ទស្សនវិជ្ជា ពីនេះ ពីនោះ

កម្រងអត្ថបទខ្លីៗ ប្រែសម្រួលដោយ សមាគមពន្លឺ

តើគេអាចប្រើ «គំនិតរិះគន់» យ៉ាងដូចម្ដេច ដើម្បីស្វែងរកសេរីភាព?

ប្រវត្តិ នៃ «គំនិតរិះគន់» (l’esprit critique) នៅទ្វីបអឺរ៉ុប

ការកើតឡើង នៃ «គំនិតរិះគន់» បដិសន្ធិនៅសម័យក្រិកបុរាណ គឺនៅពេលដែលទីក្រុងអាថែន បានក្លាយទៅជា មជ្ឈមណ្ឌល នៃ របបនយោបាយមួយថ្មី ដែលគេហៅថា ប្រជាធិបតេយ្យ ។ នៅសតវត្សទី៥ មុនគ្រឹស្ដ សករាជ បុរីជនសម័យនោះ ជួបជុំគ្នាជាញឹកញាប់ដើម្បីបញ្ចេញមតិផ្សេងៗ លើប្រធានបទជាច្រើន នៅក្នុងការតស៊ូមតិ ។ ទម្លាប់ពិភាក្សាតទល់គ្នានេះ ដែលពេលខ្លះមានបរិយាកាសប្រទូសរ៉ាយគ្នា ឬពេលខ្លះទៀត ប្រកបដោយមិត្តភាព ជាកម្លាំងចលករដ៏ខ្លាំងពុះកញ្ជ្រោល ដែលជាប្រភព នៃ គំនិត និង ទ្រឹស្តី(doctrines)  យា៉ងហូរហារ ។ ទោះបីសព្វថ្ងៃនេះ ប្រជាជាតិអឺរ៉ុប បានបោះបង់ចោលគំនិត និង ទ្រឹស្តីមួយចំនួនយ៉ាងណាក៏ដោយ ក៏ពួកគេ នៅតែបន្តទម្លាប់ ពិនិត្យវែកញែក និង វិនិច្ឆ័យ ទៅលើឧបទេស (discours) ផ្សេងៗជាហូរហែរមកដល់បច្ចុប្បន្ន ហើយទម្លាប់តស៊ូមតិនេះ ក៏បានក្លាយទៅជាផ្នត់គំនិត និង វិធីសាស្រ្តក្នុងការពិភាក្សា  ដែលឈរលើមូលដ្ឋានឧត្តមធម៌ (valeur) មួយ គឺ សេរីភាព ។

«គំនិតរិះគន់» និង ទស្សនវិជ្ជាក្រិក មានឫសគល់តាំងពីសម័យក្រិកបុរាណដូចគ្នា ហើយ គេប្រហែលអាចនិយាយបានដែរថា «គំនិតរិះគន់» និង ទស្សនវិជ្ជាក្រិក តាមពិតទៅ ជាវិស័យតែមួយ ។ នាសម័យនោះ    សូក្រាត (Socrate) បានចោទប្រកាន់របៀបពិចារណា បំពាននិយម (sophisme) ដែលជាផ្លូវកាត់ក្នុងការស្វែងរកការពិត ។ វិចារណកម្ម  (raisonnement) ផ្លូវកាត់តាមរបៀបបំពាននិយមនេះ មិនអាចទប់ទល់នឹងការសួរដេញដោលសុីជម្រៅបានឡើយ ។

រហូតមកដល់សព្វថ្ងៃនេះ មានទស្សនវិទូជាហូរហែរ បានប្រកាន់យកគោលការណ៍របស់ សូក្រាត ហើយទស្សនវិទូមានដូចជា Francis Bacon, René Descartes, David Hume, Emmanuel Kant បានខិតខំកសាងមូលដ្ឋានគ្រឹះ នៃ «គំនិតរិះគន់» តៗគ្នាយ៉ាងខ្ជាប់ខ្ជួន ។ គេក៏អាចនិយាយផងដែរថា បដិវត្តន៍បារាំង ក៏បានយក ធម្មានុរូបភាព នៃ វិចារណញ្ញាណ (légitimité  de la raison) ជាដួងព្រលឹង នៃ ផែនការសម្រាប់ផ្លាស់ប្តូរសង្គមបារាំង ។ ពាក្យ «រិះគន់» (critique) ចេញពីភាសាក្រិក គឺ kritikos-krinein ដែលមានន័យជាភាសាខ្មែរថា «មានសុភវិនិច្ឆ័យ» (discerner) «ដឹងខុសត្រូវ» (juger) និង «សម្រេចចិត្ត» (décider) ។ បច្ចុប្បន្ននេះ បើតាមភាសាបារាំង  ពាក្យ «រិះគន់»នេះ មានន័យពីរ ៖ ទីមួយ គឺការគិតដោយខ្លួនឯង មិនរណបនឹងអ្វីមួយ រីឯន័យទីពីរគឺ ការនិយាយបង្អាប់បង្អោន ។

