ទស្សនវិជ្ជា ពីនេះ ពីនោះ

កម្រងអត្ថបទខ្លីៗ ប្រែសម្រួលដោយ សមាគមពន្លឺ

តើទស្សនវិទូ ឌីយ៉ូសែន (Diogène) ជានរណា?

អារម្ភកថា ៖

អត្ថបទនេះ គឺជាជំពូកមួយក្នុងសៀវភៅ «ជីវប្រវត្តិសង្ខេប នៃទស្សនវិទូក្រិកដ៏ល្បីល្បាញជាងគេក្នុងបូរាណកាល»(Abrégé des Vies des Anciens Philosophes) បោះពុម្ពលើកទីមួយនៅឆ្នាំ១៧២៦ ដោយអ្នកនិពន្ធបារាំង ហ្វេណឺឡុង (Fénelon) ប្រែសម្រួលទៅជាភាសាខ្មែរ ដោយ លោក សុទ្ធ ប៉ូលិន ។

ហ្វេណឺឡុង (Fénelon) កើតនៅឆ្នាំ១៦៥១ នៅប្រទេសបារាំង ក្នុងត្រកូលអភិជន ។ កាលនៅក្មេង គាត់បានសិក្សាយ៉ាងល្អិតល្អន់ អំពីទស្សនវិជ្ជា និងទេវកថាវិទ្យាក្រិក ហើយក្រោយមកគាត់បានសិក្សាមុខវិជ្ជាទេវវិទ្យាទៀត ។ លោកមានជំនឿតែទៅលើវិចារណញ្ញាណរបស់ខ្លួនឯងប៉ុណ្ណោះ ពោលគឺទៅលើអ្វីៗដែលលោកយល់ថា ជាសេចក្ដីត្រឹមត្រូវនិងជាគតិយុត្តិធម៌ ។ គេបានតែងតាំងរូបលោកនៅក្នុងបណ្ឌិតសភាបារាំងនៅឆ្នាំ១៦៩៣ ។ គាត់ បានទទួលភារកិច្ច បង្ហាត់បង្រៀន ចៅមួយអង្គ (Duc de Bourgogne) របស់ព្រះមហាក្សត្រ ល្វី ទី១៤ (Louis XIV) ។

នៅឆ្នាំ១៦៨៧ លោកបានបោះពុម្ពសៀវភៅមួយ មានចំណង់ជើងថា «ក្បួនអប់រំនារី» (Traité de l’éducation des filles) ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសង្គមបារាំងនៅសម័យនោះ ។ ស្នាដៃរបស់លោក ដែលល្បីជាងគេមានចំណងជើងថា ៖ «ការផ្សងព្រេងរបស់តេឡេម៉ាគ ដែលជាកូនររបស់អ៊ុយលីស» (Les Aventures de Télémaque, fils d’Ulysse) ។ តាមពិតទៅ ហ្វេណឺឡុង (Fénelon) គ្មានគោលបំណងបោះពុម្ពផ្សាយសៀវភៅនេះឡើយ ប៉ុន្ដែមានគេលួចសៀវភៅនេះយកទៅបោះពុម្ពជាសាធារណៈនៅឆ្នាំ១៦៩៩ ដែលបណ្ដាលឲ្យស្ដេច ល្វី ទី១៤ ដេញគាត់ចេញពីខ្សែរាជវង្ស ពីព្រោះស្ដេចចាត់ទុកថាសៀវភៅនេះជាការរិះគន់ចំពោះការដឹកនាំប្រទេសរបស់ទ្រង់ ។ ក្រោយមក ហ្វេណឺឡុង (Fénelon) ក៏បន្ដរស់នៅ ជាមនុស្សសាមញ្ញ ។

Cette image a un attribut alt vide ; le nom du fichier est standard_fran_ois_de_salignac_de_la_mothe-f_nelon.png
ហ្វេណឺឡុង (Fénelon)
គំនូរគូរ ដោយ Joseph Vivienសៀវភៅ

សៀវភៅ «ជីវប្រវត្តិសង្ខេប នៃទស្សនវិទូក្រិកដ៏ល្បីល្បាញជាងគេក្នុងបូរាណកាល» (Abrégé des Vies des Anciens Philosophes) ត្រូវបានបោះពុម្ព នៅឆ្នាំ១៧២៦ គឺប្រហែល១០ឆ្នាំក្រោយមរណៈភាព របស់ហ្វេណឺឡុង (Fénelon) នៅឆ្នាំ១៧១៥ ។

គេបានផ្សាយសៀវភៅនេះ លើកទីមួយជាភាសាខ្មែរ ក្នុងសារពត៌មាន «អង្គរបូរី» នៅឆ្នាំ២០០៤ ដែលមាន លោក លី ឌៀប ជាចាងហ្វាងការផ្សាយ ។ ក្រោយមក លោក សុទ្ធ ប៉ូលិន បានផ្ដល់សិទ្ធឲ្យសមាគមពន្លឺ ដើម្បីផ្សព្វផ្សាយបន្តទៀត ។

ដោយសារតែការបាត់បង់ផ្នែកខ្លះក្នុងការបកប្រែនេះ​ សមាគមពន្លឺបានបន្ថែមការប្រែសម្រួលដែលបាត់ ដោយមានការអនុញ្ញាតពី លោក សុទ្ធ ប៉ូលិន ដើម្បីឲ្យបានដូចអត្ថបទដើមជាភាសាបារាំង និពន្ធដោយ ហ្វេណឺឡុង (Fénelon) ។ សមាគមពន្លឺ នឹងបោះពុម្ពផ្សាយសៀវភៅនេះ នៅពេលខាងមុខឆាប់ៗនេះ ។ សូមអញ្ជើញអានជំពូកមួយដ៏គួរឲ្យចាប់អារម្មណ៍ខាងក្រោមនេះសិន ដែលរៀបរាប់ដោយឡែកអំពី ទស្សនវិទូដ៏ប្លែកខុសគេម្នាក់ គឺ ឌីយ៉ូសែន ដែលមានរូបនៅលើកម្របសៀវភៅ «ទិដ្ឋភាពខ្លះៗ នៃ ទស្សនវិជ្ជា» និពន្ធដោយ លោក វ៉ាន់ឌី កាអុន ។


ជីវិតរបស់ឌីយ៉ូសែន (Diogène) ៖

Cette image a un attribut alt vide ; le nom du fichier est portrait-de-diogene-philosophe-grec-70d5a3-1024.jpg
Diogène le Cynique អាចប្រែថា ៖​
ឌីយ៉ូសែនដែលមិនរវល់នឹងការគួរសម ឬ ដែលមិនរវល់នឹងការអៀនខ្មាស់

បានទទួលមរណៈភាពនៅក្នុងឆ្នាំទី-១ នៃអូឡាំព្យ៉ាដ ទី១១៤, ក្នុងជន្មាយុ ៩០ឆ្នាំ ។ ដូច្នេះគាត់មានកំណើតនៅក្នុងឆ្នាំទី៣នៃអូឡាំព្យ៉ាដទី៩១ ។ {សេចក្ដីបញ្ជាក់ដោយសមាគមពន្លឺ ៖ ត្រូវនឹងសតវត្សរ៍ទី៤មុនគ្រឹស្តសករាជ}

ឌីយ៉ូសែន នៅក្នុងក្រុមបក្សស៊ីនីក (Diogène le Cynique),ជាកូនប្រុសរបស់អ៊ីស្សឺស៊ីយូស (Isécius), មានកំណើតនៅស៊ីណូព (Sinope) ដែលជាទីក្រុង របស់ប៉ាប្លាគ្ហោនី (Paphlagonie), ក្នុងកម្លុងអូឡាំព្យ៉ាដទី៩១ ។ ឌីយ៉ូសែនបានត្រូវគេចោទថា បានលួចធ្វើប្រាក់ក្លែងក្លាយជាមួយនឹងឪពុករបស់ខ្លួន ។ អ៊ីស្សឺស៊ីយូស (Isécius) បានត្រូវគេចាប់ខ្លួនបញ្ចូលឃុំឃាំងនៅក្នុងគុក… ហើយគាត់ក៏បានទទួលសេចក្ដីស្លាប់នៅទីនោះបណ្ដោយទៅ៖ ឌីយ៉ូសែនមានការភ័យតក់ស្លុតជាខ្លាំង ក៏បានបោលរត់ចេញឥតងាកក្រោយឆ្ពោះទៅទីក្រុងអាត្ហែន (Athènes) ។ នៅពេលដែលគាត់បានមកដល់ទីក្រុងនេះភ្លាមកាលណា ក៏បានស្កាត់ទៅជួបទស្សនវិទូអង់ទីសតែន (Antisthène) ដែលបានបណ្ដេញគាត់ឲ្យត្រឡប់ទៅវិញយ៉ាងស្វាហាប់, ពោលបានរុញច្រានគាត់នឹងដំបង, គឺដោយហេតុថា អង់ទីសតែន បានសម្រេចថាមិនទទួលយកសាវ័កម្នាក់ទៀតឡើយ តទៅអនាគត ។ ប៉ុន្តែឌីយ៉ូសែនគ្មានសេចក្ដីតក់ស្លុតសោះឡើយ នៅក្នុងរឿងនេះ ។ គាត់បានឱនក្បាលហើយពោលទៅកាន់ អង់ទីសតែនថា៖ «វាយមក, វាយមក, លោកគ្រូមិនអាចរកដំបងណាឲ្យរឹងល្មមសមគួរដែលអាចបញ្ចៀសខ្ញុំឲ្យចេញឆ្ងាយពីលោកគ្រូបានទេ… បើដរាបណាលោកគ្រូនៅតែនិយាយ…» ។ អង់ទីសតែន ដោយទន់ចិត្តចំពោះការរឹងរូសមានះរបស់ឌីយ៉ូសែន ក៏បានសុខចិត្តទទួលយល់ព្រមយកជននេះធ្វើជាសិស្សរបស់គាត់ទៅហោង ។

ឌីយ៉ូសែនមានកាតព្វកិច្ចត្រូវរស់នៅក្នុងសេចក្ដីក្រីក្រលំបាកតោកយ៉ាកជាខ្លាំង, ដូចមនុស្សម្នាក់ដែលគេដេញចេញពីស្រុករបស់ខ្លួន, ហើយដែលមិនបានទទួលជំនួយអ្វីសោះពីគ្រប់ទីកន្លែង ។

ថ្ងៃមួយ, គាត់បានសង្កេតឃើញសត្វកណ្ដុរតូចមួយដែលរត់សប្បាយពីឆ្វេងទៅស្ដាំ, ដោយគ្មានព្រួយបារម្ភនឹងរាត្រីដែលធ្លាក់មកដល់… ដោយគ្មានចាំបាច់ត្រូវការកបន្ទប់សម្រាប់ដេកពួន, ដោយគ្មានលំបាកខ្វល់ខ្វាយនឹងត្រូវរកចំណីបរិភោគថែមទៀតផង ។ ទិដ្ឋភាពនេះក៏បានលួងលោមចិត្តរបស់គាត់មានសេចក្ដីធូរស្រាលចំពោះទុរគតភាពរបស់ខ្លួនឯង ។ គាត់ក៏បានសម្រេចថាពីថ្ងៃនោះតទៅនឹងរស់នៅក្នុងសេចក្ដីស្ងប់ស្ងៀម គ្មានការបង្ខំចិត្តខ្លួនឯង, ដោយលែងត្រូវការរបស់អ្វីៗទាំងអស់នៅក្នុងលោកនេះ លើកលែងតែរបស់ណាដែលជាគ្រឿងចាំបាច់ ដើម្បីកុំឲ្យស្លាប់តែប៉ុណ្ណោះ ។ គាត់ក៏បានដេរអាវម៉ង់តូឌុបរបស់គាត់… ដើម្បីលូនចូលដណ្ដប់ឲ្យបានកក់ក្ដៅ ធ្វើជាភួយផង ធ្វើជាគ្រែដេកផង ។ សម្បត្ដិទ្រព្យធនរបស់គាត់ទាំងប៉ុន្មានបូករួមទៅឃើញតែដំបងឈើច្រត់មួយ, ថង់យាមមួយ, ហើយនិងត្រឡោកមួយសម្រាប់ផឹកទឹកតែប៉ុណ្ណោះ ។ គាត់មិនដែលដើរទៅណាមកណា ដោយភ្លេចសណ្ដោងយកគ្រឿងសំខាន់ទាំងអស់នេះ ទៅតាមជាប់ជាមួយនឹងខ្លួនគាត់ទេ ។ ក៏ប៉ុន្តែគាត់តែងប្រើប្រាស់ដំបងតែក្នុងពេលណាដែលគាត់ត្រូវដើរឆ្លងកាត់ស្រែចំការ… ឬក៏នៅក្នុងពេលណាដែលគាត់ត្រូវទទួលការរំខាន ។ គាត់បានពោលថា ពួកជនពិការពិតប្រាកដ មិនមែនជាពួកថ្លង់ឬខ្វាក់នោះទេ ក៏ប៉ុន្តែគឺជាពួកដែលខ្វះថង់យាមឯណោះទៅវិញ ។ គាត់តែងដើរជើងទទេ ហើយមិនដែលពាក់ស្បែកជើងសង្រែក ឬស្បែកជើងផ្ទាត់អ្វីម្ដងណានឹងគេទេ, បើទោះជាក្នុងពេលនោះ មានធ្លាក់ទឹកកកពាសពេញដីក៏ដោយ ។ គាត់បានខំប្រឹងប្រែងបរិភោគសាច់ឆៅផងដែរ… ក៏ប៉ុន្តែមិនបានសម្រេចក្នុងកិច្ចការនេះឡើយ ។

ឌីយ៉ូសែនបានស្នើអង្វរករដល់ជនម្នាក់ដែលបានស្គាល់ ឲ្យចែកទីកន្លែងកៀនកោះតូចមួយនៅក្នុងគេហដ្ឋានរបស់ខ្លួនគេ… ដើម្បីស្រណុកគាត់ថយខ្លួន ចូលមក សម្រាកម្ដងម្កាល, ក៏ប៉ុន្តែដោយជននេះមានការយឺតយ៉ាវពេក ក្នុងការតបឆ្លើយចំពោះគាត់ជាវិជ្ឈមាន (ដោយពោលថា អ៊ឺ-អើ) គាត់ក៏បានសម្រេចយកធុងមួយធ្វើជាទីលំនៅ, គឺធុងមួយដែលគាត់បានព្រមៀលរហូតនៅពីមុខគាត់, ហើយគាត់មិនដែលមានភូមិឋានផ្ទះសំបែងអ្វីទៀតក្រៅពីធុងនេះទេ ។

Cette image a un attribut alt vide ; le nom du fichier est jean-lecc81on_gecc81rocc82me_-_diogenes_-_walters_37131.jpg
Jean-Léon Gérôme – Diogène de Sinope (គូរនៅឆ្នាំ១៨៦០) Walters Art Museum

នៅចំពេញរដូវក្ដៅ, ក្នុងខណៈដែលព្រះសុរិយាបាចសាចកាំរស្មីបរិបូរណ៍ទៅលើវាលស្រែហាក់ដូចគេដុត, ឌីយ៉ូសែនបែរជាទៅដេកប្រាស់ននាលនៅក្នុងដីខ្សាច់ដ៏ក្ដៅគគុក, ផ្ទុយទៅវិញនៅចំកណ្តាលរដូវត្រជាក់ គាត់បានទៅឱបក្រសោបរូបចម្លាក់ពោរពាសដោយទឹកកក… ដើម្បីទម្លាប់ខ្លួនគាត់ឲ្យទទួលសេចក្តីឈឺចាប់វេទនាអំពីធាតុក្ដៅ និងត្រជាក់ដូចគ្នា ។

