាការសប្បាយតែឯកឯងឡើយ ។ សិល្បៈជាមធ្យោបាយមួយយ៉ាងធំសំរាប់ធ្វើឲ្យរំភើបដល់មនុស្សមួយភាគធំ ដោយផ្ដល់នូវរូបភាពឯកសិទ្ធនៃការឈឺចាប់និងការសប្បាយរបស់មនុស្សទាំងអស់គ្នា ។ សិល្បៈបង្ខំសិល្បករឲ្យរស់នៅជាមួយគេឯង; សិល្បៈនាំសិល្បករទៅរកសច្ចៈ ដ៏ខ្សត់ខ្សោយហើយដែលមាលក្ខណៈសាកលបំផុត ។ ដូច្នេះអ្នកណាដែលសម្រេចចិត្តយកវាសនាជាសិល្បករ ដោយសំអាងថាខ្លួនមានលក្ខណៈខុសគេនោះ គង់តែនឹងដឹងយ៉ាងឆាប់ថា គេអាចចិញ្ចឹមសិល្បៈនិងលក្ខណៈខុសរបស់គេបាន លុះណាតែគេសារភាពថា ខ្លួនគេក៏ពុំខុសពីអ្នកឯទៀតដែរ (២) ។ […] ហេតុដូច្នេះហើយ បានជាសិល្បករពិតប្រាកដពុំមើលងាយអ្វីៗទាំងអស់; សិល្បករបង្ខំខ្លួនគេឲ្យយល់ គឺមិនមែនឲ្យវិនិច្ឆ័យទេ (៣) ប្រសិនបើសិល្បករត្រូវការពារអ្វីមួយក្នុងពិភពលោកនេះ គឺគ្មានអ្វីក្រៅពីការពារសង្គមមនុស្សទេ គឺសង្គមមួយ, ដូចលោក Nietzsche (៤) បាននិយាយដូច្នេះ, ដែលគ្មានចៅក្រមជាអ្នកត្រួតត្រា គឺមានតែអ្នកកសាងទោះបើជាកម្មករឬបញ្ញវន្តក្ដី ។

មុខងារនៃអ្នកនិពន្ធ, ក្នុងពេលជាមួយគ្នានោះ, ពុំអាចផ្ដាច់ចេញពីករណីកិច្ចដ៏ពិបាកទេ ។ អត្ថន័យពិតប្រាកដដែលគេឲ្យទៅអ្នកនិពន្ធ គឺការមិនបម្រើ ពួកអ្នកនយោបាយដែលជាអ្នកធ្វើប្រវត្តិសាស្រ្ត ប៉ុន្តែត្រូវបម្រើមនុស្សដែលទទួលរងគ្រោះ ដោយសារប្រវត្តិសាស្រ្ត ។ បើពុំដូច្នេះទេ គឺពុំអាចធ្វើជាសិល្បករបានឡើយ ហើយត្រូវរស់នៅតែឯកឯង ។ កងទ័ពទាំងឡាយនៃរបបជិះជាន់សង្កត់សង្កិន ទោះបើមានមនុស្សរាប់លានអ្នកក៏ដោយ ក៏ពុំអាចទាញរបបនោះឲ្យផុតពីភាពឯកឯង គ្មានគេរាប់អានបានទេ ទោះបើមនុស្សរាប់លានអ្នកនោះគេដើរតាមក៏ដោយ ។ ភាពស្ងៀមស្ងាត់នៃអ្នកជាប់ទោសម្នាក់ដែលគេបំភ្លេចចោលទៅក្នុងភាពអាម៉ាស់មុខនៅចុងពិភពលោកឯណាក៏ដោយ ពុំអាចធ្វើឲ្យអ្នកនិពន្ធព្រងើយកន្ទើយបានឡើយ, បើគេអាចបានមករស់នៅកណ្ដាលឯកសិទ្ធនៃសេរីភាពមែន ការស្ងៀមស្ងាត់ឥតអ្នកណាដឹងឮនៃអ្នកជាប់ទោសនោះ តែងតែខ្ទរខ្ទារដោយសិល្បៈរបស់អ្នកនិពន្ធជាដរាប ។