ដោយឡែក ប្រជាជនបារាំង ចូលចិត្តទៅចូលរួមវេទិកាតស៊ូមតិ ហើយនេះ គឺជាសកម្មភាពដែលគេប្រកាន់  ខ្ចាប់ ។ ប៉ុន្តែសព្វថ្ងៃនេះ ជារឿយៗ ការតស៊ូមតិ ក្លាយទៅជា ការរិះគន់សុទ្ធសាធតែម្តងទៅវិញ (esprit de critique) ពោលគឺ ការបុិនប្រសប់និយាយប្រឆាំងគ្នា ការចាប់ចំណុចខ្សោយគ្នា ឬ ការចង្អុលដាក់គ្នា លើចំណុចខ្វះខាតផ្សេងៗក្នុងទ្រឹស្តីណាមួយ ក្នុងគោលបំណងបង្អាប់បង្អោន ដោយមិនសមហេតុផល និង ដោយមិនផ្អែកទៅលើទឡ្ហីករណ៍ ដែលមានលក្ខណៈត្រឹមត្រូវអាចទទួលយកបាន ។ រីឯ «គំនិតរិះគន់» វិញ (esprit critique) គឺជាមធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដោយផ្អែកលើប្រាជ្ញា និងការចេះដឹង ។

ដើម្បីអនុវត្ត «គំនិតរិះគន់» ឲ្យបានល្អ ដំបូង យើងត្រូវហាត់រៀន កុំទុកចិត្តយោបល់ផ្ទាល់ខ្លួនហួសហេតុពេក ។ ពិតមែនហើយ វិចារណកម្មរបស់យើង ងាយនឹងវង្វេងផ្លូវតាមបែបបទផ្សេងៗ ។ ជួនកាល យើងខ្វះ ពត៌មានមួយចំនួន សម្រាប់យកមកបំពេញបន្ថែមក្នុងការវិនិច្ឆ័យ ។ មុខងាររបស់មនុស្សម្នាក់ៗនៅក្នុងសង្គម ឬ ការទំនាក់ទំនងក្នុងចំណោមក្រុមមនុស្សដែលយើងរាប់អានយ៉ាងជិតស្និទ្ធក្នុងជីវិតប្រចាំថ្ងៃ ឬ ស្គាល់គ្នាតាម    បណ្តាញអុីនធ័រណិត អាចនាំឲ្យយើងមានគំនិតលម្អៀង ដូច្នេះហើយ យើងតែងតែខ្វះអាព្យាក្រឹត្យ នៅពេលដែលយើងវាយតម្លៃពត៌មានទាំងនោះ ពីព្រោះ យើងទទួលឥទ្ធិពលយ៉ាងខ្លាំងពីក្របខណ្ឌវប្បធម៌ ដោយមិនដឹងខ្លួន ។

ការគិតតាមវិធីសាស្រ្ត «គំនិតរិះគន់» គឺជាការត្រិះរិះ ដោយត្រួតពិនិត្យលើគំនិតរបស់ខ្លួនឯង ដែលមានស្រេច ជាមុនសិន ក្នុងគោលដៅច្បាស់លាស់មួយ គឺឯករាជ នៃ សុភវិនិច្ឆ័យ ក្នុងដំណើរស្វែងរកសេរីភាព ។ ដើម្បីបន្តដំណើរនេះ សេក្តីក្លាហាន គឺជាល័ក្ខខ័ណ្ឌចំបង ដោយហេតុថា សេចក្តីល្ងង់ខ្លៅ និង កំហុសឆ្គងទាំងឡាយ ច្បាស់ជារង់ចាំយើងនៅផ្លូវខាងមុខ ដែលទាមទារឲ្យយើងប្រុងប្រៀបខ្លួនជាសេ្រច ដើម្បីទទួលស្គាល់រាល់បញ្ហាទាំងអស់នោះ ។ យើង ក៏ត្រូវការសេចក្ដីក្លាហាន ដោយហេតុថា មជ្ឈដ្ឋានវប្បធម៌នៅជុំវិញយើង ជួនកាលមិនអនុញាតឲ្យយើង ចោទសួរទៅលើអ្វីដែលសង្គមកំណត់ជាស្រេច ដូចជា សត្យានុម័ត (objectif) និយាម (normal) និង ភាពត្រឹមត្រូវអាចទទួលយកបាន (légitime)