គាត់តែងមើលងាយមនុស្សផងទាំងឡាយដោយគ្មានរើសមុខ ។ គាត់បានចាត់ទុកប្លាតុង (Platon) និងក្រុមសាវ័កនៃទស្សនវិទូម្នាក់នេះថា ជាពួកជនចាយវាយបំផ្លិចបំផ្លាញដោយឥតបើគិត… ជាពួកចូលចិត្តម្ហូបឆ្ងាញ់ ។ គាត់តែងចាត់ទុកថា ពួកវាគ្មិន ឬពួកអ្នកប្រសព្វថ្លែងវាចា… ថាសុទ្ធសឹងតែជាពួកខ្ញុំកញ្ជះនៃប្រជាពលរដ្ឋ ។

គាត់បានពោលថាម្កុដរបស់ស្ដេច ជាសញ្ញានៃកិត្តិយសនិងកិត្តិនាម ដែលមានលក្ខណៈទន់ខ្សោយឬស្រួយប្រហែលគ្នានឹងពងឬពពុះទឹក… ដែលគ្រាន់តែចេញសញ្ញា រូបរាងឡើងកាលណាក៏ផ្ទុះបែកទៅវិញទៅហើយ ។ ចំណែកការសំដែងល្ខោននិងសិល្បៈរបាំសម្រាប់កំដរអារម្មណ៍ទាំងប៉ុន្មាន គឺសុទ្ធតែជាអំពើអស្ចារ្យឬជាអព្ហូតហេតុរបស់ពួកមនុស្សឆ្កួត ។ ហើយនៅទីបំផុតទៅ អ្វីៗក៏មិនអាចគេចចៀសផុតបានពី បញ្ញាញាណនៃការរិះគន់ពេបជ្រាយរបស់គាត់ ។

{ត្រង់ផ្នែកនេះ ប្រែសម្រួលដោយសមាគមពន្លឺ}

គាត់បរិភោគអាហារ ពិភាក្សាគ្នា និងដេកតាមតែចិត្តចង់ទោះគាត់នៅទីកន្លែងណាក៏ដោយ ។ ជួនកាល, គាត់ចង្អុលសសរទ្វារនៃប្រសាទហ្សឺពីទ័រ (Jupiter) ហើយពោលឡើងថា ៖ «ឱ! ប្រជាជនទីក្រុងអាត្ហែនបានកសាងកន្លែងមួយដ៏ស្អាត ដើម្បីឲ្យខ្ញុំបរិភោគអាហារនៅទីនេះ» ។ {បន្ថែមដោយ សមាគមពន្លឺ៖ ហ្សឺពីទ័រ Jupiter គឺជាព្រះខ្ពស់ជាងគេក្នុងចំណោមព្រះទាំងឡាយនៃទេវកថាវិទ្យារ៉ូមាំង ដូចព្រះហ្សឺស Zeus ក្នុងទេវកថាវិទ្យាក្រិកបូរាណ}

គាត់ពោលជាញឹកញាប់ថា ៖ «នៅពេលដែលខ្ញុំឃើញ ទេសាភិបាល ពេទ្យហ្ម និងទស្សនវិទូនៅក្នុងលោកនេះ​ គតិបណ្ឌិតរបស់ពួកគេធ្វើឲ្យខ្ញុំជឿថា គេជាមនុស្សមានឋានៈខ្ពស់ជាងសត្វ ក៏ប៉ុន្ដែផ្ទុយទៅវិញ នៅពេលដែលខ្ញុំឃើញគ្រូទស្សន៍ទាយ កាត់យល់សប្ដិយល់សូង និង ឃើញអ្នកដែលឆ្មើងក្រអឺតក្រអោង ដោយសារទ្រព្យសម្បត្តិនិងកិត្តិយស ខ្ញុំជឿស្លុងថា មនុស្សពិតជាសត្វឆ្កួតជាងគេតែម្ដង ។»

ថ្ងៃមួយ, ពេលដែលគាត់កំពុងតែដើរលេងកំសាន្ដតាមផ្លូវថ្នល់, គាត់ជួបប្រទះកូនក្មេងម្នាក់ដែលកំពុងយកដៃក្បង់ទឹកផឹក ។ ឌីយ៉ូសែនមានអារម្មណ៍ខ្មាស់ភ្លាម ៖ ស្អីគេ, គាត់ពោលឡើង, កូនក្មេងស្គាល់អ្វីៗដែលគេមិនត្រូវការច្បាស់ជាងខ្ញុំទៀត ! គាត់ក៏ទាញយកត្រឡោកពីថង់យាមរបស់គាត់ ហើយបោកវាចោលដូចចោះចោលគ្រឿងសង្ហារិមដែលគេលែងត្រូវការ ។

គាត់សរសើរអ្នករៀបចំខ្លួនការ ប៉ុន្ដែទីបំផុតមិនបានរៀបការ ហើយក៏សរសើរអ្នកដែលរៀបចំអីវ៉ែអីវ៉ាន់ដើម្បីចុះកប៉ាល់ ប៉ុន្ដែទីបំផុតបែរជាសម្រេចចិត្តនៅលើគោកទៅវិញ ។ គាត់ក៏សរសើរអ្នកដែលបដិសេធអំណាច ទោះបីជាគេត្រូវបានជ្រើសរើសដើម្បីដឹកនាំសាធារណរដ្ឋ ហើយក៏សរសើរអ្នកដែលវិះតែអង្គុយទទួលទានអាហារនៅតុរបស់ស្ដេចនិងលោកម្ចាស់ ប៉ុន្ដែទីបំផុតបានសម្រេចចិត្តវិលត្រឡប់ទៅផ្ទះវិញ ។

គាត់ផ្ដោតតែលើសីលធម៌ ហើយមិនសូវគិតដល់វិទ្យាសាស្ត្រផ្សេងទៀត ។ គាត់ឈ្លាសវៃ និងឆ្លើយតបយ៉ាងស្រួលនៅពេលដែលគេនិយាយទាស់នឹងគាត់ ។

គាត់មិនឲ្យតម្លៃទៅលើការរៀបការគ្នាទេ ; គាត់ចង់ឲ្យស្ត្រីជារបស់រួម ហើយបុរសអាចជ្រើសរើសស្ដ្រីណាដែលខ្លួនអាចមានលទ្ធភាពផ្ដល់សេចក្ដីស្នេហាពិតប្រាកដ ដល់នាង ។ {សេចក្ដីបញ្ជាក់ដោយសមាគមពន្លឺ ៖ ​នៅសម័យក្រិកបូរាណ គេមិនទាន់ចាត់ទុកស្ត្រីថា ជាពលរដ្ឋពេញលេញទេ}

គាត់មិនជឿថា មានអ្វីដែលទើសទាល់នៅពេលដែលគាត់ចង់ប្រើអ្វីមួយដែលគាត់ត្រូវការ ។ គាត់មិនចង់ឲ្យមនុស្សឈឺចាប់ដោយសារតែរឿងរ៉ាវផ្សេងៗឡើយ ។ គាត់តែងតែពោលថា ៖ «លួងលោមខ្លួនឯង ប្រសើរជាងព្យួរកខ្លួនឯង» ។

ថ្ងៃមួយ គាត់ចាប់ផ្ដើមនិយាយអំពីប្រធានបទមួយមធ្យ័តនិងមានប្រយោជន៍; ប៉ុន្ដែគេចេះតែដើរហួសដោយមិនស្ដាប់អ្វីដែលគាត់កំពុងនិយាយនោះទាល់តែសោះ ។ ស្រាប់តែ ឌីយ៉ូសែនចាប់ផ្ដើមច្រៀងឡើង ; ពេលនោះហើយ គេមករោមច្រើនកុះករនៅជុំវិញគាត់ ; គាត់ក៏ប្រដៅគេយ៉ាងខ្លាំងថា ពួកគេរត់មកពីគ្រប់ទិសទីដើម្បីស្ដាប់រឿងកំបុិកកំប៉ុក ប៉ុន្ដែមិនខិតខំស្ដាប់រឿងដែលគាត់លើកឡើងអំពីអ្វីៗដែលមានសារៈសំខាន់ ។

គាត់ឆ្ងល់ថា ពួកវេយ្យាករយ៍វិទូតែងតែខ្វល់ខ្វាយយ៉ាងខ្លាំង ចង់ស្គាល់សេចក្ដីទុក្ខសោកគ្រប់បែប ដែល អឺលីស (Ulysse) បានឆ្លងកាត់ ហើយពួកគេ បែរជាមិនខ្វល់ខ្វាយអំពីទុក្ខវេទនារបស់ខ្លួនឯងទៅវិញ ។ {បន្ថែមដោយ សមាគមពន្លឺ ៖ អឺលីស Ulysse គឺជាវិរៈបុរសដ៏សំខាន់ម្នាក់នៅក្នុងទេវកថាវិទ្យាក្រិកបូរាណ​}

គាត់បន្ទោសតន្រ្ដីករដោយសារគេតែងតែព្យាយាមរឹតខ្សែឧបករណ៍ភ្លេងរបស់ពួកគេយ៉ាងយូរ ទោះបីជាបញ្ញាញាណរបស់គេភ្លាវដូចខ្សែឧបករណ៍ភ្លេងរបស់គេអីចឹងដែរ, គេសមនឹងចាប់ផ្ដើមរឹតបញ្ញាញាណរបស់គេជាមុនសិន ។

គាត់ដាស់តឿនគណិតវិទូ កុំឲ្យសញ្ចឹងគិតច្រើនពេកអំពីព្រះអាទិត្យ លោកខែ និងផ្កាយផ្សេងៗទៀត ដែលបណ្ដាលឲ្យពួកគេគ្មានពេលស្រាវជ្រាវអំពីអ្វីៗដែលនៅក្រោមបាតជើងរបស់ខ្លួន ។

គាត់ឈឺត្រជៀកនៅពេលដែលវាគ្មិននិយាយរកតែឈ្នះ ប៉ុន្ដែមិនអនុវត្តទៅតាមអ្វីៗដែលគេបាននិយាយនោះឡើយ ។

គាត់រិះគន់អ្នកកំណាញ់យ៉ាងខ្លាំង ដែលនៅពីមុខធ្វើជាគ្មានជំពាក់ចិត្ត ហើយសរសើរអ្នកដែលមើលងាយទ្រព្យសម្បត្តិ ប៉ុន្ដែផ្ទុយទៅវិញ នៅពីក្រោយ គេមិនគិតអំពីអ្វីក្រៅពីប្រមូលលុយឡើយ ។

គាត់គិតថា គ្មានអ្វីអស់សំណើចជាងមនុស្សដែលទៅបុណ្យព្រះស៉ំសេចក្ដីសុខ ហើយនៅពេលដែលពិធីបុណ្យទើបតែចប់ ស្រាប់តែនាំគ្នាជប់លៀងស៊ីស្ទើរតែបែកពោះស្លាប់ ។

គាត់ក៏និយាយថា គាត់ធ្លាប់បានស្គាល់អ្នកជាច្រើនដែលខិតខំប្រកួតដណ្ដើមគ្នាញ៉ែស្រី ប៉ុន្ដែផ្ទុយទៅវិញគាត់មិនដែលឃើញគេប្រកួតដណ្ដើមគ្នាផ្នែកគុណធម៌ឡើយ ។

ថ្ងៃមួយ ឌីយ៉ូសែនសង្កេតឃើញថា ប្លាតុង (Platon) ហូបតែផ្លែអូលីវ ទោះបីជាមានម្ហូបអាហារឆ្ងាញ់ៗផ្សេងទៀតជាច្រើនមុខ ។ ហេតុអ្វីបានជា, ឌីយ៉ូសែនសួរទៅកាន់ប្លាតុង, ដែលខំធ្វើឫកជាមានគតិបណ្ឌិតថា ដូចប្លាតុងអីចឹង មិនបរិភោគម្ហូបអាហារដែលអ្នកធ្លាប់ញ៉ំានៅស្រុកសុីសុីល (Sicile) កាលពីមុន ? ខ្ញុំ, ប្លាតុងឆ្លើយតប, ហូបតែគ្រាប់កាប្រ(câpres) អូលីវ និងអាហារផ្សេងៗដែលស្រដៀងផ្លែនោះ នៅពេលដែលខ្ញុំរស់យ៉ាងសាមញ្ញនៅស្រុកសុីសុីល ក៏ដូចសព្វថ្ងៃនេះដែរ ។ ស្អីគេ ? ឌីយ៉ូសែនតប, ចាំបាច់ទៅដល់ស៊ីរ៉ាគុស (ក្រុង Syracuse ស្ថិតនៅស្រុកសុីសុីល) គ្រាន់តែញ៉ំាអីចឹង ? តើនៅសម័យនោះ គ្មានទាំងគ្រាប់កាប្រ និងអូលីវនៅក្រុងអាត្ហែននេះឬ ?

ថ្ងៃមួយ ប្លាតុកំពុងទទួលភ្ញៀវដែលត្រូវជាមិត្តភ័ក្ដិរបស់ ដឺនីស ស្ដេចផ្ដាច់ការ (Denys le tyran) ។ ឌីយ៉ូសែនដើរចូលផ្ទះប្លាតុង ឈរយ៉ាងខែងលើព្រំដ៏ស្អាតមួយ ហើយពោលថា ៖ ខ្ញុំឈរលើភាពសម្បូរបែបរបស់ប្លាតុង ។ ត្រូវហើយឌីយ៉ូសែន, ប្លាតុងឆ្លើយតប, ប៉ុន្ដែវាជាភាពសម្បូរបែបដោយឡែកមួយទៀត ។

ថ្ងៃមួយអ្នកបំពាននិយមម្នាក់ (sophiste) ចង់បង្ហាញប្រាជ្ញារបស់ខ្លួនទៅកាន់ឌីយ៉ូសែន ដោយពោលថា ៖ លោកមិនមែនដូចខ្ញុំទេ ; ខ្ញុំជាមនុស្ស ដូច្នេះហើយលោកមិនមែនជាមនុស្សទេ ។ ឌីយ៉ូសែនតបថា ៖​ វិចារណកម្ម (raisonnement) នេះអាចពិត ប្រសិនបើឯងចាប់ផ្ដើមដោយនិយាយថា ឯងនេះមិនដូចខ្ញុំទេ អញ្ជិះវិញ អ៊ីចឹងទៅនៅពេលនោះទើបសន្និដ្ឋានថា ខ្លួនឯងនេះមិនមែនជាមនុស្សទេ ។ ជននេះក៏សួរគាត់បន្ដថា តើគាត់បានជួបប្រទះមនុស្សប្រកបដោយគតិបណ្ឌិតនៅទីណាខ្លះ ៖​ ខ្ញុំធ្លាប់បានជួបប្រទះកូនក្មេងខ្លះនៅទីក្រុងឡាសេដេម៉ូន (Lacédémone), ឌីយ៉ូសែនឆ្លើយតប, ប៉ុន្ដែបើនិយាយពីមនុស្សវិញ ខ្ញុំមិនដែលបានជួបប្រទះសោះ ។

នៅសម័យថ្ងៃមួយ គាត់ដុតចង្កៀងគោមកាន់ដើរទាំងថ្ងៃត្រង់ ; គេនាំគ្នាសួរគាត់ តើគាត់កំពុងស្វែងរកអ្វីដែរ ៖​ ខ្ញុំកំពុងតែស្វែងរកមនុស្សម្នាក់, គាត់ឆ្លើយតប ។

Cette image a un attribut alt vide ; le nom du fichier est diogene-le-cynique-cherchant-un-homme-c7d1c8-1024.jpg
Diogène le cynique cherchant un homme
ឌីយ៉ូសែនកំពុងរកមនុស្សម្នាក់

នៅពេលមួយទៀត គាត់ស្រែកឡើងនៅកណ្ដាលផ្លូវ ៖ ឱ មនុស្សលោកអើយ ! មនុស្សក៏មករោមចោមជិតជ៉ំវិញគាត់ ; ឌីយ៉ូសែនក៏យកដំបងដេញពួកគេឲ្យចេញទៅវិញ ៖ ខ្ញុំហៅរកមនុស្សទេតើ, គាត់ពោល ។

