ទស្សនវិជ្ជា ពីនេះ ពីនោះ

កម្រងអត្ថបទខ្លីៗ ប្រែសម្រួលដោយ សមាគមពន្លឺ

ហេតុអ្វីបានជាគេសួរសំណួរច្រើនយ៉ាងនេះ ?

កុមារ តែងតែសួរសំណួរច្រើនគ្រប់បែបយ៉ាង ។ ជាញឹកញាប់ សំណួរដែលគេសួរ គឺជាសំណួរសំខាន់ៗខ្លះដែរ ។ តើយើងគួរធ្វើដូចម្តេច? តើឪពុកម្តាយ ត្រូវឆ្លើយសំណួរសុីជម្រៅរបស់កូនឬទេ? ហេតុអ្វីក៏ឪពុកម្តាយ ត្រូវឆ្លើយសំណួរទាំងនោះ ជំនួសកុមារ ?

សៀវភៅនេះ គ្មានបំណង បដិសេធចម្លើយទាំងឡាយរបស់ឪពុកម្តាយឡើយ ៖ ចម្លើយរបស់ឪពុកម្តាយ ពិតជាអាចជួយកុមារឲ្យលូតលាស់ ប៉ុន្តែទន្ទឹមនេះ ឪពុកម្តាយ គួរតែបង្ហាត់ បង្រៀនកុមារឲ្យចេះគិត និង ចេះវិនិច្ច័យដោយខ្លួនឯង ដើម្បីឲ្យកុមារអាចក្លាយជាមនុស្សឯករាជ និង ចេះទទួលខុសត្រូវ ។

ក្នុងកម្រងសៀវភៅ PhiloZenfants (ទស្សនវិជ្ជាសម្រាប់កុមារ) រាល់សំណួរនីមួយៗ មានចម្លើយជាច្រើន ។ ចម្លើយខ្លះ ច្បាស់លាស់ ចម្លើយខ្លះពិបាកយល់ ចម្លើយខ្លះគួរឲ្យភ្ញាក់ផ្អើល ហើយចម្លើយខ្លះទៀតជា ចម្លើយ ដែលយើងគិតស្មានមិនដល់តែម្តង ។ រាល់ចម្លើយទាំងនោះ នឹងបង្កើតសំណួរថ្មីៗផ្សេងទៀត ពីព្រោះ ការគិតគឺជាផ្លូវដ៏វែងឆ្ងាយមួយដែលគ្មានទីបញ្ចប់ ។

ដូច្នេះហើយ ពេលខ្លះការដេញដោលគ្នារហូតដល់ចុងក្រោយ បែរជារកចម្លើយដាច់ខាតណាមួយ មិនឃើញទៅវិញ ប៉ុន្តែនេះ មិនមែនជាបញ្ហាឡើយ ។ សំណួរខ្លះ មិនចាំបាច់មានចម្លើយមួយដ៏ច្បាស់លាស់នោះទេ ។ គេអាចចូលចិត្តសួរសំណួរមួយ ដោយសារសំណួរនោះ នាំផ្លូវឲ្យយើងគិតអំពីប្រធានបទមួយ ដែលមានន័យជ្រៅ ឬ ន័យ  ប្លែកៗខុសគ្នា តាមការយល់ឃើញរបស់មនុស្សម្នាក់ៗ ។ ឧទាហរណ៍៖ ជីវិត ស្នេហា សម្ផស្ស សភាវៈល្អ នៅតែចោទជាសំណួរមិនចេះចប់ មិនចេះហើយដដែលៗ ។

ប៉ុន្តែ ការចោទសួរ បើកផ្លូវឲ្យមានការសាកល្បងតាមផ្លូវគំនិតផ្សេងៗ ។ យើង គួរតែបន្តការស្រាវជ្រាវទៅលើផ្លូវគំនិតនីមួយៗ ដោយចាត់ទុកថាផ្លូវគំនិតទាំងនោះ ជាមិត្តភ័ក្រ្តពិតប្រាកដ ដែលតែងតែដាស់តឿនមនសិការរបស់យើងមិនឲ្យរលត់បាត់ ។ ការដេញដោលគំនិត នាំមកនូវការរីកចម្រើនដល់កុមារ និង ឪពុកម្តាយផងដែរ ។ ដូច្នេះ យើងទាំងអស់គ្នា គួរបន្តដេញដោលគំនិតឲ្យបានវែងឆ្ងាយឥតឈប់ឈរកុំបីខាន ។

លោក អូស្ការ៍ ប្រឺណីហ្វែរ (Oscar Brenifier)

 « តើសុភមង្គលគឺជាអ្វី ? » (©Nathan ឆ្នាំ២០១៣) បោះពុម្ពដោយ សមាគមពន្លឺ