ការស្រាយបំភ្លឺ របស់ទស្សនវិទូ តេអូដ័រ អាដូរណូ (Theodor Adorno)

ជាទស្សនវិទូ ជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៩០៣ ហើយរលត់សង្ខារ នៅឆ្នាំ១៩៦៩ ។ លោកទើសទាល់ខ្លះដែរ នូវនិយមន័យ «គំនិតរិះគន់»ដែលទស្សនវិទូមុនៗបានកំណត់ ។ លោក ចាត់ទុកថា កុងសឹប (concept) «គំនិតរិះគន់» នេះ មិនសូវច្បាស់លាស់ទេ ព្រមទាំងមានលក្ខណៈមនោគតិ (idéaliste) ពេក ។ អាដូរណូ ជឿជាក់យ៉ាងមុតមាំថា «គំនិតរិះគន់» ចាក់ឫសក្នុងការឈឺចាប់របស់មនុស្ស ហើយមួយចំណែក នៃ ការឈឺចាប់នេះ បណ្តាលមកពី ភាពស្រពិចស្រពិលក្នុងអារម្មណ៍ ដោយបុគ្គលបានក្លាយទៅជាទាសករ ងាកទៅបម្រើសេចក្តីត្រូវការរបស់សង្គមទៅវិញ ។ ដូច្នេះហើយ អាដូរណូ ក៏បានអះអាងថា គោលដៅ នៃ «គំនិតរិះគន់» គឺការចេញឲ្យផុតពី ការគាបសង្កត់ ពោលគឺចេញឲ្យផុតពីទាសភាព (émancipation) ។

ដើម្បីចេញឲ្យផុតពីការគាបសង្កត់ ឆ្ពោះទៅរកសេរីភាពនេះ ជាដំបូង យើងត្រូវតែទទួលស្គាល់ នូវអ្វីៗដែលសង្គមផ្តល់មកឲ្យយើងសិន ។ បន្ទាប់មក យើងក៏គួរតែ លើកឡើងនូវគំនិតថ្មីៗផ្សេងទៀតផងដែរ ។ ដូច្នេះហើយ «គំនិតរិះគន់»មិនមែនគ្រាន់តែជាឧបករណ៍ សម្រាប់ឲ្យយើងប្រើដើម្បីរិះគន់អ្វីៗដែលខ្វះចន្លោះក្នុងសង្គមតែប៉ុណ្ណោះទេ ។ នេះគ្រាន់តែជាដំណាក់កាលទីមួយ ហើយបន្ទាប់មក អ្វីដែលសំខាន់ជាងនេះ គឺយើងត្រូវមានសមត្ថភាពពន្យល់ អំពីមូលហេតុផ្សេងៗ ដែលបណ្តាលឲ្យមានបញ្ហាក្នុងសង្គម ដោយមិនផ្អែកទៅលើចំណូលចិត្តផ្ទាល់ខ្លួននោះឡើយ ហើយលើសពីនេះទៅទៀត យើងក៏ត្រូវលើកឡើងនូវជម្រើសផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាផងដែរ ។