ថ្ងៃមួយ ដេម៉ូស្ថែន (Démosthène) កំពុងបរិភោគអាហារពេលល្ងាចនៅរង្គសាលមួយ ; ស្រាប់តែគាត់ឃើញឌីយ៉ូសែនដើរកាត់ ; គាត់រត់ទៅពួនភ្លាម ។ ឌីយ៉ូសែនបានឃើញគាត់ពីចម្ងាយ ៖ មិនបាច់ពួនទេ, ឌីយ៉ូសែនពោលទៅកាន់គាត់, ពីព្រោះឯងពួនកាន់តែជ្រៅក្នុងរង្គសាលនេះ ឯងក៏លិចចុះបាត់ទៅក្នុងរង្គសាលនេះក៏កាន់តែជ្រៅដែរ ។

នៅពេលមួយទៀត គាត់ឃើញថា ដេម៉ូស្ថែននេះទទួលភ្ញៀវបរទេសឲ្យចូលជួបគាត់ ។ ឌីយ៉ូសែនដើរតម្រង់ទៅជួបគេ ; គាត់យកម្រាមដៃទៅចង្អុលដេម៉ូស្ថែន ហើងពោលទាំងអស់សំណើចថា ៖ «នែហ៍ ! សូមមើលមុខគាត់ឲ្យច្បាស់ទៅ ; នេះហើយគឺមហាវាគ្មិននៃទីក្រុងអាត្ហែន (Athènes)» ។

នៅថ្ងៃមួយ ឌីយ៉ូសែនកំពុងស្ថិតនៅក្នុងវាំងដ៏ស្អាតអស្ចារ្យមួយ សម្បូរទៅដោយមាសនិងថ្មកែវ ។ ក្រោយពីបានមើលពិនិត្យទ្រព្យសម្បត្តិទាំងនោះយ៉ាងល្អិតល្អន់ គាត់ក៏តាំងក្អក, លតែខាកបន្ដិច ហើយស្ដោះទឹកមាត់ទៅលើមុខជនស្រុកហ្វ្រីស្សី (Phrygien) ដែលកំពុងណែនាំវាំងនេះឲ្យគាត់ ។ មិត្តអើយមិត្ត, ឌីយ៉ូសែនពោលទៅកាន់ជននេះ, ខ្ញុំមិនដែលបានឃើញកន្លែងស្មោកក្រោកជាងនេះដែលអាចទទួលកំហាករបស់ខ្ញុំ ។

នៅសម័យថ្ងៃមួយ គាត់មិនបានកោរពុកមាត់ត្រឹមត្រូវ ក៏ចូលក្នុងបន្ទប់ដែលយុវជនពីរនាក់អ្នកកំពុងប្រលែងគ្នា ; គេបានវាយដេញគាត់ឲ្យចេញ ។ ដើម្បីដាក់ទណ្ឌកម្មលើគេ គាត់បានសរសេរឈ្មោះរបស់អ្នកដែលធ្លាប់បានវាយគាត់នៅលើកូនក្រដាសមួយ ហើយបានព្យួរក្រដាសនោះនៅលើស្មាគាត់នៅពេលដែលគាត់ដើរលេងកំសាន្ដតាមផ្លូវថ្នល់ ដើម្បីឲ្យប្រជាជនដឹង ព្រមទាំងដាក់ទោសលើគេ ។ ថ្ងៃមួយទៀត ជនខិលខូចម្នាក់ជេរស្ដីឲ្យឌីយ៉ូសែនព្រោះហេតុថាគាត់ក្រ ។ ខ្ញុំមិនដែលបានដាក់ទោសលើនរណាម្នាក់ដោយសារតែគាត់ក្រទេ, ដីយ៉ូសែនពោល, ផ្ទុយទៅវិញ ខ្ញុំធ្លាប់ឃើញគេព្យួរកអ្នកខ្លះព្រោះតែគេជាជនខិលខូច ។

គាត់តែងតែនិយាយថា ជាទូទៅវត្ថុដែលមានប្រយោជន៍ជាងគេ គឺវត្ថុដែលមានតម្លៃទាបជាងគេ ; រូបចម្លាក់មួយមានតម្លៃបីពាន់អេគុយ ហើយម្សៅមួយបាវត្រឹមតែម្ភៃសុល (កាក់) ។ ថ្ងៃមួយ នៅពេលដែលគាត់ប្រុងចូលក្នុងកន្លែងមុជទឹករួម គាត់សង្កេតឃើញថាទឹកកខ្វក់ ៖ ក្រោយពីបានមុជទឹកនៅទីនេះ,ឌីយ៉ូសែនសួរ, តើយើងគួរទៅលាងខ្លួននៅឯណាបានស្អាត ?

នៅថ្ងៃមួយ ពួកស្រុកម៉ាសេដ្វាន (Macédoine) បានចាប់ឌីយ៉ូសែននៅជិតទីក្រុងសេរ៉ូណេ (Chéronée) ហើយពួកគេក៏បានណែនាំគាត់ភ្លាមៗទៅឲ្យស្ដេចហ្វីលីប (Philippe) ។ ស្ដេចហ្វីលីបបានសួរគាត់តើគាត់ជានរណាដែរ ៖​ ខ្ញុំជាគិញនៃសេចក្ដីល្មោភមិនចេះស្កប់ស្កល់របស់អ្នក,ឌីយ៉ូសែនឆ្លើយតប ។ ស្ដេចពេញចិត្តពេញថ្លើមនឹងចម្លើយឌីយ៉ូសែន រួចក៏រំដោះ ហើយព្រមទាំងដេញគាត់ចេញយ៉ាងប្រញាប់ ។

ឌីយ៉ូសែនជឿថា អ្នកមានគតិបណ្ឌិត មិនអាចខ្វះអ្វីឡើយ ហើយពួកគាត់សឹងតែអាចប្រើប្រាស់អ្វីៗដែលពួកគាត់ត្រូវការ ៖​ អ្វីៗទាំងឡាយជារបស់ព្រះ, គាត់ពោល ; នៅក្នុងចំណោមមិត្តភ័ក្ដិ អ្វីៗទាំងអស់គឺជាវត្ថុរួម, ដូច្នេះហើយអ្វីៗទាំងអស់ក៏ជារបស់អ្នកប្រកបដោយគតិបណ្ឌិតផងដែរ ។ ហេតុនេះហើយ នៅពេលគាត់ត្រូវការប្រើប្រាស់អ្វីមួយ គាត់តែងតែទៅស៉ំរបស់នោះពីមិត្តភ័ក្ដិវិញ ។

Cette image a un attribut alt vide ; le nom du fichier est puget_-_diogenes_alexander_louvre.jpg
ការជួបប្រទះរវាងឌីយ៉ូសែន និង ស្ដេចអាឡេចសង់ (ចម្លាក់លិប ឆ្លាក់ដោយ Puget នៅឆ្នាំ១៦៨៩ តាំងនៅសារមន្ទីរ Louvre ទីក្រុងប៉ារីស៍)

ថ្ងៃមួយ ស្ដេចអាឡេចសង់ (Alexandre Le Grand) ដែលកំពុងឆ្លងកាត់តាមស្រុកកូរ៉ំាងត្ហ (Corinthe), មានគំនិតចង់ទៅជួបឌីយ៉ូសែនដែលកំពុងស្ថិតនៅទីនោះ ។ គាត់បានរកឃើញឌីយ៉ូសែន កំពុងអង្គុយហាលថ្ងៃ ហើយយកជ័រស្អិតមកប៉ះធុងរបស់គាត់ ។

– «ខ្ញុំគឺជាមហាស្ដេចអាឡេចសង់» គាត់ពោលទៅកាន់ឌីយ៉ូសែន ។

– «ចំណែកឯខ្ញុំវិញ ខ្ញុំគឺជាឆ្កែដែលមានឈ្មោះ ឌីយ៉ូសែន» ទស្សនវិទូឆ្លើយមក ។

– «ឯងមិនកោតខ្លាចខ្ញុំទេឬ ?» ស្ដេចអាឡេចសង់សួរបន្ដ ។

– «តើអ្នកមានចិត្តល្អ ឬចិត្តអាក្រក់ ?» ឌីយ៉ូសែនសួរ ។

– «ខ្ញុំមានចិត្តល្អ» អាឡេចសង់ឆ្លើយភ្លាម ។

– «តើនរណាទៅកោតខ្លាចអ្នកដែលមានចិត្តល្អនោះ ?» ឌីយ៉ូសែនតប ។

ស្ដេចអាឡេចសង់កោតសរសើរភាពឈ្លាសវៃ និងរបៀបរស់នៅដោយសេរីរបស់ឌីយ៉ូសែន ។ ក្រោយពីបានជជែកជាមួយគ្នាមួយភ្លែត គាត់ពោលថា ៖​ «ឌីយ៉ូសែន ខ្ញុំសង្កេតឃើញថា ឯងខ្វះសម្ភារៈជាច្រើន ; ខ្ញុំអាចជួយជ្រោមជ្រែងឯងបានយ៉ាងស្រួល ; ឲ្យតែប្រាប់ខ្ញុំថា ឯងត្រូវការអ្វីខ្លះ ។»

– «សូមមេត្តាខិតបន្ដិច, ឌីយ៉ូសែនឆ្លើយតប, កុំបាំងថ្ងៃខ្ញុំ»

អាឡេចសង់ឆ្ងល់យ៉ាងខ្លាំងថា អាចមានមនុស្សបែបនេះដែលមិនរវល់ទាល់តែសោះនឹងការគួរសមដូចមនុស្សទូទៅ ។

– ឌីយ៉ូសែនបន្តសួរ ៖ «តើនរណាជាអ្នកមានជាងគេ រវាងអ្នកដែលពេញចិត្តនឹងអាវម៉ង់តូនិងថង់យាមរបស់ខ្លួន និងអ្នកដែលមិនដែលពេញចិត្តនឹងទឹកដីចក្រភពរបស់ខ្លួនហើយសុខចិត្តប្រថុយប្រថានរាល់ថ្ងៃដើម្បីដណ្ដើមពង្រីកទឹកដីបន្តទៅទៀត ?»

អ្នកហែរហមស្ដេចអាឡេចសង់ហួសចិត្តក្រេវក្រោធ ដោយឃើញថា ស្ដេចផ្ដល់កិត្តិយសយ៉ាងនេះទៅឲ្យឆ្កែមួយដូចឌីយ៉ូសែននេះ ដែលសូម្បីតែងើបក្ដិតពីដីក៏មិនព្រមផង នៅចំពោះមុខស្ដេចយ៉ាងនេះទៅហើយ ។ អាឡេចសង់បានសង្កេតឃើញឥរិយាបថរបស់ពួកអ្នកហែរហម ; គាត់ក៏បែរខ្លួនទៅកាន់ពួកនោះ ហើយពោលថា ៖ «ប្រសិនបើខ្ញុំមិនបានកើតជាអាឡេចសង់នោះទេ ខ្ញុំចង់កើតជាឌីយ៉ូសែនតែម្ដង ។»

Cette image a un attribut alt vide ; le nom du fichier est giovanni_battista_tiepolo_-_alexander_the_great_and_diogenes.jpg
ស្ដេចអាឡេចសង់ និង ឌីយ៉ូីសែន គំនូរគូរដោយ Giambattista Tiepolo នៅឆ្នាំ១៧៧០ តាំងនៅសារមន្ទីរ Ermitage ទីក្រុង Saint-Petersbourg ប្រទេសរុស្ស៉ី

(ខាងក្រោមនេះ អត្ថបទប្រែសម្រួលដោយ លោក សុទ្ធ ប៉ូលិន)

…ថ្ងៃមួយ ពេលដែលឌីយ៉ូសែនដើរឆ្លងកាត់តាមស្រុកអឺស៊ីន (Egine), គាត់បានត្រូវពួកចោរចាប់នាំខ្លួនយកទៅលក់នៅទីផ្សារសាធារណៈនៅស្រុកក្រែត (Crète) ។ គាត់ហាក់ដូចជាគ្មានរវីរវល់ខ្វល់ខ្វាយនៅក្នុងរឿងនេះសោះ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បញ្ចេញឫកពារ រំភើយគឺមិនបានប្រឹងប្រែងរំដោះខ្លួនអំពីសភាពការណ៍ទាល់ច្រក នេះថែមទៀតផង ។ គាត់ឃើញជនម្នាក់ឈ្មោះសេនីញ៉ាដ (Xéniade) ដែលមានរូបរាងធំធាត់ ស្លៀកពាក់ស្អាតបាតដើរឆ្លងកាត់តាមទីនោះ, គាត់ក៏ពោលឡើងថា ៖

– ត្រូវតែលក់ខ្ញុំទៅឲ្យជនម្នាក់នេះ, ពីព្រោះបើតាមខ្ញុំមើលទៅ ជននេះទំនងដូចជាត្រូវការរកចៅហ្វាយម្នាក់ ។

នៅពេលដែលសេសេនីញ៉ាដដើរចូលមកជិត ដើម្បីតថ្លៃរូបគាត់, គាត់ក៏ពោលទៅកាន់ជននេះថា ៖ មក, អាកូន, មកតថ្លៃ ទិញយកមនុស្សម្នាក់ពិត ។

នៅពេលដែលគេសួរគាត់ថា តើគាត់ចេះធ្វើអ្វីខ្លះ, គាត់បានឆ្លើយថា គាត់មានទេពកោសល្យខាងបង្គាប់បញ្ជារ ។ នែហ៍ហេរ៉ូត៍ ! {បញ្ជាក់ដោយសមាគមពន្លឺ ៖ ហេរ៉ូត៍ héraut ជាជនដែលផ្សាយពត៌មានសំខាន់ៗជាសាធារណៈ} ចូរផ្សព្វផ្សាយដំណឹងឲ្យដឹងថា បើនរណាម្នាក់ត្រូវការចង់បានចៅហ្វាយនាយ… ត្រូវឲ្យមកទិញរូបខ្ញុំចុះ ។

ជនដែលមានភារៈលក់រូបគាត់បានហាមប្រាមគាត់មិនឲ្យអង្គុយ ៖

– យ៉ាងម៉េចក៏បានដែរ, ឌីយ៉ូសែនថ្លែងវាចា, នៅពេលដែលគេទិញសត្វត្រី តើមាននរណាដែលខ្វល់ខ្វាយនឹងវាឈរ ឬអង្គុយឬទេ ? ហើយខ្ញុំឆ្ងល់យ៉ាងខ្លាំងណាស់គ្មាននរណាម្នាក់ដែលទិញគំរបឆ្នាំងណាមួយ ដោយមិនបានយកទៅគោះផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់មើលថាតើដែកវាល្អឬមិនល្អផងទេ, ប៉ុន្តែដល់គេទិញរហូតដល់មនុស្ស ក៏ស្រាប់តែគេបែរជាឈរមើលទៅវិញ ? ចម្លែកមែនៗ !