គ្មានគ្នាយើងណាម្នាក់ ដែលអាចមានសន្ដានចិត្តដ៏ធំធេង ដើម្បីទ្រទ្រង់នូវឧបនិស្ស័យនេះបានទេ ។ ប៉ុន្តែនៅគ្រប់កាលៈទេសៈនៃជីវិត, ទោះបើគ្មានគេស្គាល់រាប់អានឬមានល្បីឈ្មោះបណ្ដោះអាសន្នក្ដី, ទោះបើធ្លាក់ទៅក្នុងក្រញាំនៃការសង្កត់សង្កិនឬមានសេរីភាពមួយភ្លែតនៅពេលបញ្ចេញគំនិតក្ដី អ្នកនិពន្ធមានលទ្ធភាព នឹងឈោងចាប់យកមនោសញ្ចេតនារបស់ សង្គមមនុស្សដ៏រស់រវើក ដែលតែងតែប្រគល់កាតព្វកិច្ចពីរបែបទៅអ្នកនិពន្ធ ទោះបើគេព្រមទទួលយកឬមិនព្រមទទួលយកក្ដី; កាតព្វកិច្ចទាំងពីរនោះដែលផ្ដល់ទៅឲ្យគេនូវភាពថ្លៃថ្នូរគឺ: មប្រើការពិតនិងសេរីភាព ។ បើឧបនិស្ស័យរបស់គេឋិតនៅក្នុងការប្រមូលផ្ដុំមនុស្សមួយភាគធំដែលអាចប្រមូលទៅកើតបាន ឧបនិស្ស័យនេះមិនអាចស្របជាមួយការកុហកបោកប្រាសនិងទាសភាពបានឡើយ, ការកុហកបោកប្រាស និងទាសភាពនេះ តែងតែបង្កើតនិងបង្កើនភាពឯកឯងរបស់មនុស្សនៅគ្រប់ទីកន្លែងដែលនិយមវា ។ ទោះបើមានគុណវិបត្តិផ្ទាល់ខ្លួនខ្លះៗក៏ដោយ ភាពថ្លៃថ្នូរនៃបេសកម្មរបស់យើងតែងតែចាកឫសទៅក្នុងស្ថានភាពពីរបែបដ៏ពិបាក គឺការមិនព្រមភូតកុហកក្នុងរឿងទាំងឡាយ ដែលយើងដឹងស្គាល់ច្បាស់ និងការប្រឆាំងតទល់នឹងការសង្កត់សង្កិន (៥)» ។

(១) លោកកាមុសចង់និយាយអំពីគោលគំនិតរបស់ពួក «ប៉ារណាស » (les Parnassiens) ដែលលើកតម្កើងសិល្បៈឲ្យហួសពីសារៈប្រយោជន៍របស់មនុស្សលោកទៅទៀត (« l’Art pour l’Art ») ។ ក្រៅអំពីនេះ លោកចង់រិះគន់ លោក Malarmé ដែលខិតខំបន្តគំនិតពីពួក  «ប៉ារណាស» ។

(២) លោក André Malraux  ក៏និយាយដូច្នេះដែរនៅក្នុងសេចក្ដីផ្ដើមនៃសៀវភៅ Le temps du mépris របស់លោក ៖  « Il est difficile d’être un homme. Mais pas plus de le devenir en approfondissant sa communion qu’en cultivant sa différence – et la première nourrit avec autant de force au moins que la seconde ce par quoi l’homme est homme, ce par quoi il se dépasse, crée, invente ou se conçoit ».

(៣) លោកកាមុស ស្អប់ណាស់ នូវការវិនិច្ឆ័យរបស់មនុស្សទៅលើមនុស្សធម្មតាដូចគ្នា (cf. L’Étranger, l’état de siège, la Chute) លោក André Gide ឧស្សាហ៍យកសំដីរបស់ព្រះគ្រឹស្ដមកនិយាយណាស់ : «កុំវិនិច្ឆ័យគេ» (« ne juge point »)

(៤) លោក Nietzsche បានទាមទារចង់បានសង្គមមនុស្សដែលអ្នកកសាង (créateur) អាច បន្តបេសកម្មរបស់កេដោយគ្មានឧបសគ្គដែលសាសនា ច្បាប់ទម្លាប់ឥតន័យបានបង្កើតមកសំរាប់សង្កត់សង្កិនប្រាជ្ញានៃការកសាងរបស់មនុស្ស (cf. Par-delà le Bien et le Mal, Prélude d’une philosophie de l’avenir) ។

(៥) ការសង្កត់សង្កិននៃចរិយាធម៌ដែលមានលក្ខណៈបោកប្រាសនិយម ។