និយាយដោយខ្លីទៅ «គំនិតរិះគន់» មិនត្រឹមតែមានន័យថា ចោទប្រកាន់តែមួយមុខប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយដើម្បីជំរុញសង្គមមួយប្រកបដោយ សេរីភាព យុត្តិធម៌ និង វិចារណភាព (rationnalité) ទៅមុខមួយកម្រិតទៀត ។ យើងអាចសង្កេតឃើញជាថ្មីម្តងទៀតថា «គំនិតរិះគន់»ខុសទាំងស្រុងពី ការនិយាយប្រឆាំងគ្នាសុទ្ធសាធតែម្តង ពីព្រោះ គោលបំណង នៃ «គំនិតរិះគន់»មិនមែនគ្រាន់តែជាការរិះគន់តែមួយមុខប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ «គំនិតរិះគន់»គឺជាការរិះគន់ ក្នុងគោលបំណងផ្លាស់ប្តូរសង្គម ឲ្យចេញផុតពីការគាបសង្កត់ ។

ការអនុវត្ត «គំនិតរិះគន់» ជាពីរតំណាក់កាល

បច្ចុប្បន្ននេះ នៅលើពិភពលោក ហើយសូម្បីតែនៅប្រទេសបារាំងផងដែរ គេមិនសូវសួរដេញដោល កុមារ និង យុវជនថា ៖ តើគេគួរតែធ្វើយា៉ងដូចម្តេចដែរ ដើម្បីបញ្ជាក់ថា អ្វីដែល ពិត និង អ្វីដែលត្រឹមត្រូវ គឺពិត និង ត្រឹមត្រូវដូចគេនិយាយអ៊ីចឹងមែនឬ ? ដោយហេតុថា «គំនិតរិះគន់» ស្ថិតនៅលើការវាស់ស្ទង់នូវចំណេះ និង ការយល់ដឹងរបស់ខ្លួន ដូច្នេះហើយ តាមរយៈនេះ គេអាចរៀនអនុវត្ត «គំនិតរិះគន់» បាន ។ ប្រសិនបើ យើងចង់ជំរុញបុគ្គលប្រកាន់យក «គំនិតរិះគន់» ឲ្យបានខ្ជាប់ខ្ជួន (ប៉ុន្ដែ តាមពិតទៅ តើយើងមានឆន្ទៈនេះដែរឬទេ ?) ការរៀបចំវេទិកាតស៊ូមតិ ច្បាស់ជាមិនគ្រប់គ្រាន់ឡើយ ។ អ្នកចូលរួមត្រូវមានការចេះដឹង ផ្នែកវិធីសាស្រ្តសួរសំណួរចំចំណុច (problématisation)  និង ផ្នែកវិចារវិទ្យា (dialectique) ហើយគេគួរតែទទួលការបណ្តុះបណ្តាលក្នុងផ្នែកទាំងពីរនេះជាមុនសិន ។

ទស្សនវិទូបារាំង ហ្សុីល ដឺឡឺស្ស (Gilles Deleuze) បានលើកឡើងថា៖ «ការចោទសួរលើបញ្ហាណាមួយ រមែងមានដំណោះស្រាយមួយ ដែលសុីគ្នាទៅនឹងរបៀបសួរសំណួរ» ។ អ្នកដែលចេះប្រើវិធីសាស្រ្តសួរសំណួរចំចំណុច គឺជាអ្នកមានសមត្ថភាព ស្វែងរកសច្ចភាព ដោយប្រើ «គំនិតរិះគន់» នៅពេលដែលគេប្រឈមមុខនឹងស្ថានភាពមួយ ដ៏លំបាកស្មុគស្មាញ ឬ ពោរពេញទៅដោយទំនាស់ ពោលគឺខិតខំប្រឹងប្រែងជ្រើសរើសពាក្យដែលត្រឹមត្រូវ ដើម្បីបង្កើតសំណួរដេញដោលគ្នាបន្តទៅមុខទៀត ។ ការដេញដោលគ្នាតាមរបៀបខាងលើនេះ នាំឲ្យគេ អាចយល់ដឹងបន្តិចម្តងៗ អំពីអនុទស្សន៍ (représentations) របស់ខ្លួនផ្ទាល់ ហើយក៏នាំឲ្យគេអាចពិនិត្យឡើងវិញ នូវការពិតដែលគេជឿ ។ ជាចុងក្រោយ គេអាចរកឱកាសដកឃា្លបន្តិច ដើម្បីពិនិត្យមើលរាល់យោបល់ ដែលគេបានលើកឡើងជាហូរហែរ ។ ហេតុដូច្នេះហើយ វិធីសាស្រ្តសួរសំណួចំចំណុច ជាទូទៅ មិនបង្កើតសំណួរស្រួលៗ ឬ សម្រាប់សប្បាយឡើយ ។ ផ្ទុយទៅវិញ វិធីសាស្រ្ដសួរសំណួរបែបនេះ ជាញឹកញាប់ លើកឡើងអំពីអ្វី ដែលសង្គមលាក់បាំងមិនឲ្យនិយាយ (tabou) ។