នៅពេលដែលគេបានតថ្លៃគ្នាត្រូវរូវរួចអស់ហើយ គាត់ក៏បានពោលទៅកាន់សេនីញ៉ាដដូច្នោះថា ៖

– បើទោះជាខ្លួនអញនៅពេលនេះជាខ្ញុំកញ្ជះរបស់ឯងក៏ដោយចុះ, ឯងត្រូវរៀបចំខ្លួនឲ្យហើយជាស្រេច ដើម្បីធ្វើអ្វីៗឲ្យស្របតាមគោលបំណងរបស់អញ ។ ពីព្រោះថា បើទោះជាអញបម្រើឯង ក្នុងនាមជាពេទ្យហ្មរក្ដី ឬក៏ជាភូឈួយរបស់ឯងក្ដីក្នុងប្រភេទណាក៏ដោយ, ឯងត្រូវតែស្ដាប់បង្គាប់បញ្ជាររបស់អញ… ។

សេនីញាដក៏បានប្រគល់កូនរបស់ខ្លួនច្រើនគ្នាឲ្យឌីយ៉ូសែនបង្ហាត់បង្រៀន ។ ឌីយ៉ូសែនបានខំប្រឹងយកចិត្តទុកដាក់ក្នុងកិច្ចការនេះជាខ្លាំង ។ គាត់បានបង្ហាត់បង្រៀនក្មេងទាំងនេះ ឲ្យទន្ទេញចាំមាត់នូវភាគល្អៗរបស់អ្នកកវីចម្រុះ, និងសេចក្ដីបំព្រួញទស្សនវិជ្ជាដែលគាត់បានតុបតែងផ្ទាល់ដៃ សម្រាប់ពួកក្មេងៗទាំងនេះ ។ គាត់បានបង្ហាត់បង្រៀនក្មេងទាំងនេះ ឲ្យហ្វឹកហ្វឺនក្នុងការបោកចំបាប់, ក្នុងការបរបាញ់, ក្នុងការជិះសេះ, ឲ្យថ្នឹកជំនាញក្នុងការបាញ់ព្រួញ និងឈើពាម ។ គាត់ទម្លាប់ក្មេងទាំងនេះឲ្យរស់ក្នុងសភាពធម្មតាជាទីបំផុត, ឲ្យផឹកតែទឹក នៅក្នុងពេលបរិភោគអាហារជាប្រក្រតី ។ គាត់បានស្នើសុំឲ្យគេកោរក្មេងទាំងនេះរហូតដល់ស្បែក ។ គាត់នាំក្មេងទាំងនោះ ដើរតាមថ្នល់ជាមួយគាត់, ដោយឲ្យពួកវាស្លៀកពាក់របៀបអន់ខ្សោយជាទីបំផុត ជួនកាលឥតមានអាវព្រមទាំងគ្មានស្បែកជើងផងទេ ។ ចំណែកពួកក្មេងទាំងនេះវិញ មានសេចក្ដីស្រឡាញ់ពេញចិត្តនឹងឌីយ៉ូសែនខ្លាំងណាស់… ហើយតែងតែពោលពាក្យសរសើរអំពីឌីយ៉ូសែន ប្រាប់ឪពុកម្ដាយរបស់វាជានិច្ចជាកាល ។

…នៅពេលដែលឌីយ៉ូសែនកំពុងតែធ្លាក់ខ្លួនទៅក្នុងទាសភាពបែបនេះ មានមិត្តភ័ក្ដិមួយក្រុមបានរៀបចំគំរោងការណ៍រំដោះគាត់ឲ្យមានសេរីភាពមកវិញ ។ «ពួកអ្នកកំពុងតែឆ្កួតឡប់ៗទេដឹង ? គាត់បានពោលទៅកាន់អ្នកទាំងនេះ ។ តើអស់លោកចំអកឲ្យខ្ញុំឬយ៉ាងណា ៖ ចូរដឹងថាសត្វរាជសីហ៍ វាមិនដែលធ្វើខ្ញុំកញ្ជះរបស់អ្នកណាដែលចិញ្ចឹមវានោះទេ ? ផ្ទុយទៅវិញ គឺពួកអ្នកចិញ្ចឹមនោះទៅវិញទេ ដែលជាខ្ញុំកញ្ជះរបស់វា» ។

ថ្ងៃមួយ, ឌីយ៉ូសែនបានឮជនឃោសនាម្នាក់ដែលបានប្រកាសផ្សព្វផ្សាយដំណឹង ថាជនឈ្មោះឌីយ៉ូស៊ីព (Dioxipe) បានទទួលជ័យជំនះទៅលើមនុស្សដទៃទៀតនៅក្នុងការប្រកួតកីឡាអូឡាំពិក ។

– នែហ៍សំឡាញ់, ឌីយ៉ូសែនពោលទៅកាន់ជនឃោសនា, ចូរឯងនិយាយថាជាពួកជនកញ្ជះគេ និងជាពួកជនអភ័ព្វវិញទើបត្រូវ ។ គឺអញឯណេះទៅវិញទេ ដែលមានជោគជ័យទៅលើមនុស្សម្នាផងទាំងឡាយ ។

នៅពេលដែលគេនិយាយទៅកាន់គាត់ថា ៖ «អ្នកឯងចាស់ហើយ, ល្មមដល់ពេលឈប់សម្រាកហើយទេដឹង ?», គាត់ក៏បានឆ្លើយតបវិញថា ៖ «យ៉ាងម៉េច, បើខ្ញុំជាអ្នករត់ប្រណាំងម្នាក់, តើត្រូវបោះបង់ខ្ញុំចោលនៅពេលចុងចប់នៃការប្រកួតរបស់ខ្ញុំឬ ? តើលោកអ្នកមិនយល់ថា ខ្ញុំគួរតែខំប្រឹងប្រែងឲ្យបានចប់ចុងចប់ដើមឬទេ ឬក៏យ៉ាងណា ?» ។

ក្នុងពេលដែលគាត់កំពុងតែដើរលេងកំសាន្ដតាមផ្លូវថ្នល់, គាត់បានសង្កេតឃើញបុរសម្នាក់ដែលបានធ្វើឲ្យធ្លាក់នំបុ័ង ហើយជននេះមានសេចក្ដីអៀនខ្មាស់ជាខ្លាំងក្នុងការឈោងរើសយករបស់នេះមកវិញ ។ ឌីយ៉ូសែនក៏បានរើសអំបែងដបមួយយកមកចងបណ្ដើរអាក្រោសពេញពាសទីក្រុង ដើម្បីបង្ហាញឲ្យឃើញថាគេមិនត្រូវមានសេចក្ដីខ្មាស់អៀនសោះឡើយក្នុងការដែល គេខំប្រឹងប្រែងកុំឲ្យបង់ខាតអ្វីទាំងអស់ ។

– ខ្ញុំក៏ដូចជាអ្នកលេងភ្លេងដ៏ប្រសើរម្នាក់, ខ្ញុំបោះបង់ចោលសម្លេងដ៏ពិរោះ ដើម្បីឲ្យវាធ្លាក់ទៅជាសម្បត្ដិទ្រព្យរបស់អ្នកដទៃ

ថ្ងៃមួយ, បុរសម្នាក់បានមកស្នើសុំធ្វើជាសាវ័ករបស់គាត់ ។ ឌីយ៉ូសែនក៏បានប្រគល់សាច់សំបុងមួយដុំ (សាច់ផ្លូវជ្រូកហាលផ្សែង) ឲ្យបុរសនេះកាន់ ព្រមទាំងប្រាប់ជននេះឲ្យដើរតាមគាត់ ។ បុរសនេះមានសេចក្ដីអាមាស់ក្រៃលែង ក្នុងការកាន់សាច់ជ្រូកដើរយួរតាមផ្លូវថ្នល់ ម្ល៉ោះហើយគេក៏គ្រវែងសាច់មួយដុំនេះចោលបាត់ទៅ ។ បីបួនថ្ងៃក្រោយមក ឌីយ៉ូសែនបានជួបប្រទះជនដដែលនេះ ហើយគាត់ក៏បានពោលថា ៖ «យ៉ាងម៉េច, សាច់សំបុងមួយដុំអាចធ្វើឲ្យខូចមិត្តភាពរបស់យើងបានដែរហ្ន៎ ? គួរដែរ ! គួរដែរ !» ។

នៅពេលដែលគាត់កំពុងដើរលំហែកាយ ដើម្បីយកខ្យល់អាកាស គាត់បានឃើញស្រីម្នាក់កំពុងតែស្លុងខ្លួនយ៉ាងខ្លាំងក្នុងការថ្វាយបង្គំព្រះ រហូតដល់លេចគូទចេញនៅកណ្ដាលវាល ។ ឌីយ៉ូសែនក៏ស្ទុះហេរទៅជិតស្រីម្នាក់នោះព្រមទាំងពោលថា ៖ «នែហ៍ ! នាងស្រីកំសត់… នាងត្រូវដឹងថា ព្រះនៅពីខាងមុខនាងឯង ក៏ដូចតែនៅពីខាងក្រោយផងដែរ, ប្រយ័ត្នព្រះឃើញរូបឯងកំពុងស្ថិតនៅក្នុងសភាពការណ៍ចំតិតចំតូងឥតមេត្តាធម៌ដូច្នេះហ្នា៎ !» ។

នៅពេលដែលឌីយ៉ូសែន កំពុងសញ្ជឹងគិតពិចារណាទៅលើក្បួនជីវិតរបស់គាត់ គាត់ពោលព្រមទាំងសើចផងថា អ្វីៗដែលជាពាក្យប្រទេចផ្ដាសារនៅក្នុងល្ខោនសោកនាដកម្មជាធម្មតា បានធ្លាក់មកលើរូបគាត់តែទាំងអស់ ៖ គាត់ជាមនុស្សម្នាក់គ្មានទីលំនៅ, គ្មានទីក្រុង, គ្មានស្រុកទេស, គ្មានមាតុភូមិ, រស់មួយថ្ងៃហូបមួយថ្ងៃ ក៏ប៉ុន្តែគាត់បានយកចិត្តមានះរបស់គាត់ទៅទប់ទល់នឹងព្រេងវាសនា, យកធម្មជាតិទៅទប់ទល់នឹងទំនៀមទម្លាប់ប្រពៃណី, យកគោលគំនិតទៅទប់ទល់នឹងការភ្លើតភ្លើននៃដួងព្រលឹង ។

ថ្ងៃមួយបុរសម្នាក់បានស្នើសួរគាត់ ដើម្បីគ្រាន់ចង់ដឹងថា តើនៅពេលណា ជាការគួរសមក្នុងការបរិភោគអាហារ ។

– បើឯងជាអ្នកមាន, គាត់ពោល, ឯងចង់ហូបពេលណាក៏បាន ស្រេចនឹងចិត្តឯង ។ ក៏ប៉ុន្តែបើឯងជាអ្នកក្រវិញ ឯងឆីនៅពេលណាដែលអាចធ្វើបាន…

ពួកអ្នកទីក្រុងអាត្ហែនខ្លះ បានស្នើសុំឲ្យគាត់ចូលទៅរៀនវិជ្ជាអាថ៌កំបាំងរបស់ពួកគេ, ដោយអះអាងថា ពួកជនណាដែលចេះវិជ្ជានេះ ច្បាស់ជានឹងបានឡើងបុណ្យស័ក្ដិយសខ្ពស់បំផុតនៅពេលទៅកាន់បរលោក ។ ឌីយ៉ូសែនក៏បានឆ្លើយតបទៅអ្នកទាំងនោះវិញថា ៖ « ជារឿងមួយគួរឲ្យអស់សំណើចខ្លាំងណាស់ ដែលអាយេស៊ីឡោ (Agesilaüs) និងអេប៉ាមីណុងដាស (Epaminondas) ត្រូវរស់នៅក្នុងភក់ នៅពេលដែលពួកអ្នកឯទៀតដែលបានចូលរៀនក្បួនវិជ្ជារបស់ពួកអ្នកឯង ដែលសុទ្ធសឹងតែជាជនអភ័ព្វសោះ បែរជាបានឡើងទៅរស់នៅលើឋានសួគ៌ទៅវិញ ! » ។

ឌីយ៉ូសែនតែងតែមានទម្លាប់យកទឹកអប់ទៅលាបនៅលើជើងរបស់គាត់ ។ នៅពេលដែលគេសួរគាត់ថា ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ, គាត់បានឆ្លើយថាក្លិនទឹកអប់ បើកាលណាគេយកទៅលាបនៅលើក្បាល វាច្បាស់ជានឹងហើរឡើងទៅលើអស់ទៅហើយ… ក៏ប៉ុន្តែបើកាលណាគេយកទៅលាបជើងវិញ វាច្បាស់ជានឹងហើរចូលច្រមុះជាមិនខាន ។

ព្រឹទ្ធាចារ្យក្រៀវម្នាក់ដ៏មានចិត្តអាក្រក់សាមាន្យបានសរសេរនៅមាត់ទ្វារចូលនៃគេហដ្ឋានរបស់ខ្លួនថា ៖ «មិនត្រូវមានអ្វីដែលជាអាក្រក់សាមាន្យចូលតាមទ្វារនេះឡើយ» ។ ឌីយ៉ូសែនក៏ពោលថា ៖ «ចុះម្ចាស់ផ្ទះនោះ… តើខ្លួនគេត្រូវចូលតាមច្រកណាទៅវិញដែរ ?» ។

ថ្ងៃមួយមានទស្សនវិទូមួយចំនួនចង់បង្ហាញឲ្យឌីយ៉ូសែនយល់ថានៅលើភពផែនដីនេះ គ្មានចលនាសោះនោះទេ ។ ឌីយ៉ូសែនក៏ងើបឈរឡើង ហើយដើរទៅវិញទៅមក ។ «តើលោកកំពុងធ្វើអីហ្នឹង ?», ទស្សនវិទូម្នាក់បានចោទសំណួរចំពោះគាត់ ។ «អញកំពុងតែបដិសេធទ្រឹស្ដីរបស់ឯងហ្នឹង», ឌីយ៉ូសែនឆ្លើយ ។

ជនម្នាក់បានពោលរៀបរាប់អំពីតារាវិទ្យា, គាត់ក៏បានសួរទៅវិញដូច្នេះថា ៖ «តើឯងធ្លាប់បានចុះពីលើមេឃមកវិញជាយូរយារណាស់មកហើយពិតមែនឬ ?» ។

ប្លាតុង (Platon) បានឲ្យនិយមន័យទៅដល់មនុស្សថាជាសត្វមានជើងពីរ តែពុំមានស្លាប ។ ឌីយ៉ូសែនក៏ចាប់មាន់គកមួយមកបោចស្លាបអស់រលីង ហើយយកទៅលាក់ក្នុងអាវម៉ង់តូរបស់គាត់, រួចគាត់ដើរឆ្ពោះទៅបណ្ឌិតសភារបស់ប្លាតុង ។ ទៅដល់ទីនោះភ្លាម គាត់ក៏ទាញយកមាន់ពីក្នុងអាវម៉ង់តូរបស់គាត់ ហើយពោលដោយបោះមាន់ទៅកណ្ដាលចំណោមសាវ័ករបស់ប្លាតុងថា ៖ «នេះហើយ គឺជាមនុស្សរបស់ប្លាតុង» ។ ប្លាតុងក៏មានកាតព្វកិច្ចត្រូវដូរនិយមន័យរបស់គាត់ ដោយបន្ថែមថា, សត្វនោះមានក្រចករីកធំទូលំទូលាយ ។

ឌីយ៉ូសែន ដោយធ្វើដំណើរកាត់តាមស្រុកមេក្ហារ (Mégare) បានសង្កេតឃើញថាក្មេងៗនៅទីនោះមានសភាពអាក្រាតននលគក ចំណែកហ្វូងសត្វចៀមនៅទីនោះវិញមានរោមក្រាស់ (ឡែន) ពាសពេញខ្លួនវា ។ «នៅទីនេះ, ឌីយ៉ូសែនពោល, មានឋានៈជាសត្វចៀម វាគ្រាន់បើជាងមានឋានៈជាកូនក្មេង» ។

ថ្ងៃមួយ នៅពេលដែលគាត់កំពុងអង្គុយបរិភោគ, ឌីយ៉ូសែនបានសង្កេតឃើញមានសត្វកណ្ដុរមួយចំនួនដែលមកអង្គៀមស៊ីចំណិតនំបុ័ងរបស់គាត់នៅក្រោមតុ ។ «យី អើ ! គាត់លាន់មាត់, ឌីយ៉ូសែនក៏ចិញ្ចឹមពួកប៉ារាស័យ (parasites) មួយចំនួនផងដែរហ្ន៎ ?» ។

ដោយនៅពេលនោះ, ឌីយ៉ូសែនគាត់ទើបតែចេញពីកន្លែងមុជទឹក, មានគេសួរគាត់ថា តើមានមនុស្សច្រើនគ្នាមកស្រង់ទឹកនៅកន្លែងនោះឬដែរ… គាត់បានឆ្លើយតបថាឥតមានមនុស្សទេ ។ ក៏ប៉ុន្តែ, គេសួរតបគាត់វិញ, ក្រែងទីកន្លែងនោះមានសភាពអ៊ូអរណាស់មែនទេ ? – អ៊ូអរសម្បើមមែនទែន, គាត់ឆ្លើយ ។