នេះជាតំណាក់កាលទីមួយ ហើយបន្ទាប់មកទៀត យើងនឹងរៀបរាប់អំពី វិចារវិទ្យា (dialectique) ក្នុងតំណាក់កាលទីពីរខាងក្រោមនេះ ។ វិចារវិទ្យា គឺជាការតទល់គ្នា រវាងគំនិតពីរផ្ទុយគ្នា ទៅលើប្រធានបទមួយ ។ វិចារវិទ្យា ចែកជាបីតំណាក់កាល ៖ ទីមួយ រៀបរាប់អំពីគំនិតស្របមួយ ទីពីររៀបរាប់អំពីគំនិតផ្ទុយ និង ទីបីផ្សែផ្សំទាំងគំនិតស្រប និង គំនិតផ្ទុយ ដើម្បីរកផ្លូវទីបីសម្រាប់ដើរឲ្យហួសពីដែនកំណត់ នៃ គំនិតដើមទាំងពីរខាងលើនោះ ។ វិចារណកម្មបែបវិចារវិទ្យានេះ (raisonnement dialectique) គេអាចហាត់គិត នៅក្នុងខួរក្បាលតែម្នាក់ឯងក៏បាន ឬ គេអាចហាត់គិត ជាក្រុមក៏បានដែរ ។ គេក៏អាចប្រើរបៀបហ្មត់ចត់ដូចនៅសាលា ឬ តាមរបៀបនិយាយដេញដោលគ្នាលេង (ដូចអាយ៉ៃឆ្លើយឆ្លង[1]) ។ ប៉ុន្តែ ដើម្បីដេញដោលគ្នា ដោយគោរពគ្នាទៅវិញទៅមក គេគួរតែគោរពវិធានខ្លះៗផងដែរ ។

ទស្សនវិទូអាឡឺម៉ង់ យួរហ្គឹន ហាប័រម៉ាស Jürgen Habermas ដែលបានពិចារណាទៅលើ «ក្រមសីលធម៌ នៃ ការជជែកវែកញែក» បានលើកឡើងនូវលក្ខខ័ណ្ឌដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលយើងនឹងយកមករៀបរាប់ ជាឧទាហរណ៍មួយ ។ បើយោងតាម ហាប័រម៉ាស មានលក្ខខ័ណ្ឌបី ដែលគេគួរគោរព នៅពេលគេបើកការពិភាក្សាគ្នា៖រាល់អ្នកចូលរួមពិភាក្សា មានសិទ្ធិនិយាយស្មើគ្នា

– រាល់អ្នកពាក់ព័ន្ធក្នុងកិច្ចពិភាក្សា មានសិទ្ធិរៀបរាប់ និង ការពារគោលជំហររបស់ខ្លួនដោយសេរី
– អ្នកចូលរួមទាំងឡាយ ព្រមទទួលស្គាល់ នូវកម្រិតគុណភាព នៃ ទឡ្ហីករណ៍ប្រកបដោយវិចារណញ្ញាណ នៃគូរបដិបក្ខរបស់ខ្លួន ។

លើសពីនេះទៅទៀត អ្នកចូលរួមម្នាក់ៗ គួរតែគោរពវិធានទាំងបួន ដូចខាងក្រោមនេះដែរ ៖

– លក្ខណៈច្បាស់លាស់ នៃ ទឡ្ហីករណ៍ ៖ អ្វីដែលគេលើកឡើង គួរតែច្បាស់លាស់គ្រប់គ្រាន់ ដើម្បីឲ្យអ្នកចូលរួមទាំងឡាយអាចយល់បាន
– សច្ចភាព (la véracité) ៖ អ្វីដែលគេលើកឡើង គួរតែផ្អែកលើ ការណ៍ពិត (faits réels) និង ព្រឹត្តិការណ៍ដែលបានកើតឡើងពិតមែន (faits avérés)
– សេចក្តីស្មោះត្រង់ ៖ ម្នាក់ៗត្រូវតែក្លាហាន យល់ស្រប នឹងគំនិតដែលអ្នកផ្សេងលើកឡើង
– ធម្មានុរូបភាព (légitimité) ៖ ត្រូវតែមានភស្តុតាង សម្រាប់ការពារគោលជំហរនូវអ្វីដែលគេលើកឡើង ហើយមិនគួរបំពាន ពោលគឺត្រូវផ្អែកលើមូលដ្ឋានមួយរឹងមាំ ។ គោលជំហរនោះ អាចមានលក្ខណៈអត្តនោម័ត (subjectif)  បុ៉ន្ដែ វាក៏ត្រូវតែមានលក្ខណៈសមស្រប (rationnel) ផងដែរ ។