ថ្ងៃមួយ, គេបានសុំអញ្ជើញគាត់ឲ្យចូលរួមក្នុងពិធីជប់លៀងមួយ ។ គាត់បានបដិសេធសំណើនេះ ដោយសំអាងថា, កាលពីថ្ងៃម្សិលគេបានអញ្ជើញគាត់ម្ដងរួចទៅហើយៗក៏គ្មាននរណាម្នាក់បានសំដែងអំណរគុណចំពោះគាត់ទាល់តែសោះក្នុងរឿងនេះ ។

សម័យថ្ងៃមួយ បុរសម្នាក់សែងឈើផ្លាននៅលើស្មាបានដើរទៅទង្គិចរូបគាត់, ព្រមទាំងពោលថា ៖ «ចូរឯងប្រយ័ត្ន !» ។ «យ៉ាងម៉េច, ឌីយ៉ូសែនពោលតប, ឯងចង់បុកអញម្ដងទៀតឬយ៉ាងណា ?» បីបួនថ្ងៃក្រោយមក រឿងដូច្នេះក៏បានកើតឡើងម្ដងទៀត ។ ឌីយ៉ូសែនបានយកដំបងឈើច្រត់ របស់គាត់វាយសំពងជនដែលបានទង្គិចគាត់ដោយពោលថា៖ «ឯងត្រូវប្រយ័ត្នខ្លួនឯងទៅ !» ។

ថ្ងៃមួយ គាត់បានត្រូវទទឹកទឹកភ្លៀងយ៉ាងជោគជាំ… ដោយមានដំណក់ទឹកហូរជ្រួតជ្រាបពាសពេញនៅគ្រប់ទីកន្លែងអាវម៉ង់តូរបស់គាត់ ។ ពួកអ្នកដែលឈរមើលគាត់មានចិត្តអាណិតអាសូរចំពោះគាត់ជាខ្លាំង ។ ប្លាតុងដែលឈរនៅទីនោះដោយចៃដន្យ បាននិយាយទៅកាន់អ្នកទាំងនោះថា ៖ «បើអស់លោកអ្នកចង់ឲ្យគាត់នេះ មានសេចក្ដីទុក្ខវេទនាពិតប្រាកដ, សូមដើរចាកចេញឆ្ងាយពីទីនេះទៅ… កុំក្រឡេកមើលរូបគាត់ឲ្យសោះ» ។

ថ្ងៃមួយ មនុស្សម្នាក់បានទះកំភ្លៀងគាត់ ។ ឌីយ៉ូសែនក៏ពោលថា ៖ ខ្ញុំមិនដឹងសោះថា ខ្ញុំត្រូវដើរតាមផ្លូវដោយមានក្បាលពាក់អាវុធ ។ ក្នុងពេលម្ដងទៀត គេបានសួរគាត់ថា តើគាត់ដែលត្រូវគេទះកំភ្លៀងនេះ ចង់បានអ្វីដែរ ? – ចង់បានមួកដែក, គាត់ឆ្លើយតបវិញ ។

មីឌីយ៉ាស (Midias) កាលថ្ងៃមួយ បានដាល់គាត់ជាច្រើនដៃហើយពោលថា ៖ ទៅ ទៅ ! ចូរអញ្ជើញទៅប្ដឹងទៅ… គេនឹងតម្រូវឲ្យឯងបង់ផាកពិន័យជាប្រាក់បីពាន់លីវ្រ ។ ថ្ងៃស្អែកឡើងឌីយ៉ូសែនកាន់ស្នាប់ដៃមួយធ្វើពីដែក ហើយព្រលែងមួយដៃចំក្បាលមីឌីយ៉ាស ព្រមទាំងពោលថា ៖ ទៅ ! ទៅប្ដឹងខ្លួនឯងទៅ ឯងនឹងត្រូវបង់ផាកពិន័យដូចគ្នា !

លីស៊ីយ៉ាស (Lysias) ជនលក់ថ្នាំម្នាក់បានសួរគាត់ថា តើគាត់មានជំនឿថាមានព្រះនៅលើមេឃពិតមែនឬទេ? រកឯណាមិនជឿ, ឌីយ៉ូសែនតបវិញ, ពីព្រោះអញដឹងថាគ្មាននរណាជាសត្រូវធំបំផុតរបស់ទេព្ដា និងរបស់ព្រះឲ្យលើសពីរូបឯងនេះទេ !

ថ្ងៃមួយឌីយ៉ូសែនបានឃើញបុរសម្នាក់កំពុងជ្រមុជខ្លួនទៅក្នុងទឹក ដោយនឹកសង្ឃឹមថា ខ្លួនគេនឹងជម្រះសំអាតខ្លួនឲ្យបានស្អាតបរិសុទ្ធ រួចផុតពីអំពើបាបនិងសេចក្ដីសៅហ្មងនានា ។ «ឱ ! ជនអភ័ព្វ, ឌីយ៉ូសែនពោលទៅកាន់ជននេះ, ឯងមានដឹងទេថា ទោះជាឯងជម្រះសំអាតខ្លួនរហូតដល់ថ្ងៃស្អែកទៀតផង… ក៏ឯងនៅតែរៀនមិនចេះវេយ្យាករណ៍… ហើយឯងនៅតែចៀសមិនផុតអំពីទុក្ខទ័ណ្ឌកម្មនៃអំពើឧក្រិដ្ឋរបស់ឯង» ។

ថ្ងៃមួយ គាត់បានឃើញក្មេងម្នាក់ស្ថិតក្នុងស្ថានភាពច្រហេងច្រហោងមិនសមរម្យ ។ គាត់បានស្ទុះទៅជួបគ្រូរបស់ក្មេងម្នាក់នេះ ហើយសំពងជននេះមួយដំបងដោយពោលថា ៖ «ម្ដេចបានជាឯងបង្រៀនវាឲ្យមានអាកប្បកិរិយាអាក្រក់អាក្រីច្រឡើសបើសយ៉ាងហ្នឹង ?» ។

ថ្ងៃមួយ, បុរសម្នាក់ចង់បង្ហាញដល់ឌីយ៉ូសែនអំពីក្បួនហោរាសាស្រ្ដដែលខ្លួនទើបបានរៀបចំតុបតែងឲ្យមានរូបរាងឡើង ។ ឌីយ៉ូសែនក៏លាន់មាត់ថា ៖ «នេះបានចំជាស្នាដៃមួយល្អប្រសើរមែន… ក៏ប៉ុន្តែតាមការពិតគឺដើម្បីកុំឲ្យយើងដាច់ពោះស្លាប់តែប៉ុណ្ណោះ» ។

គាត់បានទម្លាក់ទោសធ្ងន់ធ្ងរទៅលើពួកជនដែលតែងពោលត្អូញត្អែរនឹងកម្មវាសនា ។ មនុស្សម្នារទាំងឡាយ, គាត់ពោល, តែងតែស្វែងសុំអំពីព្រេងវាសនានូវអ្វីៗដែលមានទំនងត្រឹមតែជាសម្បត្តិទ្រព្យល្អ… ក៏ប៉ុន្តែមិនដែលបានសុំរបស់អ្វីៗដែលជារបស់ទ្រព្យដ៏ល្អពិតប្រាកដនោះសោះ ។

ឌីយ៉ូសែនបានដឹងយ៉ាងច្បាស់លាស់ថា មានមនុស្សច្រើនគ្នាណាស់ដែលបានគាំទ្ររបៀបរស់នៅរបស់គាត់… ក៏ប៉ុន្តែដោយនៅក្នុងការអនុវត្តន៍វិញមានមនុស្សតិចគ្នាណាស់សុខចិត្តប្រព្រឹត្តតាមវិន័យរបស់គាត់, គាត់បានពោលថា, ខ្លួនគាត់ជាឆ្កែមួយដែលមានគេស្រឡាញ់រាប់អានក្រៃលែង… ក៏ប៉ុន្តែគ្មាននរណាម្នាក់ដែលបានស្ងើចសរសើររូបគាត់ដាច់ចិត្ត ទៅធ្វើការបរបាញ់ជាមួយនឹងគាត់ឡើយ ។

Cette image a un attribut alt vide ; le nom du fichier est diogecc80ne_par_pugons.jpg
ឌីយ៉ូសែន គូរដោយ Pugons

គាត់បានស្ដីបន្ទោសដល់ជនជំពូកខ្លះដែលមានសេចក្ដីតក់ស្លុតព្រួយបារម្ភតែនឹងការយល់សប្ដិយល់សូងរបស់ខ្លួន ។ ពួកជនទាំងនេះមិនដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយនឹងបញ្ហាអ្វីៗ ដែលបានចោទឡើងក្នុងខួរក្បាលរបស់គេនៅពេលដែលគេមានភ្នែកភ្លឺនោះទេ ក៏ប៉ុន្តែគេបែរជាត្រិះរិះពិចារណាដោយអបិយជំនឿ និងដោយសុបសៅចំពោះអ្វីៗដែលបានហើរចូលក្នុងអារម្មណ៍នៃការស្រមើស្រមៃរបស់គេ នៅពេលដែលគេកំពុងតែដេកនោះទៅវិញ ។

សម័យថ្ងៃមួយ, នៅពេលដែលគាត់កំពុងដើរលេងកំសាន្ត, គាត់បានសង្កេតឃើញស្រីម្នាក់ដេកចំខែងនៅក្នុងគ្រែមួយ ។ គាត់ពោលថា ៖ ទ្រុងបែបនេះមិនមែនធ្វើឡើងសម្រាប់ដាក់សត្វពន្លាត់អ្វីដ៏អាក្រក់ម្លឹងៗ ។

ពួកជនជាតិអាត្ហែនមានសេចក្ដីស្រឡាញ់ពេញចិត្តនឹងឌីយ៉ូសែនជាខ្លាំង ព្រមទាំងមានសេចក្ដីកោតគោរពទៀតផង ។ ពួកគេបានចាប់យុវជនម្នាក់ចងវាយនឹងខ្សែតីព្រោះតែជនម្នាក់នេះបានធ្វើឲ្យបែកធុងរបស់ឌីយ៉ូសែន ។ មិនត្រឹមតែប៉ុណ្ណោះ គេបានរកធុងថ្មីមួយទៅជូនគាត់ទៀត ។

មនុស្សគ្រប់គ្នាតែងតែបានថ្លែងសរសើរអំពីសុភមង្គលរបស់កាលីសតែន (Callisthène) ដែលបានទទួលភ័ព្វសំណាងបាយទឹករាល់ថ្ងៃនៅតុរបស់ស្ដេចអាឡេចសង់ (Alexandre) ។ «ក៏ប៉ុន្តែខ្ញុំ, ឌីយ៉ូសែនពោលតបវិញ, ខ្ញុំយល់ឃើញថាកាលីសតែនជាមនុស្សចុះនរកទៅវិញ… នៅក្នុងរឿងតែមួយគត់ដែលជននេះត្រូវតែបរិភោគរៀងរាល់ថ្ងៃព្រឹកល្ងាច ជាមួយនឹងអាឡេចសង់» ។

ក្រាទែរ (Cratère) បានប្រើមធ្យោបាយគ្រប់យ៉ាង ដើម្បីបញ្ចុះបញ្ចូលទាក់ទាញឌីយ៉ូសែនឲ្យទៅរស់នៅក្នុងប្រាង្គប្រាសាទរបស់ខ្លួន ។ ឌីយ៉ូសែនបានឆ្លើយតបទៅជននេះវិញថា គាត់សុខចិត្តរស់តែនឹងនំបុ័ងនៅទីក្រុងអាត្ហែន ជាជាងទៅរស់នៅក្នុងសេចក្ដីរុងរឿងនៃវាំងប្រាសាទរបស់ក្រាទែរ ។

ពែរឌីកាស (Perdiccas) បានធ្វើការគំរាមកំហែងទៅលើឌីយ៉ូសែន ថាខ្លួននឹងសម្លាប់គាត់ ប្រសិនបើឌីយ៉ូសែនមិនព្រមមកលេងពែរឌីកាសនោះទេ ។ «ឯងធ្វើដូច្នេះច្បាស់ជាមិនបានបំពេញស្នាដៃអ្វីមួយដ៏ធំនោះទេ, ឌីយ៉ូសែនបានពោលតបវិញ, ពីព្រោះសត្វអសិរពិសដ៏តូចមួយក៏វាអាចធ្វើការនេះបានដែរ ។ ហើយអញសូមប្រាប់ ឯងទៅចុះថា ឌីយ៉ូសែនមិនត្រូវការពែរឌីកាស ហើយនឹងជីវិតធំដុំរបស់ជនជាតិនេះដើម្បីគ្រាន់តែរស់ដោយសប្បាយនោះទេ» ។ ហើយក៏លាន់មាត់ថា ៖ «អនិច្ចា ! ព្រះហើយនិងទេព្តាមានចិត្តល្អពន់ពេកណាស់ចំពោះមនុស្សដោយបានផ្ដល់ជីវិតឲ្យអ្នកទាំងនេះ, ក៏ប៉ុន្តែសោភ័ណភាពទាំងប៉ុន្មានដែលព្រះបានចងភ្ជាប់មកជាមួយនឹងជីវិត មិនត្រូវបានពួកបថុជ្ជនទាំងនេះទទួលស្គាល់សោះឡើយ ។ ពួកគេពឺតតែពីស្វែងរកបរិភោគឆ្ងាញ់ ហើយនិងលាបទឹកអប់ ។»

ថ្ងៃមួយ, គាត់បានឃើញជនម្នាក់ដែលឲ្យខ្ញុំកញ្ជះដាច់ថ្លៃរបស់ខ្លួនពាក់ស្បែកជើងឲ្យ… ។ «ឯងប្រហែលមិនសប្បាយចិត្តទេដឹង, គាត់ស្ដីបន្ទោសឲ្យជននេះ, រហូតដល់ថ្ងៃណាមួយវាញើសឯងខ្ទាតចេញដូចទឹកសំបោរ ? ចុះដៃឯងទាំងពីរនេះវិញ, ទុកវាធ្វើអ្វីដែរ ?» ។

នៅពេលមួយទៀតដែលគាត់កំពុងដើរតាមផ្លូវ, គាត់បានឃើញពួកចៅក្រមបណ្ដើរមនុស្សម្នាក់យកទៅធ្វើទុក្ខទោសទារុណកម្ម ដោយហេតុថាជននេះបានលួចកូនដបមួយនៅក្នុងឃ្លាំងសាធារណៈ ។ «មើលចុះ ! ឌីយ៉ូសែនពោល, គឺសុទ្ធសឹងតែជាចោរធំៗដែលកំពុងបណ្ដើរកូនចោរតូចមួយ !» ។

គាត់បានពោលថា ៖ មនុស្សអ្នកមាន ដែលជាជនល្ងង់ខ្លៅ ក៏ហាក់ដូចជាសត្វចៀមញីមួយដែលពោរពេញទៅដោយរោមមាស ។

ថ្ងៃមួយ, ដោយគាត់បានដើរមកដល់កណ្ដាលផ្សារ, គាត់ក៏ស្រាប់តែចាប់ផ្ដើមអេះខ្លួនញាប់ស្អេក ។ «ឱ ! ព្រះជាម្ចាស់, គាត់ពោល, ធ្វើម្ដេចឲ្យបានអេះពោះដូច្នេះទៅ ខ្ញុំបាត់ឃា្លនបាយរាល់ពេលវេលា… តាមចំណង់ចិត្តរបស់ខ្ញុំ» ។

Cette image a un attribut alt vide ; le nom du fichier est bastein-lepage_diogenes.jpg
ឌីយ៉ូសែនគូរដោយ Jules Bastien-Lepage នៅឆ្នាំ១៨៧៣

នៅពេលដែលគាត់ចូលមុជទឹក, គាត់បានប្រទះឃើញយុវជនម្នាក់កំពុងប្រព្រឹត្តអំពើកាយវិការម្យ៉ាងដ៏ប៊ិនប្រសប់, ក៏ប៉ុន្តែមិនទំនងជាសុច្ចរិតប៉ុន្មានទេ ។ «បើឯងធ្វើចលនាបែបនេះកាន់តែបានល្អ, គាត់ពោលទៅរកជននេះ, ចលនារបស់ឯង នឹងកាន់តែក្លាយទៅជាអាក្រក់» ។

នៅពេលមួយទៀត, ក្នុងឱកាសដែលគាត់កំពុងឆ្លងថ្នល់មួយ គាត់ឃើញមានប្លាកសរសេរនៅលើផ្ទះជនម្នាក់ដែលជាអ្នកស៊ីផឹកចាយវាយខ្ជះខ្ជាយ ដែលបញ្ជាក់ថាគេហដ្ឋាននេះនឹងត្រូវលក់ ។ «ឃើញទេ ! ឌីយ៉ូសែនពោល, សភាពប្រមឹកជោគជាំរបស់ម្ចាស់ឯងបានបង្ខំឲ្យគាត់នេះក្អួតចេញអីចឹងឯង» ។

ថ្ងៃមួយ, បុរសម្នាក់បាននិយាយដៀលបង្អាប់ប្រមាថរូបគាត់អំពីឋានៈរបស់គាត់ជាជននិរទេសខ្លួន ។ «ឱ ! ជនអភ័ព្វអើយ, គាត់បានពោលតបវិញ, តាមពិតខ្លួនអញសប្បាយចិត្តទៅវិញទេតើក្នុងរឿងនេះ ៖ គឺមកពីរឿងនេះឯងហើយ ដែលបណ្តាលឲ្យរូបអញក្លាយទៅជាទស្សនវិទូ !» ។

បន្តិចក្រោយមក, ជនម្នាក់ទៀតបាននិយាយមកកាន់គាត់ដោយពាក្យត្រគោះថា ពួកជនជាតិស៊ីណូព (Sinope) បានដាក់ទោសរូបគាត់ឲ្យរស់នៅក្រៅប្រទេសមួយជីវិត ។ «ចំណែករូបអញវិញ, អញដាក់ទោសទណ្ឌកម្មពួកអ្នកទាំងនេះឲ្យរស់មួយក្រវិចតែនៅក្នុងស្រុកអាក្រក់របស់ពួកខ្លួននៅតាមឆ្នេរនៃប៉ុង-ដឺកសាំង (Pont-Euxin)» ។

ពេលខ្លះ គាត់បានទៅបន់ស្រន់នៅចំពោះរូបសំណាករបស់ព្រះ ដើម្បីសុំទ្រង់ប្រទានពរឲ្យបានសម្រេចបំណងផ្សេងៗ ។ នៅពេលដែលគេសួរគាត់ថា ហេតុអ្វីបានជាគាត់ទៅបន់ព្រះទៅវិញ ? គឺដើម្បី, គាត់ពោល, ទម្លាប់ខ្លួនខ្ញុំឲ្យព្រះបដិសេធជានិច្ចជាកាល ។

នៅពេលដែលសេចក្ដីក្រខ្សត់បង្ខំគាត់ឲ្យធ្វើការសុំទាន, គាត់ក៏និយាយទៅជនទីមួយ ដែលគាត់ជួបប្រទះ ដោយពាក្យសំដីដូច្នេះថា ៖ «ប្រសិនបើជាឯងធ្លាប់បានធ្វើទានដល់ជនណាម្នាក់ហើយ, ក៏សូមឲ្យឯងដាក់ទានចំពោះអញ ដូច្នេះដែរ, ហើយបើជាឯងមិនធ្លាប់ដែលឲ្យអ្វីដល់នរណាម្នាក់សោះ ត្រូវឯងចាប់ផ្ដើមពីរូបអញនេះឡើងទៅ !» ។

គេបានសួរគាត់នៅក្នុងសម័យថ្ងៃមួយថា តើដឺនីស ស្ដេចផ្ដាច់ការ (Denys le tyran) ធ្លាប់ប្រព្រឹត្តយ៉ាងណាខ្លះជាមួយនឹងមិត្តភ័ក្ដិរបស់ខ្លួន ? «គឺដូចជាគេប្រើប្រាស់ដបកាលណាវានៅពេញ, គាត់ពោល, ហើយដែលគេគ្រវែងចោល កាលណាអស់មានអ្វីហើយ» ។

ថ្ងៃមួយគាត់បានសង្កេត, នៅក្នុងរង្គសាលមួយ, ឃើញជនផឹកសុីបំផ្លាញទ្រព្យសម្បត្ដិម្នាក់ ដែលពឺតតែពីហូបផ្លែអូលីវ ។ ប្រសិនបើឯងធ្លាប់បរិភោគតែរបៀបនេះតាំងពីដើមរៀងមក…, គាត់ពោល, ប្រហែលជាម្ហូបអាហាររបស់ឯងនៅថ្ងៃនេះមិនបានធ្លាក់ដុនដាបអីចឹងពេកទេ ។

គាត់តែងធ្លាប់និយាយថា ចំណង់អារាត់អារាយឥតព្រំដែនគឺជាប្រភពនៃសេចក្ដីទុក្ខវេទនា ដែលតែងតែសង្កត់យាយីទៅលើមនុស្សជាតិគ្រប់សណ្ឋាន…

-រីឯជនសុច្ចរិត គឺជារូបគំរូរបស់ព្រះនិងទេព្ដាជាប្រាកដ…

-ចំណែកពោះទឹក (ក្រពះបាយ) គឺជាជ្រោះបាតដាលនៃជីវិត ។

-អំពីសន្ទរកថាមួយដែលគេបានសំអាតពាក្យឃា្ល គឺហាក់ដូចជាទឹកឃ្មុំមួយបន្ទះដូច្នេះដែរ, ហើយនៅទីបំផុត ចំពោះស្នេហាវិញ គឺជាកិច្ចការរបស់ពួកអ្នករស់នៅទំនេរ, ឬខ្ជិលច្រអូស ។

ថ្ងៃមួយគេបានសួរគាត់ថា តើនៅក្នុងសភាពការណ៍បែបណាដែលត្រូវចាត់ទុកជាលក្ខណៈអភ័ព្វជាទីបំផុត ? គឺ, គាត់ឆ្លើយតប, លក្ខណៈរបស់មនុស្សចាស់ដែលនៅក្នុងសភាពក្រីក្រ ។ មានពេលមួយទៀត គេបានសួរគាត់ថា តើមានអ្វីទៅដែលជាសម្បត្តិទ្រព្យល្អលើសគេ នៅក្នុងសកលលោកនេះ ៖ គាត់បានឆ្លើយថា គឺជាសេរីភាព !

ជនម្នាក់បែកគំនិតសួរគាត់ថា ៖ តើសត្វអ្វីដែលខាំយ៉ាងសាហាវជាងគេបំផុត ? «បើនៅក្នុងចំណោមជនព្រៃផ្សៃ, គាត់ពោលឆ្លើយតប, គឺជាពួកជននិយាយដើមគេ, ក៏ប៉ុន្តែបើនៅក្នុងចំណោមអ្នកចេះដឹងវិញ, គឺជាពួកជនអ្នកបញ្ចើចបញ្ចើរលើកជើង» ។

ថ្ងៃមួយ, នៅពេលដែលគាត់កំពុងតែដើរកំសាន្ត, គាត់បានឃើញស្រីៗច្រើនគ្នា ដែលត្រូវគេព្យួរកនៅមែកអូលីវ ។ ឌីយ៉ូសែនបានលាន់មាត់ថា ៖ «ឱ ! ព្រះជាម្ចាស់ធ្វើម្ដេចទៅហ្ន៎ ឲ្យដើមឈើទាំងឡាយបានចេញផ្លែចេញផ្កាមករបៀបនេះ» ។

បុរសម្នាក់បានមកជួបគាត់ហើយសួរគាត់ថា តើនៅក្នុងអាយុប៉ុន្មាន ដែលគេគួរតែរៀបអាពាហ៍ពិពាហ៍ ។ កាលណាគេនៅក្មេង, ឌីយ៉ូសែនឆ្លើយ, គឺវាមិនទាន់ដល់ពេលវេលាទេ ក៏ប៉ុន្តែដល់ពេលណាចាស់ គឺវាហួសពេលទៅហើយ ។

គេបានសួរគាត់ថា ហេតុអ្វីបានជាមាស មានពណ៌ស្លាំងស្លេកអីចឹង ? ពីព្រោះមានពួកអ្នកច្រណែនវាច្រើនគ្នាពេក, ឌីយ៉ូសែនឆ្លើយតប ។

ថ្ងៃមួយ, គេបានតឿនគាត់ឲ្យរត់ដេញតាមចាប់នាយម៉ាណែស (Manès), ឈ្នួលបម្រើម្នាក់ ដែលបានរត់ចេញពីគាត់ទៅ… វាជាការអាក្រក់មើលណាស់, ឌីយ៉ូសែនពោល, ដែលម៉ាណែសអាចរស់បានដោយឥតមានឌីយ៉ូសែន, ចំណែកឌីយ៉ូសែនវិញមិនអាចរស់បានដោយគ្មានម៉ាណែស ។

មានស្ដេចត្រាញ់ម្នាក់បានមកសួរគាត់ នៅក្នុងសម័យថ្ងៃមួយថា តើនៅទីកន្លែងណាទៅ ដែលគេអាចសាងសង់រូបចម្លាក់បានល្អប្រសើរ ?

– គឺទីកន្លែងដែលគេបានសាងសង់រូបរបស់អារម៉ូឌីយុស (Harmndius) និង អារីសតូជីតុង (Aristogiton), ពីព្រោះអ្នកទាំងពីរនាក់នេះជាសត្រូវដ៏ធំរបស់ជនដែលកាន់អំណាចផ្ដាច់ការ ។

ថ្ងៃមួយប្លាតុងបានពន្យល់បកស្រាយអំពីគំនិតថ្មីៗរបស់គាត់ ហើយបាននិយាយពន្យល់ជាពិសេសអំពីរូបរាងទ្រង់ទ្រាយនៃតុមួយនិងកែវមួយ ។ «អញអាចមើលឃើញ អំពីតុមួយនិងកែវមួយ, ឌីយ៉ូសែនពោលទៅកាន់ប្លាតុង, ក៏ប៉ុន្តែអញមិនអាចដឹងថា អ្វីជារូបរាងនៃតុ ហើយនិងអ្វីទៅជារូបរាងនៃកែវនោះបានឡើយ» ។ ការនេះវាពិតដូចឯងថាមែន ប្លាតុងឆ្លើយតប, ពីព្រោះដើម្បីមើលឃើញតុនិងកែវគេអាចប្រើតែប្រស្រីភ្នែកវាគ្រប់គ្រាន់ហើយ ។ ក៏ប៉ុន្តែដើម្បីដឹងនិងបានស្គាល់រូបរាងនៃតុនិងកែវ គេត្រូវតែមានបញ្ញា ។

មានពេលមួយ គេសួរដល់ឌីយ៉ូសែនថា តើគាត់យល់យ៉ាងណាដែរអំពីសូក្រាត (Socrate) ។ គាត់បានឆ្លើយតបវិញថាជននោះជាមនុស្សឆ្កួត ។

ថ្ងៃមួយ, គាត់បានឃើញយុវជនម្នាក់មុខក្រហមដោយសេចក្ដីអៀនខ្មាស ៖

– ចូរឯងខំប្រឹងឲ្យមានសេចក្ដីក្លាហានឡើងកូនប្រុស, ឌីយ៉ូសែនពោលទៅកាន់ក្មេងម្នាក់នេះ, នេះហើយដែលគេហៅថាពណ៌សម្បុរនៃសេចក្ដីសុច្ចរិត ។

ស្មាក្ដីនៃតុលាការពីរនាក់ដែលមានកើតជម្លោះទាស់ទែងគ្នា បានជ្រើសរើសយកឌីយ៉ូសែនធ្វើជាអាជ្ញាកណ្ដាលនៃវិវាទរបស់ពួកខ្លួន ។ ឌីយ៉ូសែនបានកាត់សេចក្ដីដាក់ទោសទ័ណ្ឌកម្មអ្នកទាំងពីរដូចគ្នា… ជនទី-១ ពីព្រោះបានលួចទ្រព្យសម្បត្ដិរបស់គេដូចពាក្យចោទពិតមែន, ជនទី-២ ពីព្រោះតែបានប្ដឹងផ្ដល់ដោយចិត្តឥច្ឆាឈ្នានីស ពីព្រោះខ្លួនឯងវិញគ្មាបានបាត់បង់អ្វីសោះទេ ហើយក៏គ្មានទ្រព្យសម្បត្ដិឯណាប្រចាំខ្លួនក្រៅតែពីការបានមកដោយលួចទ្រព្យសម្បត្ដិរបស់អ្នកដទៃតែប៉ុណ្ណោះឯង ។

គេបានសួរគាត់ក្នុងសម័យថ្ងៃមួយថា ហេតុអ្វីបានជាអ្នកផងចូលចិត្តដាក់ទានទៅឲ្យជនខ្វាក់ភ្នែកម្ខាងឬទៅជនកំបុតជើងម្ខាង ជាជាងដាក់ទានទៅឲ្យពួកទស្សនវិទូវិញ ? ពីព្រោះ, ឌីយ៉ូសែនពោលតប, មនុស្សយើងរងចាំថានឹងក្លាយខ្លួនទៅជាជនខ្វាក់ និងជាជនកំបាក់កំបែក ជាជាងក្លាយទៅជាទស្សនវិទូ ។

មនុស្សម្នាក់បានសួរគាត់ថា តើគាត់មានឈ្នួលប្រុស ឈ្នួលស្រីសម្រាប់ប្រើនឹងគេទេ ?

– ឥតមានទេ, គាត់ពោល ។

– ចុះទៅថ្ងៃមុខបាននរណាកប់ខ្មោចរបស់លោកទៅ ?