តាមពិតទៅ វិចារវិទ្យា (dialectique) ត្រូវការជាចាំបាច់នូវល័ក្ខខ័ណ្ឌជាចំបង គឺ សេរីភាពបញ្ចេញមតិ និង ការទទួលស្គាល់មតិចម្រុះ (pluralisme des visions) ។ វិចារវិទ្យានេះ ក៏មានតួនាទី ពង្រឹងសេរីភាពបញ្ចេញមតិ និង មតិចម្រុះ ផងដែរ ដូចដំណើរវិលសាចុះសាឡើង ។

យើងខ្ញុំសង្ឃឹមថា តាមរយៈបទបង្ហាញដោយសង្ខេបនេះ លោកអ្នក អាចយល់ឃើញថា «គំនិតរិះគន់» មិនមែនជាល្បែងបញ្ចេញប្រាជ្ញាតែមួយមុខទេ ឬ ជាឧបករណ៍ដើម្បីចោទប្រកាន់នូវអ្វីៗដែលគេមិនចូលចិត្តនោះទេ ។ ផ្ទុយទៅវិញ «គំនិតរិះគន់» ជាមធ្យោបាយមួយ ដែលអាចជួយរុញច្រានមនុស្សជាតិ ឲ្យឈានទៅដល់កម្រិតមួយខ្ពស់ ។ ដូច្នេះហើយ ការបណ្ដុះ «គំនិតរិះគន់» អាចពង្រឹងស្មារតី និង ការទុកចិត្តលើឯករាជផ្លូវគំនិតរបស់បុគ្គល ព្រមទាំងជាមធ្យោបាយសម្រាប់ បង្កើតការយោគយល់គ្នាទៅវិញទៅមក រវាងវប្បធម៌ផ្សេងៗក្នុងពិភពលោក ៕


ប្រែសម្រួលមកជាភាសាខ្មែរ ពីអត្ថបទជាភាសាបារាំង របស់ អ្នកស្រី ម៉ារីយ៉ុង ហ្សឺនែវរ៍ (Marion Genaivre) ដោយ វណ្ឌី រតនា និង សារ៉ា អូលីវៃរ៉ា

© សមាគមពន្លឺ

អត្ថបទជាភាសាខ្មែរ ៖ រក្សាសិទ្ធគ្រប់បែបយ៉ាង ដោយ សមាគមពន្លឺ 
ហាមបោះពុម្ពផ្សាយបន្ត ដោយគ្មានការអនុញ្ញាត

[1] ពន្យល់បន្ថែមដោយអ្នកបកប្រែ


បើលោកអ្នកបានអានអត្ថបទ មកដល់ត្រឹមនេះ សូមសរសើរ ! នេះមានន័យថា លោកអ្នកចូលចិត្តទស្សនវិជ្ជា ។ ដើម្បីស្វែងយល់មុខវិជ្ជាទស្សនវិជ្ជាបន្តទៀត សូមលោកអ្នក បន្តអាន សៀវភៅនិពន្ធដោយ លោក វ៉ាន់ឌី កាអុន ដែលមានចំណងជើងថា ៖ «ទិដ្ឋភាពទូទៅ នៃទស្សនវិជ្ជា ចាប់តាំងពី សតវត្សរ៍ ទី៦ មុនគ្រឹស្តសករាជ រហូតមកដល់ សម័យបច្ចុប្បន្ន» ។ ប្រិយមិត្តអ្នកអាន អាចរក និង ជាវ សៀវភៅនេះ តាមបណ្តាបណ្ណាគារ ដែលមាននៅលើគេហទំព័រ នៃ សមាគម ពន្លឺ