– គឺនរណាដែលត្រូវការយកផ្ទះខ្ញុំ ! ។

បុរសម្នាក់បានស្ដីបន្ទោសឲ្យគាត់ថា កាលពីដើមគាត់បានលួចធ្វើប្រាក់ក្លែងក្លាយ ។ ជាការពិត, ឌីយ៉ូសែនឆ្លើយតប, វាមានពេលវេលាមួយដែលកាលនោះ ឯងមានលក្ខណៈដូចរូបអញនៅក្នុងពេលឥឡូវនេះអីចឹង ។ ក៏ប៉ុន្តែតាំងពីថ្ងៃនេះតទៅរហូតទល់នឹងពេលស្លាប់ ឯងគ្មានសង្ឃឹមថានឹងមានលក្ខណៈដូចរូបអញក្នុងពេលបច្ចុប្បន្ននេះទេ ។

{កថាខណ្ឌនេះ ប្រែសម្រួលដោយ សមាគមពន្លឺ} ថ្ងៃមួយ អារីស្ទីប (Aristippe) ជួបប្រទះឌីយ៉ូសែននៅពេលដែលគាត់កំពុងលាងជី ៖ ឌីយ៉ូសែន, គាត់ពោលថា, ប្រសិនបើឯងចេះគាប់ចិត្តស្ដេច ឯងមិនចាំបាច់លាងជីខ្លួនឯងយ៉ាងនេះទេ ។ ចុះឯង, ឌីយ៉ូសែនឆ្លើយតប, ប្រសិនបើឯងដឹងថាលាងជីសប្បាយប៉ុណ្ណា ឯងក៏មិនសូវចាំបាច់ខិតខំផ្គាប់ចិត្តស្ដេចទៅវិញដែរ ។

ថ្ងៃមួយគាត់បានដើរចូលទៅក្នុងសាលាដឹកនាំដោយលោកគ្រូម្នាក់ដែលមានកូនសិស្សបន្តិចបន្តួចប៉ុណ្ណោះ តែមានរូបចម្លាក់តុក្កតានិងរូបព្រះជាច្រើនអង្គ ។ «ឯងនៅទីនេះ មានសាវ័កច្រើនណាស់, ឌីយ៉ូសែនពោល, ប៉ុន្តែក៏ត្រូវរាប់រូបព្រះផងទើបបាន» ។

គេបានសួរគាត់ថាតើគាត់មកពីស្រុកណាដែរ ។ គាត់បានឆ្លើយថាគាត់ជាប្រជាពលរដ្ឋម្នាក់នៃពិភពលោក, ដោយគាត់ចង់បង្ហាញថាពួកអ្នកប្រាជ្ញមិនត្រូវជាប់ចិត្តនឹងប្រទេសណាមួយជាពិសេសនោះឡើយ ។

ថ្ងៃមួយ គាត់ឃើញមនុស្សម្នាក់ស៊ីចាយសប្បាយហុឺហាដើរមក… គាត់ក៏សុំទានប្រាក់មួយមីនពីជននោះ ។ បុរសដែលចាយលុយខ្ជះខ្ជាយក៏សួរគាត់ថា ៖ ហេតុអ្វី បានជាឯងសុំអ្នកឯទៀតតែមួយអូបូល (មួយកាក់)… ក៏ប៉ុន្តែចំពោះអញវិញឯងសុំរហូតដល់មួយមីន (មួយមុឺនអូបូល) ។ គឺពីព្រោះអ្នកឯទៀត, ឌីយ៉ូសែនពោល, នៅមានសមត្ថភាពចែកអំណោយមកអញទៅថ្ងៃក្រោយទៀត… ក៏ប៉ុន្តែចំពោះឯងវិញអញមានជំនឿថាឯងនឹងគ្មានលទ្ធភាពធ្វើដូច្នេះឡើយ ។

Cette image a un attribut alt vide ; le nom du fichier est 768px-john_waterhouse_-_diogenes_-_google_art_project.jpg
ឌីយ៉ូសែន គូរដោយ John William Waterhouse នៅឆ្នាំ១៨៨២ តាំងនៅArt Gallery of New South Wales, Sydney ប្រទេសអូស្ត្រាលី

គេបានសួរគាត់ថាតើសេចក្ដីស្លាប់ជាការមួយដ៏អាក្រក់សាមាន្យពិតមែនឬទេ ? «តើម្ដេចយើងអាចដឹងបាន, ឌីយ៉ូសែនពោលតប, ដោយហេតុថាពេលសេចក្ដីស្លាប់មកដល់ យើងមិនទាំងដឹងខ្លួនផងសោះ» ។

ថ្ងៃមួយ ឌីយ៉ូសែនឃើញជនខ្វះការបុិនប្រសប់ម្នាក់លើកអាវុធឡើងតម្រង់បាញ់ ។ ឌីយ៉ូសែនក៏ប្រញាប់ទៅឈរនៅកន្លែងដែលជននោះតម្រង់សំដៅ ។ គេសួរគាត់ថា ហេតុអ្វីបានជាគាត់មានអាកប្បកិរិយាដូច្នេះ ? គឺពីព្រោះ, គាត់ពោលតប, កុំឲ្យជននេះមានលទ្ធភាពបាញ់ខ្ញុំត្រូវ ។

{កថាខណ្ឌនេះ ប្រែសម្រួលដោយ សមាគមពន្លឺ} អង់ទីសតែន (Antisthène) ដេកឈឺធ្ងន់ ; ឌីយ៉ូសែនដើរចូលក្នុងបន្ទប់គាត់ ៖ តើអ្នកត្រូវការមិត្តភ័ក្ដិម្នាក់ទេឬ ? ឌីយ៉ូសែនសួរទៅគាត់ ដើម្បីឲ្យគាត់យល់ថា យើងតែងតែត្រូវការមិត្តភ័ក្ដិពិតប្រាកដជាពិសេសនៅពេលដែលយើងឆ្លងកាត់ភាពលំបាក ។ ឌីយ៉ូសែនឮគេនិយាយថា អង់ទីសតែនមិនចេះទ្រាំឈឺ ; គាត់ក៏ត្រឡប់ទៅលេងផ្ទះរបស់អង់ទីសតែនវិញម្ដងទៀត ដោយលាក់កាំបិតស្នៀតនៅក្រោមអាវម៉ង់តូរបស់ខ្លួន ។ អង់ទីសតែនពោលថា ៖ «ឱ ! តើនរណាអាចរំដោះខ្ញុំឲ្យរួចផុតពីការឈឺចាប់ ?» ។ ភ្លាមនោះ ឌីយ៉ូសែនទាញយកកាំបិតស្នៀត ៖ «អានេះឯងអាចរំដោះកើត !» គាត់ឆ្លើយតប ។ «ខ្ញុំចង់ឲ្យគេរំដោះខ្ញុំឲ្យរួចផុតពីការឈឺចាប់, អង់ទីសតែនតបទៅវិញ, ខ្ញុំមិនចង់ឲ្យគេរំដោះខ្ញុំឲ្យផុតពីជីវិតឡើយ !» ។

នៅពេលដែលជនខ្លះនិយាយប្រាប់ឌីយ៉ូសែនថា, មានមនុស្សច្រើនគ្នាណាស់ដែលសើចចំអកដាក់គាត់ ។ មិនជាការអ្វីទេ, ឌីយ៉ូសែនពោល, ឧបមាថាវាអីចឹងទៅចុះ ! ។ ហើយចំពោះអ្នកទាំងនោះក៏សត្វលាវាសើចចំអកដាក់ដូចគ្នា, កាលណាសត្វនេះវាបើកមាត់សំញេញបញ្ចេញធ្មេញមានទំនងដូចជាចង់សើច ។ ក៏ប៉ុន្តែមាននរណាទៅរវល់ឈឺក្បាលនឹងពួកសត្វលានោះ, ពួកគេនិយាយទៅកាន់ឌីយ៉ូសែនវិញ ។ ចំណែកខ្ញុំ, ឌីយ៉ូសែនពោលតប, ក៏គ្មានរវល់ឈឺក្បាលនឹងពួកម្នាលអស់ទាំងនោះដែរ ។

គេបានសួរគាត់ថា ហេតុអ្វីបានជាអ្នកផងទុកគាត់ជាសត្វឆ្កែ ? ពីព្រោះ, គាត់ពោល, ខ្ញុំយកចិត្តពួកអ្នកណាដែលផ្ដល់របស់របរមកឲ្យខ្ញុំ, ហើយខ្ញុំស្រែកព្រូសចំពោះនរណាដែលមិនឲ្យអ្វីខ្ញុំសោះ, ព្រមទាំងខ្ញុំដេញខាំពួកជនកំណាច ។

នៅពេលមួយទៀត , គេបានសួរគាត់ថា តើគាត់ឋិតនៅក្នុងប្រភេទជាសត្វឆ្កែបែបណាមួយដែរ ? កាលណាខ្ញុំឃ្លាន, គាត់ពោល, ខ្ញុំមានធម៌ជាតិជាសត្វឆ្កែឡេវ្រីយេ (ឆ្កែស្គមខ្ពស់ៗ ដែលគេប្រើឲ្យដេញសត្វម្រឹគ), ខ្ញុំយកចិត្តយកថ្លើមអ្នកផង ដែលនៅជុំវិញខ្លួនខ្ញុំ, ក៏ប៉ុន្ដែនៅពេលណាដែលខ្ញុំបានហូបឆ្អែតហើយ, ខ្ញុំមានធម៌ជាតិជាសត្វឆ្កែដូក (ឆ្កែមានមាឌមាំក្រអាញ, មាត់ធំៗ), ខ្ញុំពឺតតែពីប្រទះខាំទាំងអស់ចំពោះពួកណា ដែលខ្ញុំបានជួប ។

នៅសម័យថ្ងៃមួយ គាត់បានឃើញវាគ្មិនអាណាក់ស៊ីមែន (Anaximène), ដែលមានដុះក្បាលពោះយ៉ាងសម្បើម ។ ចូរឯងប្រគល់ឲ្យក្បាលពោះរបស់ឯងមកអញខ្លះៗមក, គាត់ពោល, ធ្វើដូច្នេះទៅ ឯងនឹងបណ្ដាលឲ្យរូបអញបានសប្បាយចិត្តនោះម្យ៉ាង, ហើយម្យ៉ាងទៀត ឯងនឹងបានទម្លាក់ចោលនូវរបស់ឥតប្រយោជន៍ខ្លះនោះផងដែរ ។

នៅពេលដែលគេស្ដីបន្ទោសឲ្យគាត់ថា ហេតុអ្វីបានជាគាត់ចូលចិត្តបរិភោគនៅកណ្ដាលថ្នល់ ឬ នៅកណ្ដាលផ្សារទៅវិញ ។ ពីព្រោះខ្ញុំចាប់ផ្ដើមឃ្លាននៅទីនោះ, គាត់ពោល, ហើយទោះនៅទីណាក៏ដោយឲ្យតែឃ្លាន ខ្ញុំហូបតែទាំងអស់ ។

នៅពេលដែលគាត់ធ្វើដំណើរត្រឡប់ពីទីក្រុងឡាសេដេម៉ូន (Lacédémone) ទៅទីក្រុងអាត្ហែន (Athènes), មានគេសួរគាត់ថា តើគាត់មកពីណាដែរ ? ខ្ញុំបានដើរមកពីស្រុករបស់ពួកប្រុសៗ, គាត់ពោល, ហើយកំពុងតែវិលត្រឡប់ទៅរកស្រុករបស់ស្រីៗវិញ ។

គាត់បានប្រៀបធៀបស្រីស្នំ និង ស្រីកំសាន្ដចិត្តដ៏ល្អៗ ទៅនឹងស្រាក្រហមដ៏ឆ្ងាញ់ពិសារ ក៏ប៉ុន្ដែពោរពេញដោយជាតិពុល ។ គាត់តែងហៅស្រីទាំងនេះថា ជារាជនីរបស់ស្ដេច, ឬជាមហាក្សត្រិយានីរបស់មហាក្សត្រ, ពីព្រោះនាងតែងជំរិតយកបានពីស្ដេចនូវរបស់គ្រប់បែបយ៉ាង ដែលនាងត្រូវការ ។

មនុស្សម្នាក់បានស្ងើចសរសើរយ៉ាងខ្លាំងអំពីរបស់តង្វាយយ៉ាងច្រើន ដែលគេបានប្រទះនៅក្នុងវិហារសាម៉ូត្រាស (Samothrace) ។ ប្រហែលជាមានច្រើនជាងនេះទៅទៀត, ឌីយ៉ូសែនពោល, ប្រសិនបើពួកអ្នកស្លាប់បានដាក់ជំនូនដល់ព្រះជំនួសពួកដែលបាននៅរបស់រួចជីវិត ។

ថ្ងៃមួយ, នៅពេលដែលគាត់កំពុងតែបរិភោគនៅកណ្ដាលថ្នល់ ស្រាប់តែមានមនុស្សមួយចំនួនមកអង្គុយជុំវិញរូបគាត់, មិនត្រឹមតែប៉ុណ្ណោះបានហៅគាត់ថាឆ្កែ ។ គឺអ្នកទាំងអស់គ្នានេះហើយដែលជាសត្វឆ្កែ, គាត់ពោលទៅកាន់អ្នកទាំងនេះ, ពីព្រោះពួកអ្នកទាំងអស់គ្នាមកអង្គុយសម្លឹងមើលមនុស្សម្នាក់កំពុងស៊ីបាយ ។

មានកីឡាករដ៏កំសោយម្នាក់ ដែលខ្វះសមត្ថភាពក្នុងមុខវិជ្ជាជីវៈរបស់ខ្លួនក៏បានសម្រេចចិត្តធ្វើពេទ្យហ្មរវិញម្ដង ។  ថ្ងៃមួយ, ឌីយ៉ូសែនបានជួបប្រទះជននេះ ហើយពោលថា ៖ «ក្នុងពេលឥឡូវនេះ ឯងមានមធ្យោបាយមួយដ៏ល្អប្រសើរ ដើម្បីសងសឹកនឹងពួកជនណាដែលធ្លាប់ឈ្នះលើរូបឯងកាលពីដើម ។

ថ្ងៃមួយនៅពេលដែលគាត់កំពុងដើរលេងកំសាន្ដ គាត់បានសង្កេតឃើញកូនរបស់ស្រីស្នំម្នាក់ យកដុំគ្រួសចោលទៅលើកងទ័ពថ្មើរជើងមួយក្រុម ។ នែហ៍កូនប្រុស, ឌីយ៉ូសែននិយាយទៅកាន់ក្មេងម្នាក់នេះ ឯងប្រយ័ត្នចោលចំទៅលើឳពុករបស់ឯង ។

មានពេលមួយ, បុរសម្នាក់បានទារយកអាវម៉ង់តូដែលឌីយ៉ូសែនកំពុងតែពាក់ជាប់នឹងខ្លួន ។ ប្រសិនបើជាឯងបានឲ្យរបស់នេះមកអញ, ឌីយ៉ូសែនពោល, របស់នេះក៏ជារបស់អញទៅហើយ ។ ក៏ប៉ុន្ដែប្រសិនបើជាឯងគ្រាន់តែបានឲ្យអញខ្ចីវិញ អញកំពុងតែប្រើប្រាស់របស់នេះ … ចាំអញលែងត្រូវការសឹមឯងយកទៅវិញចុះ ។

នៅពេលដែលគេស្ដីបន្ទោសឲ្យគាត់ថា គាត់ធ្លាប់បានផឹកស្រានៅក្នុងតូបរង្គសាល គាត់បានឆ្លើយតបវិញថា ៖ «ខ្ញុំក៏ធ្លាប់បានកោរពុកមាត់ នៅកន្លែងកាត់សក់ដូចគ្នាអីចឹងដែរ» ។

ថ្ងៃមួយ គាត់បានឮគេសរសើរជនម្នាក់ដែលបានដាក់ទានឲ្យគាត់ ។ គេត្រូវសរសើរខ្ញុំទៅវិញទេ, ឌីយ៉ូសែនពោល, ដែលជាអ្នកបានផ្ដល់កិត្តិយសចំពោះជនណាដែលបានដាក់ទានឲ្យខ្ញុំ ។

នៅពេលដែលគេសួរគាត់ថា តើគាត់បានចំណេញអ្វីខ្លះទៅអំពីទស្សនវិជ្ជារបស់គាត់ ? បើសិនវិជ្ជានេះ, ឌីយ៉ូសែនពោល, គ្រាន់តែបានរៀបចំខ្លួនខ្ញុំឲ្យចេះទប់ទល់នឹងការឈឺចាប់វេទនាដែលប្រហែលជាមិនអាចធ្លាក់មកលើរូបខ្ញុំរហូតក្នុងមួយជីវិតនេះ, ក៏ខ្ញុំសប្បាយចិត្តគ្រប់គ្រាន់ពេកណាស់ទៅហើយ ។

នៅពេលដែលអ្នកស្រុកនៃទីក្រុងអាត្ហែនបានលើកតម្កើងស្ដេចអាឡេចសង់ជាព្រះបាគុស (Bacchus)… គាត់បានពោលក្នុងគោលបំណងចំអកឲ្យអ្នកទាំងនេះថា ៖ ហេ ! ម្ដេចក៏គេមិនតម្កើងខ្ញុំឲ្យទៅជាព្រះសេរ៉ាពីស (Sérapis) នឹងគេផង ? {ពន្យល់បន្ថែមដោយ សមាគមពន្លឺ ៖​ ព្រះបាគុស Bacchus ជាព្រះនៃផលដំណាំនិងស្រា រីឯព្រះសេរ៉ាពីស Sérapis ជាព្រះមួយទៀតដែលមានតួនាទីជួយព្យាបាលជំងឺឲ្យសះស្បើយ}

គេបានស្ដីបន្ទោសដល់គាត់ថា គាត់បានរស់នៅក្នុងទីកន្លែងក្រខ្វក់ ។ ព្រះអាទិត្យ, គាត់ពោល, តែងជ្រៀតជ្រកទៅដល់ទីកន្លែងស្មោកគ្រោកជាងនេះឆ្ងាយណាស់, ហើយម្ដេចក៏គេមិនឃើញពន្លឺថ្ងៃខូចគុណភាពអ្វីផងទៅ ?

បុរសម្នាក់ដែលស្មានថាខ្លួនមានប្រាជ្ញាបានពោលទៅកាន់គាត់ដូច្នេះថា ៖ ឯងដែលឥតចេះដឹងអ្វីសោះម្ដេចក៏ហ៊ានតាំងខ្លួនធ្វើជាទស្សនវិទូរផង ? បើអញធ្វើមិនបានអ្វី, គាត់ពោលតបវិញ… ក្រៅតែពីការយកតម្រាប់តាមពួកទស្សនវិទូនោះ… តែប៉ុណ្ណោះក៏វាគ្រប់គ្រាន់ណាស់ទៅហើយដើម្បីតាំងខ្លួនអញជាទស្សនវិទូ ។

ថ្ងៃមួយគេបានយកក្មេងម្នាក់មកបង្ហាញគាត់ ដើម្បីណែនាំវាឲ្យធ្វើជាសាវ័ករបស់គាត់ ។ គេបានលើកសរសើរអំពីគុណសម្បត្តិរបស់យុវជនម្នាក់នេះជាអតិបរិមាថា វាជាមនុស្សឆ្លាតមានបញ្ញា, មានទំនៀមទម្លាប់ល្អ, ជាក្មេងត្រឹមត្រូវ ហើយចេះដឹងគ្រប់មុខគ្រប់យ៉ាង ។ ឌីយ៉ូសែនអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់ ។ បើវាពូកែម្លឹងៗ, គាត់ពោល, តើវាមានត្រូវការអ្វីពីខ្ញុំ, ពួកអ្នកឯងនាំវាមកជួបខ្ញុំធ្វើអ្វី ?

នៅពេលដែលគាត់ដើរចូលក្នុងរោងល្ខោនមួយ ចំពេលដែលទស្សនិកជនទាំងឡាយកំពុងតែដើរចេញ, គេបានសួរគាត់ថាហេតុអ្វីបានជាគាត់មានអាកប្បកិរិយាបែបនេះ ? គាត់បានពោលថា គឺជារឿងទម្លាប់មួយដែលគាត់បានសម្រេចធ្វើពេញមួយជីវិតរបស់គាត់ទៅហើយ ។

ស្ដេចផ្ដាច់ការ ដឺនីស (Denys le tyran),បន្ទាប់ពីត្រូវបានគេដេញចេញពីអាណាច័ក្ររបស់ខ្លួននៅស៊ីរ៉ាគុស (Syracuse), ក៏បានដកថយមករស់នៅក្នុងស្រុកកូរ៉ំាងត្ហ (Corinthe), ដែលនៅទីនោះសភាពក្រីក្រលំបាកបានជំរុញឲ្យគាត់នេះបំពេញមុខរបជាគ្រូបង្រៀនដល់ពួកយុវជន ដើម្បីកុំឲ្យដាច់ពោះស្លាប់ ។ ថ្ងៃមួយ, ឌីយ៉ូសែនបានដើរចូលទៅក្នុងសាលារបស់ដឺនីស… ស្រាប់តែគាត់បានឮកូនក្មេងស្រែកយំ ។ ដឺនីសនឹកស្មានថា ឌីយ៉ូសែនមកលួងលោកអំពីសេចក្ដីទុក្ខសោករបស់ខ្លួន ៖

– ឌីយ៉ូសែន, អតិតស្ដេចថ្លែងវាថា, យើងអរគុណឯងណាស់ ៖ អនិច្ចា ! ចូរឯងមើលចុះ… នេះបានគេហៅថាឃ្លោកលិចអំបែងអណ្ដែត…

– ឱជនកំសត់, ឌីយ៉ូសែនពោលតប… អញមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយឃើញឯងនៅរស់នៅឡើយ… ឯងដែលបានធ្លាប់ធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងដល់ប្រជារាស្រ្ដរបស់ឯងនៅស៊ីរ៉ាគុស… ។ ហើយអញសង្កេតឃើញថា ឯងឥឡូវនេះវិញ មិនមែនជាគ្រូដ៏គាប់ប្រសើរ ដូចតែកាលឯងធ្វើស្ដេចក៏មិនមែនជាស្ដេចដ៏ល្អប្រសើរ ។

ថ្ងៃមួយ គាត់បានឃើញមនុស្សជាច្រើនធ្វើពលិកម្មថ្វាយព្រះនិងទេព្ដា ដើម្បីសុំកូនប្រុសមួយ ។ ពួកអ្នកឯងចង់បានកូនប្រុស, គាត់ពោលទៅកាន់អ្នកទាំងនេះ, ជាជាងចង់បានក្លាយទៅជាមនុស្សសុច្ចរិត ?

នៅពេលដែលគាត់សង្កេតឃើញយុវជនម្នាក់និយាយស្ដីដោយទុច្ចរិត គាត់ក៏បានពោលទៅកាន់ក្មេងម្នាក់នេះថា ៖​ ឯងគ្មានសេចក្ដីអៀនខ្មាស់ទេឬ ដែលខំប្រឹងដកដាវសំណចេញពីស្រោមធ្វើអំពីភ្លុក ?

គាត់បានពោលអំពីមនុស្សដែលតែងនិយាយល្អពីគុណធម៌ តែមិនដែលធ្វើតាមពាក្យសំដីដែលគេបានបង្ហាត់បង្រៀនអ្នកដទៃនោះ ថាមិនសូវខុសគ្នាប៉ុន្មានពីគ្រឿងភ្លេងដែលបញ្ចេញបានត្រឹមតែសម្លេងពិរោះ ក៏ប៉ុន្ដែពុំមានមនោសញ្ចេតនាសោះឡើយ ។

បុរសម្នាក់បានពោលប្រាប់គាត់ក្នុងសម័យថ្ងៃមួយថា រូបគេមិនមាននិស្ស័យជាមួយនឹងទស្សនវិជ្ជាទាល់តែសោះ ។ បើដូច្នេះ តើឯងរស់ធ្វើអ្វីដែរ, ឌីយ៉ូសែននិយាយតទៅកាន់បុគ្គលនេះវិញ, បើឯងគ្មានសង្ឃឹមទាល់តែសោះថានឹងរស់បានសុខស្រួលនៅថ្ងៃណាមួយ ។

ក្នុងកាលៈទេសៈមួយទៀត, គាត់បានឃើញយុវជនម្នាក់ប្រព្រឹត្តអំពីមួយ មិនសុច្ចរិត ។ ឯងមិនមានការអៀនខ្មាស់ទេឬ ? គាត់ស្ដីបន្ទោសឲ្យវា, បានជាធ្វើឲ្យខូចប្រឡាក់ប្រឡូសអស់រលីងនូវគុណសម្បត្តិទាំងប៉ុន្មានដែលធម្មជាតិបានផ្ដល់ឲ្យឯង ។

គាត់តែងពោលថា មនុស្សយើងគ្រប់ៗគ្នាតែងតែរស់នៅក្នុងទាសភាព ៖ ពួកខ្ញុំបម្រើគេដើម្បីគោរពចៅហ្វាយនាយរបស់ខ្លួន, ចំណែកពួកចៅហ្វាយរបស់គេដើម្បីគោរពចំណង់តណ្ហារបស់ខ្លួន ។ អ្វីៗទាំងអស់មានលក្ខណៈសំខាន់យោងទៅតាមទំនៀមទម្លាប់ប្រពៃណី ។ មនុស្សដែលធ្លាប់រស់នៅក្នុងឋានសួគ៌នៃសេចក្ដីស្រណុកសំបូរសប្បាយ ច្បាស់ជាដកថយខ្លួនចេញវិញមិនរួចឡើយ ។ ផ្ទុយទៅវិញ ការមាក់ងាយចំពោះជីវិតសុខស្រួល ជាសុភមង្គលពិតប្រាកដរបស់ពួកមនុស្សដែលធ្លាប់រស់នៅដោយរបៀបផ្សេង ។

នៅក្នុងអាកប្បកិរិយាចំអកពេបជ្រាយរបស់គាត់ ដែលមិនរវីរវល់នឹងនរណាសើចយំ… គាត់បានយល់ថាសេចក្ដីអៀនខ្មាស់ជាលក្ខណៈទន់ខ្សោយមួយ ។ គាត់មិនដែលមានសេចក្ដីអៀនខ្មាស់ នៅចំពោះមុខអ្នកផង ក្នុងការប្រព្រឹត្តអំពើអ្វីៗមិនសមរម្យដែលបញ្រ្ចស់ទិសសង្គមទាំងស្រុង ។ ប្រសិនបើការបរិភោគជាអំពើមួយល្អនោះ ហេតុអ្វីបានជាគេប្រព្រឹត្តអំពើនេះនៅកណ្ដាលផ្សារមិនបាន, ចាំបាច់តែធ្វើនៅក្នុងបន្ទប់ ?

Cette image a un attribut alt vide ; le nom du fichier est 1546px-_the_school_of_athens__by_raffaello_sanzio_da_urbino.jpg
L’Ecole d’Athènes, Raphaël, Vatican, 1508-1512
គំនូរ «ក្រុមអ្នកប្រាជ្ញនៃទីក្រុងអាត្ហែន»
ឌីយ៉ូសែន អង្គុយលើកាំជណ្ដើរ

គេបានសួរគាត់ថា តើនៅកន្លែងណាដែលគេត្រូវយកខ្មោចគាត់ទៅកប់ នៅពេលដែលគាត់ចូលមរណភាពទៅ ? នៅកណ្ដាលវាលស្រែ គាត់ឆ្លើយតប…

– យ៉ាងម៉េចអីចេះ ? មនុស្សម្នាក់ចង់ផ្ទុញផ្ទាល់ឲ្យគាត់, តើលោកមិនខ្លាចត្មាតចោះ ឬក៏ក្លាយទៅជាចំណីរបស់សត្វព្រៃទេឬ ?

– ខ្ញុំនឹងដាក់ដំបងមួយនៅក្បែរខ្លួនខ្ញុំ, ឌីយ៉ូសែនពោលតប, ដើម្បីនឹងអាចដេញវានៅពេលដែលវាមកក្បែររូបខ្ញុំ !

– ប៉ុន្ដែនៅពេលនោះ, លោកឥតដឹងខ្លួនអ្វីផង (គេចចេសួរគាត់)

– បើខ្ញុំមិនដឹងខ្លួនផង ចង់នរណាស៊ីរូបខ្ញុំក៏ស៊ីទៅ… ចង់ចោះយ៉ាងម៉េចបានក៏ចោះទៅ, គាត់ពោល ។

មតិនៃមនុស្សភាគខ្លះបានអះអាងថា នៅពេលដែលគាត់បានចូលក្នុងអាយុ៩០ឆ្នាំ គាត់បានបរិភោគជើងគោឆៅមួយដុំ ដែលបណ្ដាលឲ្យគាត់ចុកពោះរហូតដល់ស្លាប់ ។ ប៉ុន្ដែក្រុមមនុស្សខ្លះទៀតបាននិយាយថា នៅពេលដែលគាត់បានចូលដល់វ័យចាស់ជរាវេទនារពេក គាត់បានអត់ដង្ហើមឲ្យស្លាប់ខ្លួនឯង ។ នៅពេលព្រឹកស្អែកឡើង ពួកមិត្តភ័ក្ដិរបស់គាត់បានមកលេងគាត់ ៖ គេបានឃើញគាត់គ្រលំគ្រវៀននៅក្នុងអាវម៉ង់តូរបស់គាត់ ៖ ពួកគេក៏នាំគ្នាលារូបគាត់ចេញឡើង ពីព្រោះគេមិនជឿថា គាត់ដេកលក់ទេ… ដោយព្រោះគាត់មានទម្លាប់ភ្ញាក់ដឹងខ្លួនជានិច្ចជាកាល ។ នៅពេលនោះទើបបានគេដឹងថា គាត់ស្លាប់រួចទៅហើយ ។ ក្នុងកាលៈទេសៈនោះ មានមនុស្សជាច្រើនដែលឈ្លោះប្រកែកគ្នាឈូឆរ ដើម្បីដណ្ដើមយករូបគាត់ទៅកប់ ។ ពួកគេទាំងអស់ហៀបតែនឹងប្រើដៃជើញប្រកាប់ប្រចាក់គ្នាទៅហើយ ទទួលនៅពេលនោះពួកក្រុមចៅក្រមនិងពួកចាស់ទំនៅទីក្រុងកូរុំាងត្ហ (Corinthe) បានមកសម្រុះសម្រួលហាមជនកុំឲ្យឈ្លោះប្រកែកគ្មា ។ សពឌីយ៉ូសែនបានទទួលពិធីឈាបនកិច្ចដ៏អធឹកអធម… គេបានយកគាត់ទៅកប់នៅមាត់ទ្វារនៃក្បាលកោះ ។

នៅក្បែរផ្នូររបស់គាត់គេបានលើកសសរកន្លោងមួយ ដែលគេបានដាក់រូបឆ្កែមួយធ្វើពីថ្លើមថ្មនៃប៉ារ៉ូស (Paros) ។ មរណភាពរបស់ទស្សនវិទូម្នាក់នេះបានមកដល់តំណាលគ្នានឹងសេចក្ដីស្លាប់របស់មហាស្ដេចអាឡេចសង់ (Alexandre le Grand) នៅទីក្រុងបាប៊ីឡោន (Babylone) ផងដែរ, នៅក្នុងអូឡាំព្យ៉ាដទី១១៤ ។ ឌីយ៉ូសែនបានទទួលកិត្តិយសសន្ធឹកសន្ធាប់ លើកតម្កើង ដោយសារសមិទ្ធិរូបសំណាកដែលពួកសាមញ្ញជនជាច្រើនផ្សេងៗគ្នាបានសាងសង់ឡើង ដើម្បីរំឭករូបគាត់ ព្រមទាំងមានសិលាចារឹកថ្លែងសរសើរអំពីគុណសម្បត្តិរបស់គាត់មកជាមួយគ្នាថែមទៀតផង ។

Cette image a un attribut alt vide ; le nom du fichier est cornelis_de_vos_-_alexander_and_diogenes.jpg
ស្ដេចអាឡេចសង់ និង ឌីយ៉ូីសែន (គំនូរគូរដោយ Cornelis de Vos នៅសតវត្សរ៍ទី១៧)

បើលោកអ្នកបានអានអត្ថបទ មកដល់ត្រឹមនេះ សូមសរសើរ ! នេះមានន័យថា លោកអ្នកច្បាស់ជាចូលចិត្តទស្សនវិជ្ជា ។ ដើម្បីស្វែងយល់មុខវិជ្ជាទស្សនវិជ្ជាបន្តទៀត សូមលោកអ្នក បន្តអាន សៀវភៅនិពន្ធដោយ លោក វ៉ាន់ឌី កាអុន ដែលមានចំណងជើងថា ៖ «ទិដ្ឋភាពទូទៅ នៃទស្សនវិជ្ជា ចាប់តាំងពី សតវត្សរ៍ ទី៦ មុនគ្រឹស្តសករាជ រហូតមកដល់ សម័យបច្ចុប្បន្ន» ។ ប្រិយមិត្តអ្នកអាន អាចរក និង ជាវ សៀវភៅនេះ តាមបណ្តាបណ្ណាគារ ដែលមាននៅលើគេហទំព័រ នៃ សមាគម ពន្លឺ

Cette image a un attribut alt vide ; le nom du fichier est livre-philo-vandy-kaonn.jpg